បទវិចារណកថា៖ កិច្ចកសាង​សន្តិភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​លើកដៃ​លា នៅពេល​លោក​ចាកចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល និង​តំបន់ West Bank ដែល​យន្តហោះ​លោក ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស Andrews នៅ​រដ្ឋ Maryland សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ពេល​ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​ដើម្បីបំពេញ​ការងារ​បន្ថែម​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នាក្នុង​តំបន់ Gaza។

លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍​ថា «ការណ៍​នេះ ​ចាប់​ផ្តើម​ដោយ​ការទទួល​ស្គាល់​ថា ការខាតបង់ដល់​ភាគី​ទាំង​ពី​រ​មានច្រើន»។

«ជា​ញឹកញយ​ចំនួន​មនុស្ស​ស្លាប់បានកាត់​បន្ថយ​ជា​តួលេខ តែ​នៅ​ពី​ក្រោយ​តួលេខទាំង​នេះ​ គឺជាមនុស្ស​ម្នាក់ ដែលជា​កូនស្រី​ម្នាក់ កូន​ប្រុសម្នាក់ ឳពុក​ម្នាក់ ម្តាយ​ម្នាក់​ ជីតាម្នាក់ ជីដូន​ម្នាក់ មិត្តភ័ក្តិល្អ​បំផុត​ម្នាក់។ ខ្ញុំ​បាន​បញ្ជាក់ប្រាប់​លោកនាយក​រដ្ឋមន្ត្រី អំពី​អ្វី​ដែល​លោកប្រធានាធិបតី​បានមានប្រសាសន៍​ច្បាស់លាស់នៅ​ពេលមានអំពើ​ហិង្សា​នោះ​គឺ​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​ពេញ​លេញដល់​សិទ្ធិ​របស់​អ៊ីស្រាអែលក្នុង​ការការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​វាយប្រហារដូចជារ៉ុក្កែតរាប់ពាន់​គ្រាប់ត្រូវ​បាញ់ដោយពួក​ Hamas ​ប្រឆាំង​នឹងជនស៊ីវិល​អ៊ីស្រាអែល​ជាដើម»។

លោករដ្ឋមន្ត្រី​ Blinken ​និង​អតីត​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាន​ពិភាក្សា​គ្នា​អំពីសេចក្តី​ត្រូវការខាងសន្តិសុខរបស់​អ៊ីស្រាអែល​ដោយ​មានរួម​បញ្ចូលការ​បន្ថែម​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome សម្រាប់​បាញ់ស្ទាក់រ៉ុក្កែត។ លោករដ្ឋមន្ត្រី​ Blinken បាន​បញ្ជាក់​ថា «យើង​នឹង​បន្ត​ពង្រឹងភាព​ដៃគូ​យូរយា​មក​ហើយ​របស់​យើង ហើយ​នេះ មាន​រួម​បញ្ចូលការ​ពិគ្រោះ​យោបល់ជាមួយ​អ៊ីស្រាអែល...អំពី​កិច្ច​ចរចាធ្វើឡើងនៅ​ក្រុង Vienne អំពីការ​វិលត្រឡប់ទៅ​កាន់​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់​វិញ ហើយនៅ​ពេល​ជា​មួយ​គ្នា​នោះ​ យើងបន្ត​ធ្វើការ​ជា​មួយ​គ្នាដើម្បី​ទប់ទល់​នឹងសកម្មភាព​បង្កើត​អស្ថិរភាពរបស់​អ៊ីរ៉ង់​ក្នុង​តំបន់​ផងដែរ»។

លោករដ្ឋមន្ត្រី​ Blinken បានពោលថា «យើង​ដឹង​ថា ដើម្បី​បញ្ចៀសកុំឱ្យ​មាន​អំពើហិង្សា​ឡើងវិញ​ យើង​ត្រូវ​តែដោះស្រាយបញ្ហា និង​ឧបសគ្គ​ជាមូលដ្ឋាន​ ហើយ​ការណ៍​នេះចាប់ផ្តើម​ដោយ​ការ​ដោះស្រាយ​ស្ថានភាព​មនុស្សធ៌មធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ Gaza»។

«សហរដ្ឋ​អាមេរិក​ នឹង​ប្រមូល​ការគាំទ្រ​អន្តរជាតិ​ដល់កិច្ចប្រឹងប្រែង​នេះ ហើយផ្តល់វិភាគទាន​ច្រើន​ក្រាស់ក្រែលរបស់​យើងផង​ដែរ។ យើង​នឹង​ធ្វើការ​ជា​មួយដៃគូ​របស់​យើងដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា ពួក Hamas មិន​បានទទួល​អត្ថប្រយោជន៍​ពី​ជំនួយ​សាងសង់​ឡើងវិញ​នេះទេ»។

លោករដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា «នៅ​ពេល​ជា​មួយ​គ្នា​នេះ យើង​ត្រូវពង្រីក​ឱកាសសម្រាប់​ជនជាតិ​ប៉ាឡេស្ទីនក្នុង​តំបន់ Gaza ​និង​ក្នុង​តំបន់ត្រើយ​ខាងលិច​នៃ​ទន្លេ Jordan ​ដោយ​មានរួម​បញ្ចូលការ​ពង្រឹងវិស័យ​ឯកជន​ ពង្រីក​ពាណិជ្ជកម្មនិង​វិនិយោគ និងមធ្យោបាយ​ឯ​ទៀតៗ​ផង​ដែរ»។

លោករដ្ឋមន្ត្រី​ Blinken បាន​និយាយថា «យើងមាន​ជំនឿ​ថា ជនជាតិ​ប៉ាឡេស្ទីន​ ​និង​អ៊ីស្រាអែល គួរតែ​អាច​រស់​នៅដោយ​សុវត្ថិភាព​និងសន្តិសុខ​ដូចគ្នា គួរ​មាន​សេរីភាព​ ឱកាសនិង​លទ្ធិប្រជាធិបតេយ្យ​ស្មើគ្នា ​និង​ប្រកបដោយ​ភាព​ថ្លៃថ្នូរ»។

លោករដ្ឋមន្ត្រី​ Blinken បាន​មានប្រសាសន៍​ថា «មានកិច្ចការ​លំបាក​ជាច្រើន​ដែលត្រូវធ្វើដើម្បី​ធ្វើឱ្យ​មាន​សេចក្តី​សង្ឃឹម ការគោរព​គ្នា​ និង​ការទុកចិត្ត​ខ្លះៗ​ក្នុង​សហគមន៍​ឡើង​វិញ។​ តែ​យើង​បានឃើញ​ហើយ​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ ហើយ​ខ្ញុំយល់​ថា​ ការណ៍​នេះ គួរ​ជម្រុញឱ្យ​យើង​ទាំងអស់​គ្នា​បង្កើនកិច្ច​ប្រឹងប្រែង​របស់យើងដើម្បី​ថែរក្សា​សន្តិភាព និង​កែលម្អ​ជីវភាព​របស់​ជនជាតិ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន»៕