តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីប៉ុន្មានសប្តាហ៍មុននេះ សង្គ្រាមក្នុងប្រទេសយេម៉ែន បានកើនឡើងខ្លាំងជាងមុន។ ពួក Houthis បានបន្តការវាយប្រហារឆ្លងកាត់ព្រំដែនលើប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបណ្តាលឱ្យក្រុមជនស៊ីវិលស្លាប់។ ការវាយប្រហារមួយក្នុងបណ្តាការវាយប្រហារថ្មីៗបំផុតមានធ្វើលើអាកាសយានដ្ឋានស៊ីវិល Abha នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលនាំឱ្យមនុស្សយ៉ាងតិចណាស់ ១២នាក់រងរបួស។
ពួក Houthis ក៏បានពង្រីកការឈ្លានពានរបស់ពួកគេ ដោយមានរួមបញ្ចូលការវាយប្រហារដោយដ្រូននិងមីស៊ីល ប្រឆាំងនឹងប្រទេសអេមីរ៉ាតអារ៉ាប់រួម នាំឱ្យមានគ្រោះថ្នាក់មិនមែនតែដល់ក្រុមជនស៊ីវិលប្រទេសនេះតែប៉ុណ្ណោះទេ តែក៏បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់រស់នៅក្នុងតំបន់ឈូងសមុទ្រពែក្សផងដែរ។ បន្ថែមពីនេះ ការប្រយុទ្ធរវាងពួក Houthis និងកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត មានធ្វើតទៅទៀតក្នុងខេត្ត Marib សម្បូរប្រេងនៃប្រទេសយេម៉ែន។
សហរដ្ឋអាមេរិក នៅតែប្តេជ្ញាជួយពួកសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់ឱ្យការពារខ្លួនឯងប្រឆាំងនឹងសកម្មភាពអរិភាពរបស់ពួក Houthis។ សហរដ្ឋអាមេរិកជឿថា ការទូតជាវិធីសម្រាប់បញ្ចប់សង្គ្រាមនេះ ដើម្បីកែលម្អជីវភាពរបស់ប្រជារាស្ត្រយេម៉ែន និងបង្កើតឱ្យមានឱកាសសម្រាប់ឱ្យប្រជាពលរដ្ឋយេម៉ែនសម្រេចរួមគ្នាអំពីអនាគតរបស់ពួកគេផ្ទាល់។
នៅក្នុងសន្និសីទមួយកាលពីពេលថ្មីៗនេះនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Timothy Lenderking ប្រសិតពិសេសសហរដ្ឋអាមេរិកខាងកិច្ចការយេម៉ែនបានប្រកាសថា ពួក Houthis ជា«ឧបសគ្គចម្បងដល់ការប្រឹងប្រែងរកសន្តិភាព» ក្នុងប្រទេសយេម៉ែន។ លោកបាននិយាយទទូចថា «គ្មានដំណោះស្រាយយោធាដល់សង្គ្រាមនេះទេ» ហើយលោកបានសុំដល់ភាគីទាំងអស់ឱ្យបន្ថយភាពតានតឹង ហើយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ មានរួមបញ្ចូលច្បាប់ទាំងឡាយណាទាក់ទិននឹងការការពារក្រុមជនស៊ីវិល។
ប្រេសិតពិសេសសហរដ្ឋអាមេរិករូបនេះបានថ្លែងថា ការជួយស្វែងរកដំណោះស្រាយខាងការទូតស្ថិតស្ថេរមួយដល់សង្គ្រាមយេម៉ែននៅតែជាអាទិភាពកំពូលមួយនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោកបានពោលថា៖ «យើងមិនមែននិយាយអំពីការឈប់បាញ់តែនៅទីនេះប៉ុណ្ណោះទេ យើងនិយាយអំពីការបញ្ចប់សង្គ្រាមនិងជួយប្រទេសយេម៉ែនឱ្យមានភាពសុខសាន្តធម្មតាវិញ»។
ប្រេសិតពិសេស Lenderking បានកត់សម្គាល់ថា ក្នុងអំឡុងមួយឆ្នាំកន្លងមកនេះ កិច្ចប្រឹងប្រែងខាងការទូតរបស់អាមេរិកបានធ្វើឱ្យមានវិធីសំខាន់ៗពីរសម្រាប់បើកផ្លូវឱ្យមានសន្តិភាពនៅយេម៉ែន។ វីធីទីមួយ គឺការមូលមតិគ្នាជាអន្តរជាតិច្រើនជាងមុនអំពីសេចក្តីត្រូវការឱ្យមានការឈប់បាញ់មួយនិងដំណោះស្រាយនយោបាយមួយ។ វិធីទីពីរ គឺសម្ទុះដែលមានឡើងជុំវិញ«ដំណើរការសន្តិភាពដែលគិតគូរអំពីទស្សនៈផ្សេងៗគ្នានៅទូទាំងប្រទេសយេម៉ែន និងស្វះស្វែងបង្កើនសំឡេងមនុស្សភាគច្រើនបំផុតនៃប្រទេសយេម៉ែន ដែលអំពាវនាវឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា»។
លោក Lenderking បានថ្លែងថា មុខនាទីរបស់សហគមន៍អន្តរជាតិ គឺ«បង្កើតឱកាសមួយសម្រាប់ឱ្យប្រជាពលរដ្ឋយេម៉ែន ដាក់សម្ពាធលើភាគីទាំងអស់ឱ្យធ្វើឱ្យការណ៍នេះឱ្យអាចកើតមានបាន»។
លោកប្រេសិតពិសេស Lenderking សង្ឃឹមថា ឆ្នាំ២០២២នេះ អាចជាឆ្នាំនាំឱ្យមានសន្តិភាពក្នុងប្រទេសយេម៉ែន។ លោកបានប្រកាសថា៖ «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាដល់បេសកកម្មនេះ»៕