បទវិចារណកថា៖ ក្ដី​បារម្ភ​ទាក់ទិន​នឹង​ការចាប់ខ្លួន​រដ្ឋអាជ្ញា​ក្វាតេម៉ាឡា

អ្នកស្រី Leily Santizo (ស្តាំ) ដែល​ជា​អតីត​រដ្ឋអាជ្ញា​សម្រាប់​គណៈកម្មការ​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព (CICIG) ត្រូវ​បាន​នាំ​ខ្លួន​ដោយ​មន្ត្រី​ប៉ូលិស​ម្នាក់ បន្ទាប់ពី​មកដល់​តុលាការ​កំពូល​ក្នុង​ទីក្រុង​ក្វាតេម៉ាឡា នៃ​ប្រទេស​ក្វាតេម៉ាឡា កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​និង​ការ​បំពាន​ជា​បន្ត​ដែល​មិន​អាច​ទទួល​យក​បាន​របស់​ក្រសួង​សាធារណការ​នៃ​ប្រទេស​ក្វាតេម៉ាឡា​លើ​រដ្ឋអាជ្ញា​ឯករាជ្យ​បច្ចុប្បន្ន​ និង​លើ​អតីត​រដ្ឋអាជ្ញា​ឯករាជ្យ​នានា។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។

សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ បន្ទាប់ពី​ការិយាល័យ​រដ្ឋអាជ្ញា​ក្វាតេម៉ាឡា​ បាន​បញ្ជាក់​ថា​ មាន​ការ​ចាប់ខ្លួន​រដ្ឋអាជ្ញា​ឯករាជ្យ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រកឃើញ​អំពើ​ពុករលួយ​ផ្លូវការ​នៅក្នុង​ប្រទេស​ក្វាតេម៉ាឡា។

កាលពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកស្រី Leily Santizo ដែល​ជា​អតីត​រដ្ឋអាជ្ញា​សម្រាប់​គណៈកម្មការ​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព (International Commission against Impunity (CICIG)) ដែលជា​បេសកកម្ម​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ នា​ពេល​បច្ចុប្បន្ន​នេះ បេសកកម្ម​នេះ​ បាន​បញ្ចប់​រួច​ទៅ​ហើយ។ រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ក្វាតេម៉ាឡា​លោក Jimmy Morales បាន​ទុក​ឱ្យ​អាណត្តិ​របស់​គណៈកម្មការ CICIG នេះ​ផុត​កំណត់​កាលពី​ឆ្នាំ ២០១៩។

កាលពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ អ្នកស្រី Eva Rosa ដែល​ជា​អតីត​មេធាវី​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​ប្រឆាំង​នឹង​និទណ្ឌភាព (Special Prosecutor's Office against Impunity (FECI)) ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ។

កាលពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ក្រសួង​សាធារណការ​ក្វាតេម៉ាឡា ​បាន​ចេញ​ដីកា​ចាប់ខ្លួន​អតីត​រដ្ឋអាជ្ញា ៤ នាក់​បន្ថែម​ទៀត។ អតីត​រដ្ឋអាជ្ញា​ទាំង ៤ នាក់​នោះ​ គឺ​អ្នកស្រី Aliss Moran អ្នកស្រី Paola Escobar លោក Willy Racanac Lopez និង​លោក Rudy Herrera។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Price បាន​និយាយ​ថា៖ «នៅក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​អគ្គរដ្ឋអាជ្ញា Consuelo Porras ក្រសួង​សាធារណការ​ក្វាតេម៉ាឡា ​បាន​ប្រើ​ការ​ស្វែងរក​ និង​ការ​ចាប់ខ្លួន​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​បែប​បិទបាំង​និង​ព័ត៌មាន​លេចធ្លាយ​នៃ​សំណុំ​រឿង​ដែល​សម្រាំង​យក​មួយ​ចំនួន ក្នុង​គោល​បំណង​រករឿង ​និង​ដាក់​ទណ្ឌកម្ម​លើ​ពលរដ្ឋ​ក្វាតេម៉ាឡា​ណា​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព​និង​លើក​កម្ពស់​តម្លាភាព​និង​ការ​ទទួល​ខុសត្រូវ»។

