តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពដៃគូរបស់សហរដ្ឋអាមេរិកជាមួយពលរដ្ឋអ៊ុយក្រែនមិនប្រែប្រួល និងឋិតថេរ។ យើងផ្តោតការយកចិត្តទុកដាក់លើសេចក្តីត្រូវការខាងមនុស្សធម៌ជាបន្ទាន់របស់អ៊ុយក្រែនថា ជាផ្នែកសំខាន់មួយនៃការឆ្លើយតបរបស់យើងដល់ការវាយប្រហារដែលរៀបចំទុកជាមុន ដែលគ្មានការបង្ករឿង និងមិនត្រឹមត្រូវរបស់រុស្ស៊ី»។
ដោយគិតអំពីសុខុមាលភាពរបស់ពលរដ្ឋអ៊ុយក្រែន សហរដ្ឋអាមេរិក បានប្រកាសអំពីជំនួយមនុស្សធម៌ជិត៥៤លានដុល្លារដល់ក្រុមជនដែលរងផលប៉ះពាល់ដោយសារការលុកលុយរបស់រុស្ស៊ី។ ការផ្តល់ប្រាក់នេះមានរួមបញ្ចូលបា្រក់ជិត២៦លានដុល្លារពីក្រសួងការបរទេសសហរដ្ឋអាមេរិក និង២៨លានដុល្លារពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ។
សហរដ្ឋអាមេរិក ជាអ្នកផ្តល់ជំនួយមនុស្សធម៌ច្រើនបំផុតមួយឱ្យប្រទេសអ៊ុយក្រែន នៅពេលនេះ។ ជំនួយមនុស្សធម៌របស់អាមេរិកមានជិត៤០៥លានដុល្លារឱ្យដល់ សហគមន៍រងគ្រោះដោយងាយចាប់តាំងពីរុស្សី បានលុកលុយអ៊ុយក្រែន៨ឆ្នាំមុន។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «ផ្នែកថ្មីបំផុតនេះនៃជំនួយមនុស្សធម៌ នឹងត្រូវដឹកជញ្ជូនតាមយន្តហោះតាមរយៈអង្គការមនុស្សធម៌ឯករាជ្យដែលប្រគល់ជំនួយផ្អែកលើសេចក្តីត្រូវការដោយមិនលម្អៀង ប្រកបដោយចិត្តមនុស្សធម៌ អព្យាក្រឹតភាព និងឯករាជ្យ»។
ជំនួយមនុស្សធម៌នេះ នឹងអាចឱ្យអង្គការមនុស្សធម៌អន្តរជាតិគាំទ្រប្រជារាស្ត្រអ៊ុយក្រែនជាមួយអាហារ ទឹកផឹកមានសុវត្ថិភាព ទីជម្រក ការថែទាំសុខភាពគ្រាមានអាសន្ន ការដោះស្រាយបញ្ហានៅរដូវធ្លាក់ទឹកកក និងការការពារ។ ការផ្តល់ប្រាក់ដោយសហរដ្ឋអាមេរិក ក៏នឹងជួយអង្គការមនុស្សធម៌រក្សាទំនាក់ទំនងរវាងពួកសមាជិកគ្រួសារដែលបានបែកខ្ញែកគ្នាដោយសារសង្គ្រាមនេះ ដោយមានសង្ឃឹមថានឹងអាចជួបជុំគ្នាជាថ្មីវិញ។
សហរដ្ឋអាមេរិកសរសើរការទទួលរាក់ទាក់នៃពួកប្រទេសជិតខាងក្នុងតំបន់ ដែលបានទទួលជនជាតិអ៊ុយក្រែនរត់ចេញពីប្រទេសឱ្យរស់នៅក្នុងប្រទេសពួកគេ។
សហរដ្ឋអាមេរិក ក៏បានទាក់ទងខាងការទូតដើម្បីគាំទ្រកិច្ចប្រឹងប្រែងបើកចំហព្រំដែនពួកគេ និងជួយក្រុមជនស្វះស្វែងការការពារអន្តរជាតិ។ អ.ស.ប.រាយការណ៍ថា មនុស្ស២លាននាក់ បានចាកចេញពីប្រទេសអ៊ុយក្រែនរហូតមកដល់ពេលនេះ។ ពួករដ្ឋជួរមុខដែលបានទទួលក្រុមជនភៀសខ្លួនអ៊ុយក្រែនមានរួមបញ្ចូលប្រទេសប៉ូឡូញ រូម៉ានី ហុងគ្រី សាធារណរដ្ឋម៉ុលដាវី និងសាធារណរដ្ឋស្លូវ៉ាគី ។ នៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកស្រី Samantha Power នាយិកាទីភ្នាក់ងារជំនួយអាមេរិក (USAID) បាននិយាយថា «ប្រជារាស្ត្រប៉ូឡូញ បានបើកចិត្តពួកគេ ផ្ទះពួកគេ មានអាហារក្តៅៗ និងគ្រឿងផ្គត់ផ្គង់ មានក្រណាត់កន្ទបទារក និងរទេះដាក់ទារករុញសម្រាប់ឱ្យក្រុមឳពុកម្តាយ ព្រមទាំងមានសម្លៀកបំពាក់ផងដែរ»។
លោកស្រីអ្នកអភិបាល Power បានស្ទង់ប្រមាណថា មាន«មនុស្សពី៣ ទៅ៥លាននាក់ អាចរត់គេចខ្លួន«ចូលក្នុងប្រទេសជិតខាងទាំងនេះ»ក្នុងអនាគតឆាប់ៗនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Blinken បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ក្រុមជនស្វះស្វែងរកការការពារ ហើយកុំបញ្ជូនក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសអ៊ុយក្រែនវិញដែលពួកគេទំនងជានឹងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះការធ្វើវិភាគទានរបស់ប្រទេសផ្តល់ជំនួយឯទៀតៗដល់ការឆ្លើយតបនឹងវិបត្តិនេះ ហើយបានសុំប្រទេសឯទៀតៗឱ្យគាំទ្រដោយចិត្តសប្បុរសដល់សេចក្តីត្រូវការជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន និងក្នុងតំបន់នោះ៕