បទវិចារណកថា៖ ការលើក​កម្ពស់​សេរីភាព​សាសនា គឺជា​ភាពចាំបាច់​ផ្នែក​សីលធម៌

រូបឯកសារ៖ ពលរដ្ឋ​ប៉ាគីស្ថាន​ដែល​កាន់​សាសនា​គ្រិស្ត កាន់​បដា និង​ឈើឆ្កាង​ក្នុង​អំឡុងពេល​តវ៉ា​នៅ​ក្រុង​ការ៉ាឈី (Karachi) កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ចេញផ្សាយ​របាយការណ៍​ទី២៣របស់​ខ្លួន ​អំពី​សេរីភាព​សាសនា​អន្តរជាតិ។

លោក Daniel Nadel មន្ត្រី​ជាន់​ខ្ពស់​ការិយាល័យ​សេរីភាព​សាសនា​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​អំពី​ការ​ប្ដេជ្ញាចិត្ត​មិន​ងាករេ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​លើក​កម្ពស់​ និង​ការពារ​សេរីភាព​សាសនា​ ឬក៏​ជំនឿ​នានា​សម្រាប់​មនុស្ស​គ្រប់​គ្នា។

លោក Nadel បាន​សង្កត់ធ្ងន់​ថា សេរីភាព​សាសនា​ គឺជា«ភាព​ចាំបាច់​ផ្នែក​សីលធម៌»។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជាតិ​មួយ​ទទួល​បាន​ប្រយោជន៍​ដែល​មិន​អាច​វាស់វែង​បាន​ពី​ការ​ការពារ​ដែល​ផ្ដល់​ឲ្យ​ដោយ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​មួយ​ស្ដីពី​សិទ្ធិ​សេរីភាព​នានា ហើយ​ការណ៍​ដែល​ចង់​ឲ្យ​ប្រទេស​ដទៃ​ទៀត​ទទួល​បាន​ប្រយោជន៍​ដូច​នេះ​ដែរ ​គឺជា​រឿង​ធម្មតា»។

លោក Nadel បាន​បន្ថែម​ថា ជា​ឧទាហរណ៍ យើង​បាន​រកឃើញ​ថា ការ​ដាក់​កំហិត ​ឬ​សូម្បីតែ​ការ​ចាត់ទុក​ការ​បញ្ចេញ​មតិ​បែប​សាសនា​ថា​ជា​បទ​ឧក្រិដ្ឋ​ គឺ​មិនមែន​ជា​វិធី​ល្អ​នៅ​ក្នុង​ការ​លើក​កម្ពស់​ភាព​សណ្ដោស​ប្រណី ​និង​ភាព​សុខដុមរមនា​ផ្នែក​សាសនា​នោះ​ឡើយ។

លោក Nadel ថ្លែង​ដូច្នេះ​ថា៖ «ច្បាប់​ហាមឃាត់​ការ​រិះគន់​សាសនា ​មាន​ផល​មិន​ល្អ។ ជាង​នេះ​ទៀត សហរដ្ឋ​អាមេរិក ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផងដែរ​អំពី​ច្បាប់​ដែល​មាន​គោល​បំណង​ដាក់​កំហិត​លើ​សិទ្ធិ​របស់​មនុស្ស​នៅ​ក្នុង​ការ​ស្លៀក​សំលៀកបំពាក់​សាសនា ឬ​ពាក់​និមិត្ត​សញ្ញា​សាសនា​នានា ឬ​ក៏​អំពី​ច្បាប់​ដែល​ចាត់ទុក​ការ​បញ្ចុះបញ្ចូល​នរណា​ម្នាក់​ឲ្យ​កាន់​សាសនា​ណា​មួយ​ថា​ជា​បទ​ឧក្រិដ្ឋ ឬ​ក៏​ច្បាប់​ដាក់​កំហិត​សិទ្ធិ​របស់​ឪពុក​ម្ដាយ​នៅ​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​បែប​សាសនា​ដល់​កូនៗ​របស់​ខ្លួន»។