នៅ​ខែ​កក្កដា ឆ្នាំ ២០២១ អ្នកស្រី​អគ្គរដ្ឋអាជ្ញា Porras បាន​បញ្ឈប់​ដំណែង​លោក Juan Francisco Sandoval ដែល​ជា​ប្រធាន​ការិយាល័យ FECI។ ការិយាល័យ​នេះ ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​គណៈកម្មការ CICIG។ លោក Sandoval បាន​និរទេស​ខ្លួន។

នៅ​ពេល​នោះ អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Jalina Porter បាន​និយាយ​ថា ការ​សម្រេច​របស់​អ្នកស្រី Porras នៅក្នុង​ការ​បញ្ឈប់​ដំណែង​លោក Sandoval «គឺជា​ឥរិយាបថ​មួយ​ដែល​បង្ហាញ​អំពី​កង្វះ​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​នីតិរដ្ឋ​និង​ចំពោះ​ដំណើរការ​ឯករាជ្យ​នៃ​តុលាការ​ និង​ការ​កាត់ទោស»។

ក្រោយមក សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា អ្នកស្រី​អគ្គរដ្ឋអាជ្ញា Porras បាន​រារាំង​ដល់ «ការ​ស៊ើប​អង្កេត​លើ​សកម្មភាព​ពុករលួយ តាម​រយៈ​ការ​ជ្រៀតជ្រែក​ក្នុង​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ»។

បន្ទាប់ពី​មាន​ការ​ចាប់ខ្លួន​រដ្ឋអាជ្ញា​ឯករាជ្យ​ទាំង​នេះ​នៅក្នុង​ប្រទេស​ក្វាតេម៉ាឡា​មក សហភាព​អឺរ៉ុប​ក៏​បាន​បង្ហាញ «ក្តី​បារម្ភ​ខ្លាំងក្លា​បំផុត» ទាក់ទិន​នឹង «សកម្មភាព​ផ្លូវ​ច្បាប់» របស់​អាជ្ញាធរ​ក្វាតេម៉ាឡា​នៅក្នុង «ការ​ប្រឆាំង​នឹង​ចៅក្រម មេធាវី និង​រដ្ឋអាជ្ញា​ឯករាជ្យ»។

លោក Brian A. Nichols ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អឌ្ឍគោល​ខាង​លិច បាន​សរសេរ​ថា៖ «សកម្មភាព​ដ៏​គួរ​ឱ្យ​បារម្ភ​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​នីតិរដ្ឋ»។

បើ​គ្មាន​នីតិរដ្ឋ អំពើ​ពុករលួយ ​នឹង​រីក​រាលដាល​កាន់តែ​ខ្លាំង។ ដូច​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ដូច្នេះ​ដែរ អំពើ​ពុករលួយ «ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​រីក​ចម្រើន បង្អាក់​ទឹកចិត្ត​ដល់​ការ​វិនិយោគ ធ្វើ​ឱ្យ​វិសមភាព​កាន់តែ​រីក​ធំ​ជាងមុន។ ប៉ុន្តែ​ផល​ប៉ះពាល់​ធំ​បំផុត​នៃ​អំពើ​ពុករលួយ ​គឺ​ប្រហែលជា​ការ​មិន​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​រដ្ឋាភិបាល»។

ប្រជាពលរដ្ឋ​ក្វាតេម៉ាឡា ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ ត្រូវការ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ធ្វើការ​ដើម្បី​បញ្ចប់​អំពើ​ពុករលួយ មិន​មែន​បំបិទ​មាត់​របស់​បុគ្គល​ក្លាហាន​ដែល​ហ៊ាន​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នោះទេ៕