តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ខែមិថុនានេះ គឺជាខួបទី៣៥ នៃការសម្លាប់រង្គាលនៅទីលាន Tiananmen។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងចងចាំក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីរាប់ម៉ឺននាក់ដែលត្រូវបានវាយតប់យ៉ាងព្រៃផ្សៃចំពោះការក្រោកឈរឡើងដើម្បីសេរីភាព សិទ្ធិមនុស្ស និងការបញ្ចប់អំពើពុករលួយ។ ៣៥ឆ្នាំក្រោយមក ចំនួនអ្នកស្លាប់ពិតប្រាកដនៅថ្ងៃនោះ នៅតែមិនទាន់ដឹងនៅឡើយ ក៏ប៉ុន្តែយើងគោរពអ្នកទាំងអស់នោះដែលត្រូវបានសម្លាប់ និងជាប់ពន្ធនាគារនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ និងពេលក្រោយមកទៀត»។
លោក Blinken បានថ្លែងបន្តថា «យើងក៏គោរពដល់មនុស្សជាច្រើនដែលឥឡូវនេះត្រូវបានគេបំបិទមាត់នៅទូទាំងប្រទេស រួមទាំងនៅតំបន់ Xinjiang ដែនដីទីបេ និងទីក្រុងហុងកុងផងដែរ។ យោងតាមរបាយការណ៍សិទ្ធិមនុស្សថ្មីបំផុតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបានកើតឡើងនៅក្នុងអំឡុងឆ្នាំ [២០២៣] នៅក្នុងប្រទេសចិនដែលភាគច្រើនគឺប្រឆាំងនឹងជនជាតិភាគតិច Uighurs ដែលកាន់សាសនាអ៊ិស្លាម និងសមាជិកនៃក្រុមជនជាតិភាគតិច និងសាសនាផ្សេងទៀតនៅក្នុងតំបន់ Xinjiang។ ជាការពិតណាស់ ចាប់តាំងពីឆ្នាំ២០១៧ មក ជនជាតិ Uighurs ជាងមួយលាននាក់ និងភាគច្រើននៃសមាជិកក្រុមជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងជំរំឃុំឃាំងក្រៅប្រព័ន្ធតុលាការ ពន្ធនាគារ និងមនុស្សផ្សេងទៀតដែលគេមិនដឹងចំនួនពិតប្រាកដត្រូវបានទទួលការហ្វឹកហ្វឺន«អប់រំឡើងវិញ»ដែលធ្វើឡើងតែនៅក្នុងពេលថ្ងៃ។
នៅទីក្រុងហុងកុង ច្បាប់សន្តិសុខជាតិដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២០ កំពុងត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលនៅទីនោះ ដើម្បីចាប់ខ្លួន ជំនុំជម្រះ និងកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ហើយសេរីភាពសារព័ត៌មានត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកទោសនយោបាយជាច្រើននៅក្នុងប្រទេសចិននៅតែស្ថិតនៅក្នុងពន្ធនាគារ ឬស្ថិតនៅក្រោមការឃុំខ្លួនក្នុងទម្រង់ផ្សេងទៀត ដោយក្នុងនោះ រួមទាំងអ្នកនិពន្ធលោក Guo Feixiong អ្នកស្រាវជ្រាវជនជាតិ Uighur លោក Ilham Tohti និងព្រះសង្ឃទីបេព្រះតេជគុណ Go Sherab Gyatso ផងដែរ នេះបើយោងតាមរបាយការណ៍សិទ្ធិមនុស្សដដែលនោះ។
លោក Blinken បាននិយាយទៀតថា «យើងនឹងបន្តលើកយកមកនិយាយ និងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់ការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សរបស់[សាធារណរដ្ឋប្រជាមានិតចិន] ទាំងក្នុង និងក្រៅព្រំដែនរបស់ខ្លួន។ យើងបន្ទរតាមការអំពាវនាវរបស់ក្រុមបាតុករនៅទីលាន Tiananmen ដ៏ក្លាហានឱ្យសាធារណរដ្ឋប្រជាមានិតចិន (PRC) ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដែលមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលប្រទេសចិនជាហត្ថលេខីមួយ»។
សហរដ្ឋអាមេរិកក៏អំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតចិន (PRC) ទទួលយកអនុសាសន៍ដែលបានធ្វើឡើងនៅក្នុងឆ្នាំនេះ ក្នុងអំឡុងពេលការត្រួតពិនិត្យជាសកលនៃកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន រួមទាំងការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយបំពាននិងដោយអយុត្តិធម៌ ដោយគ្មានលក្ខខណ្ឌ។
ការចងចាំថ្ងៃទី៤ ខែមិថុនា សហរដ្ឋអាមេរិកមានជំហរសាមគ្គីភាពជាមួយអ្នកដែលបន្តការតស៊ូដើម្បីសិទ្ធិមនុស្ស និងសេរីភាពបុគ្គល។ ភាពក្លាហាន និងការលះបង់របស់ប្រជាពលរដ្ឋដែលបានក្រោកឈរឡើងនៅទីលាន Tiananmen កាលពី ៣៥ ឆ្នាំមុន នឹងមិនត្រូវបានគេបំភ្លេចឡើយ៕