លោក Nadel បាន​ពន្យល់​ថា ជា​ការពិត ការ​ដាក់​កំហិត​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល​លើ​ជីវិត​សាសនា​ធ្វើ​ឲ្យ​ពលរដ្ឋ​ឃ្លាតឆ្ងាយ​ពី​រដ្ឋាភិបាល​របស់​ខ្លួន​និង​អាច​បង្កើន​ឲ្យ​មាន​អំពើ​ហិង្សា។

លោក Nadel បាន​បញ្ជាក់​ដូច្នេះ​ថា៖ «អាជ្ញាធរ​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅតែ​បន្ត​រារាំង​ការ​បញ្ចេញ​មតិ​បែប​សាសនា​តាមរយៈ​ច្បាប់​ចុះ​បញ្ជី​សាសនា ឬ​ក៏​ការ​ដាក់​កំហិត​លើ​វត្ថុ​សាសនា​នានា។ ឥឡូវ​នេះ យើង​កាន់តែ​ឃើញ​រដ្ឋាភិបាល​មួយ​ចំនួន​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​តាម​អ៊ីនធឺណិត​ឲ្យ​មន្ត្រី​របស់​ខ្លួន​តាមដាន​ដិតដល់​និង​ដាក់​កំហិត​តឹងតែង​លើ​ការ​បញ្ចេញ​មតិ​បែប​សាសនា​តាម​អនឡាញ និង​ចាប់​ខ្លួន​ឬ​ក៏​យាយី​អ្នក​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​តាម​អនឡាញ​អំពី​សាសនា​ឬ​ក៏​ជំនឿ​ផ្សេងៗ»។

លោក Nadel បាន​បន្ត​រំឮក​ថា ពិភពលោក​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញា​លេចឡើង​ដំបូងៗ​ណា​មួយ​នៃ​លទ្ធភាព​ដែល​អាច​មាន​អំពើ​ឃោរឃៅ​កើតឡើង​នៅ​ជុំវិញ​ពិភពលោក។

លោក Nadel ថ្លែង​ដូច្នេះ​ថា៖ «នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ យើង​បាន​ឃើញ​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ពួក​អាយស៊ីស (ISIS) លើ​អ្នក​កាន់​សាសនា​យ៉េហ្សីឌី (Yezidism) អ្នក​កាន់​សាសនា​គ្រិស្ត និង​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​និង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។ យើង​បាន​ឃើញ​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ​នានា​ដូចជា​ការ​បោស​សម្អាត​ជាតិ​សាសន៍​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​យោធា​មីយ៉ាន់ម៉ា​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា (Rohingya) ជាដើម»។

លោក​បាន​ថ្លែង​បន្ត​ថា នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​កំពុង​ប្រព្រឹត្តិ «ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​អំពើ​ប្រល័យ​ពូជសាសន៍» លើ «ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) កាន់​សាសនា​ឥស្លាម និង​សមាជិក​នៃ​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​និង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ Xinjiang»។

លោក Nadel បាន​ប្រកាស​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​មាន​ទាំង​បែប​វិជ្ជមាន​និង​បែប​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដើម្បី​លើក​ដម្កើង [សេរីភាព​សាសនា]។ សម្រាប់​មនុស្ស​និង​សហគមន៍​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ដែល​រឿងរ៉ាវ​របស់​ពួកគេ​មាន​នៅ​ក្នុង​របាយការណ៍​នេះ សារ​របស់​យើង​នៅ​ថ្ងៃ​នេះ​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ដឹង​អំពី​រឿងរ៉ាវ​របស់​អ្នក ហើយ​យើង​នឹង​មិន​អាច​សម្រាក​បាន​ស្រួល​នោះ​ទេ​រហូត​ទាល់តែ​ដល់​ពេល​ដែល​អ្នក​មាន​សេរីភាព​រស់នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​និង​សន្តិភាព»៕