បទវិចារណកថា៖ ក្រៅពី​ក្រុមហ៊ូធី អ៊ីរ៉ង់​ក៏​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​ភេរវកម្ម​ដែរ

រូបឯកសារ៖ បុរស​ម្នាក់​មើល​អគារ​ដែល​រង​ការ​ខូចខាត​នៅ​កន្លែង​ផ្ទុះ ខណៈ​ពេល​មាន​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

នៅឯ​សន្និសីទ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពី​ប្រទេស​យេម៉ែន អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​ថ្កោលទោស​ការវាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​ដោយ​ក្រុម​ហ៊ូធី​ទៅ​លើ​អ៊ីស្រាអែល ដែល​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ទៀត​រងរបួស។

លោក Wood បាន​ថ្លែង​ថា៖ «សកម្មភាព​ទាំងនេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ការគំរាម​កំហែង​កាន់តែ​ខ្លាំងឡើង​ចំពោះ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ហ៊ូធី និង​អ្នកគាំទ្រ​របស់​ពួកគេ​នៅក្នុង​ទីក្រុង​តេហេរ៉ង់។ ហើយ​សកម្មភាព​ទាំងនេះ​មិនមែន​ជា​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក​ទេ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រុម​ហ៊ូធី​បាន​បាញ់​កាំជ្រួច និង​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រមាណ​២០០​គ្រឿង​ឆ្ពោះ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​ដោយ​មិន​គិត​ពី​អាយុ​ជីវិត​របស់​ជនស៊ីវិល​ឡើយ»។

ក្រុម​ហ៊ូធី និង​សម្ពន្ធមិត្ត​របស់​ពួកគេ​បាន​អះអាង​ថា ការវាយ​ប្រហារ​ទៅលើ​អ៊ីស្រាអែល និង​យុទ្ធនាការប្រឆាំងនឹង​កប៉ាល់​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​នៅក្នុង​តំបន់​សមុទ្រ​ក្រហម គឺជា​ទង្វើ​នៃ​ការសាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា។ លោក Wood បាន​និយាយ​ថា «ការពិត​ជាក់​ស្តែង​យ៉ាងដូចម្តេច​នោះ គឺ​ត្រូវបាន​បង្ហាញ​យ៉ាងច្បាស់»។

លោក Wood បាន​ថ្លែង​បន្ត​ថា៖ «ក្រុម​ហ៊ូធី​គឺជា​ក្រុម​ភេរវជន​ដែល​ចង់​បង្វែរ​អារម្មណ៍​ពី​កំណត់ត្រា​នៃ​ការបរាជ័យ​ដ៏​មហន្តរាយ​របស់​ខ្លួន​នៅក្នុង​ប្រទេស​យេម៉ែន។ ... ការឆ្លើយតប​ដ៏សមស្រប​តែ​មួយ​គត់​គឺ​ការថ្កោលទោស​ដល់​ការវាយប្រហារ​ទាំងនេះ ហើយ​ទាមទារ​ឱ្យ​ពួកគេ​បញ្ឈប់​ភ្លាមៗ​និង​ដោយ​គ្មាន​លក្ខខណ្ឌ‍»។

លោក Wood បាន​និយាយ​ថា ក្នុង​ពេល​ឆាប់ៗ​នេះ​អាច​ដល់​ពេល​សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើការ​ពិចារណា​ក្នុងការ​ចាត់​វិធានការ​បន្ថែម ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាម​កំហែង​កាន់តែ​ខ្លាំងឡើង​ពី​ក្រុម​ហ៊ូធី។ លោក Wood បាន​ប្រកាស​ថា «វា​មាន​សារៈសំខាន់​ដូចគ្នា ក្នុង​និយាយ​អំពី​តួនាទី​របស់​អ៊ីរ៉ង់​នៅក្នុង​ការវាយប្រហារ​ទាំងនេះ និង​ការវាយ​ប្រហារ​ផ្សេងទៀត ហើយនឹង​ឱ្យ​អ៊ីរ៉ង់​ទទួល​ខុសត្រូវ‍»។

