បទវិចារណកថា៖ ការពារ​លទ្ធិប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស

រូបឯកសារ៖ សៀវភៅ​មួយ​ក្បាល ត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើ​ដី​នៅ​ទីធ្លា​សាលា​រៀន​មួយ​កន្លែង​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​រដ្ឋាភិបាល​ក្នុង​ក្រុង Tel Rifaat ជាយ​ក្រុង Aleppo ប្រទេស​ស៊ីរី។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

តម្លៃ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ឋិត​ក្រោម​ការ​គំរាម​កំហែង​នៅ​ទូទាំង​ពិភព​លោក។ ​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ពួក​សមាជិក​សង្គម​ស៊ីវិល​ ក្រុម​អ្នក​កាសែត ​និង​ប្រជា​រាស្ត្រ​សាមញ្ញ​ដែល​ប្រើប្រាស់​សិទ្ធិ​ពួក​គេ​ក្នុង​ការ​សម្តែង​មតិ​ដោយ​សេរី ​និង​ក្នុង​ការ​រួម​ប្រជុំ​គ្នា​ដោយ​សន្តិវិធី​នោះ ​ប្រឈម​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សាពី​ពួក​មេ​ដឹកនាំ​ផ្តាច់ការ។​

ការ​អនុញ្ញាត​ឱ្យ​សកម្ម​ភាព​បែប​នេះ​ មាន​ត​ទៅ​ទៀត​ដោយ​គ្មាន​ការ​ជំទាស់​ មិន​មែន​គ្រាន់តែ​ជា​ការ​បោះបង់​ក្រុម​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​ទេ ​តែ​ក៏​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។ ​ជា​ញឹកញយ បណ្តាប្រទេស​មាន​របប​ផ្តាច់ការនយោបាយសង្កត់សង្កិន ​នឹង​មាន​អស្ថិរភាព​ក្នុង​រយៈ​ពេល​យូរ​ ហើយ​ពួក​គេ​នាំ​ឱ្យ​មាន​អស្ថិរ​ភាព​ក្នុង​តំបន់ ​និង​ក្នុង​ពិភពលោក​ផង​ដែរ។ ​ជាញឹក​ញាប់ ​របប​គ្រប់គ្រង​ទាំង​នេះ​ គំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​នៃ​ប្រទេស​ជាតិ​ឯ​ទៀតៗ។ ​ ការ​គាំពារ​សិទ្ធិ​មនុស្ស​ មិន​មែន​គ្រាន់តែ​ត្រឹមត្រូវ​តាម​តម្លៃ​អាមេរិកាំង​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​ជា​ការ​គាំទ្រ​ដល់​ស្ថិរភាព​ និង​ភាព​សំបូរ​រុងរឿង​ផង​ដែរ។​

ព្រោះ​ហេតុ​នេះ​ហើយ ​បាន​ជា​ក្រសួង​ហិរញ្ញវត្ថុ​សហ​រដ្ឋ​អាមេរិក​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​ចុច​ឈ្មោះ​ដាក់ទណ្ឌកម្ម​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​កង​ទ័ព​អាកាស​ស៊ីរីពីរ​នាក់​ ដែល​មាន​ទាក់ទិន​នឹង​ការ​សម្លាប់​ជន​ស៊ីវិល​ក្នុង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី ​និង​មន្ត្រី​ជាន់​ខ្ពស់​បី​នាក់​នៃ​ក្រុម​សង្កត់សង្កិន​សន្តិសុខ ​និង​ស៊ើប​ការណ៍​សម្ងាត់​របស់​ប្រទេស​ស៊ីរី។​ អង្គការ​ដែល ពួក​ជន​ទាំង​នេះ​ជាប់​ពាក់ព័ន្ធ​ បាន​ដាក់​គុក​ជនជាតិ​ស៊ីរី​រាប់សែន​នាក់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ជន​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី។ ​ម្យ៉ាង​វិញ​ទៀត​ ​អង្គការ​សិទ្ធិ​មនុស្ស​បាន​រាយ​ការណ៍​ថា​ មានអ្នកទោស​យ៉ាង​តិច​ណាស់​១៤.០០០​នាក់​ក្នុង​ប្រទេស​ស៊ីរី​ បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណ​កម្ម។ ​ការ​ចុច​ឈ្មោះ​ជន​ទាំង​នេះ​ដើម្បី​ដាក់​ទណ្ឌកម្ម​ ជា​វិធានការ​សំខាន់​មួយ​ទៀត​សម្រាប់​ធ្វើ​ឱ្យ​របប​គ្រប់គ្រង​របស់​លោក​ Assad ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដល់​ការ​រំលោភ​ប្រឆាំង​នឹង​ជនជាតិ​ស៊ីរី។​

បន្ថែម​លើ​នេះ​ ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​អ៊ីរ៉ង់​៧​នាក់​និង​អង្គភាព​ពង្រឹង​ច្បាប់ពីរ​ដែល​ទាក់​ទិន​នឹង​មុខនាទី​របស់​ពួក​គេ​ក្នុង​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​បាតុកម្ម​ កាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។​ ក្រសួង​ហរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក ​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​មេ​បញ្ជាការ​នៃ​ក្រុម​ស៊ើបការណ៍​សម្ងាត់​យោធា​ប្រទេស​អ៊ូហ្គាន់ដា ​គឺ​លោក​ឧត្តម​សេនីយ៍ទោ​ Abel Kandiho ​ដែល​ទាក់ទិន​នឹង​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Antony Blinken ​បាន​សរសើរ​ការ​ចុច​ឈ្មោះ​មន្ត្រី​ និង​អង្គភាព​ទាំង​នេះ​ដើម្បី​ដាក់​ទណ្ឌកម្ម​ ដែល​មាន​រួម​បញ្ចូល​ពួក​បុគ្គល​ដែល​សហភាព​អឺរ៉ុប ​បាន​ដាក់​ទណ្ឌកម្ម​កាល​ពី​មុន​ ដែល​ធ្វើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើ​កិច្ចការ​នេះ​កាន់តែ​ជិត​ស្និទ្ធ​ជា​មួយ​សម្ព័ន្ធមិត្ត ហើយ​«ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​ប្តេជ្ញា​រួម​គ្នា​របស់​យើង​ក្នុង​ការ​លើកស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»។​

សហ​រដ្ឋ​អាមេរិក ​ប្តេជ្ញា​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​សម្រាប់​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​លើ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក។ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Blinken​ បាន​មាន​ប្រសាសន៍​ថា ​«យើង​នឹង​បន្ត​រួម​សាមគ្គី​ជា​មួយ​ប្រជារាស្ត្រ​នៃ​ប្រទេស​ទាំង​នោះ​ និង​ប្រជារាស្ត្រ​ប្រទេស​ឯ​ទៀតៗ​ដែល​នៅ​តែ​មាន​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​តទៅ​ទៀត»៕