លោក Wood បាន​និយាយ​បន្ត​ទៀត​ថា៖ «‍យើង​ទាំងអស់គ្នា​អាច​មើល​ឃើញ​យ៉ាងច្បាស់​ថា ក្រុមហ៊ូធី​ត្រូវបាន​ជួយ​យ៉ាងពេញលេញ​ដោយ​អ៊ីរ៉ង់ ដើម្បី​បាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ និង​វាយប្រហារ​ដ៏​មរណៈ​ទៅ​លើ​អ៊ីស្រាអែល និង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់។ ជា​ការពិត​ណាស់ ការវាយតម្លៃ​ដំបូង​បង្ហាញ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន) ដែល​ប្រើ​ក្នុង​ការវាយ​ប្រហារ​នៅ​ថ្ងៃទី១៩ ខែកក្កដា ទៅ​លើ​ទីក្រុង Tel Aviv គឺជា​ប្រភេទ UAV Samad-3 ផលិត​ដោយ​អ៊ីរ៉ង់។ គ្មាន​ការបដិសេធ​ឡើយ​ថា ការផ្តល់​អាវុធ​ដ៏​សាហាវ​របស់​អ៊ីរ៉ង់​ទាំងនេះ និង​អាវុធ​ដ៏​សាហាវ​ផ្សេងទៀត​ដល់​ក្រុម​ភេរវជន​ហ៊ូធី គឺជា​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ ហើយ​ជាពិសេស​គឺ​រួមទាំង​ការហាមឃាត់​អាវុធ​ដែល​បង្កើត​ឡើង​ដោយ​សេចក្តី​សម្រេច​លេខ​២២១៦»។

លោក Wood បាន​ថ្លែង​បន្ថែម​ថា៖ «សមាជិក​នៃ​ក្រុមប្រឹក្សា [សន្តិសុខ] ណា​ក៏ដោយ​ដែល​រារាំង​ដល់​ការ​ឱ្យ​ក្រុម​ហ៊ូធី និង​អ៊ីរ៉ង់​ទទួល​ខុសត្រូវ គឺមាន​ន័យ​ថា​បាន​ចូលដៃ​ដើម្បី​ធ្វើឱ្យ​ខូច​ដល់​គុណតម្លៃ​នៃ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​នេះ»។

បន្ទាប់ពី​ការវាយ​ប្រហារ​របស់​ក្រុម​ហ៊ូធី​ទៅលើ​ទីក្រុង Tel Aviv អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ទីតាំង​ជា​ច្រើន​ក្នុង​ទីក្រុង​កំពង់ផែ Hudaydah របស់​ប្រទេស​យេម៉ែន។ លោក Wood បាន​និយាយ​ថា លទ្ធផល​នៃ​ការបំផ្លិចបំផ្លាញ​នេះ«គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​ចុងក្រោយ​បង្អស់​ដែល​ប្រទេស​យេម៉ែន​ត្រូវ​ទទួលរង​ដោយសារ​សកម្មភាព​របស់​ក្រុម​ហ៊ូធី​និង​ប្រទេស​អ៊ីរ៉ង់‍»។

លោក Wood បាន​ថ្លែង​បន្ថែម​ថា៖ «វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ពួកយើង​ទាំងអស់គ្នា​ធ្វើការ​ដើម្បី​កាត់បន្ថយ​ភាពតានតឹង។ វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​រឿង​នោះ គឺ​ត្រូវ​ធានា​ថា ក្រុមប្រឹក្សា​នេះ​រួមគ្នា​ដោយ​មាន​សំឡេង​តែមួយ​ដើម្បី​ថ្កោលទោស​សកម្មភាព​របស់​ក្រុម​ហ៊ូធី និង​ធ្វើឱ្យ​ពួកគេ​ទទួល​ខុសត្រូវ‍‍»៕