បទវិចារណកថា៖ ជំនួយ​សម្រាប់​ប្រជាពលរដ្ឋ​​​​អេត្យូពី កេនយ៉ា និង​សូម៉ាលី

រូបឯកសារ៖ ក្មេងៗ​ឈរ​នៅ​កន្លែង​ដែល​គេ​ចែក​ម្ហូប​អាហារ​នៅ​ក្រុង Adi Mehameday ក្នុង​តំបន់ Tigray ភាគខាងលិច​នៃ​ប្រទេស​អេត្យូពី។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មនុស្ស​ជិត២០លាន​នាក់រស់​ក្នុង​តំបន់​ជ្រោយ​នៅ​ខាង​កើត​ទ្វីប​អាហ្វ្រិក​ហៅ​ Horn of Africa កំពុងប្រឈម​នឹងវិបត្តិអសន្តិសុខ​ស្បៀង​អាហារ។ តំបន់​នោះ​បាន​រង​គ្រោះ​ដោយសារការ​រាំង​ស្ងួត​បន្តបន្ទាប់​បួន​ដងហើយ​នឹង​មានការ​រាំង​ស្ងួតលើក​ទី​ប្រាំ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។

លោកស្រី​ Samantha Power អភិបាល​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់រងផល​ប៉ះពាល់ខ្លាំង​បំផុត​ខ្លះក្នុង​ប្រទេស​សូម៉ាលី​និងប្រទេស​កេនយ៉ា​បាន​និយាយ​ថា៖ «តំបន់ Horn of Africa ​មាន​រដូវភ្លៀង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ‍»។ នៅ​ក្នុង​ការ​ថ្លែង​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោកស្រីបាន​គូស​បញ្ជាក់​ថា នេះ​ជាលើក​ដំបូងហើយក្នុង​ប្រវត្តិសាស្ត្រ​ដែល​តំបន់​នោះ​រង​គ្រោះដោយសារ​រដូវ​ភ្លៀងមិន​មាន​ភ្លៀងបួន​ដង​បន្តបន្ទាប់​គ្នា។​

លោកស្រី Power បាន​និយាយ​ថា៖ «បច្ចុប្បន្ន​នេះ ​ផ្ទៃដី​មានស្មៅ​សម្រាប់​ឱ្យ​សត្វ​ពាហនៈស៊ី​ក្លាយ​ទៅជាផ្ទៃ​ដី​មាន​ធូលី។ ហើយ​ដោយមានស្ថានភាព​ដូច​មាន​ចែង​ក្នុង​គម្ពីរ​ Bible របស់​គ្រិស្តសាសនា​ដែរ សត្វ​ពាហនៈ​មាន​រាងកាយ​ខ្សោយកំពុង​ងាប់​ដោយសារ​ជំងឺ។ រហូត​មក​ដល់ពេល​នេះ​ សត្វ​ពាហនៈ​យ៉ាងតិច​ណាស់​៧​លាន​ក្បាល​បាន​ងាប់​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អេត្យូពី កេនយ៉ា​និង​ប្រទេស​សូម៉ាលី។ គ្មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​បំបាត់​ការ​ស្រេក​របស់សត្វទាំង​នោះ​ទេ​ឬ​ក៏​គ្មាន​ស្មៅ​ដើម្បី​ឱ្យសត្វ​ទាំង​នោះ​ស៊ី​ដែរ‍»។

តាម​រយៈទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្តល់ជំនួយ​មនុស្សធម៌ទាំងអស់​១.២០០​លាន​ដុល្លារឱ្យ​ប្រទេស​បី​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរបំផុត​នៅ​ក្នុង​តំបន់​នោះ​គឺ​ប្រទេស​អេត្យូពី កេនយ៉ា​និង​ប្រទេស​សូម៉ាលី។ វិនិយោគខាង​មនុស្សធម៌ពី​ដំបូងៗ​មាន​សារៈសំខាន់​ដែរ​ដល់​ការ​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស។

នៅ​ក្នុង​ប្រទេស​អេត្យូពី គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​មួយ​គត់ ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់ជំនួយ​គាំទ្រ​៦៦៨​លានដុល្លារ​ដល់​មនុស្សជាង​៨,១លាន​នាក់ដែលជីវិតរបស់​ពួក​គេ​ត្រូវ​កំហែង​ដោយ​ការ​រាំង​ស្ងួត​ជា​ប្រវត្តិសាស្ត្រ​នេះ។

នៅ​ក្នុង​ប្រទេស​កេនយ៉ា ការ​រាំង​ស្ងួតបាន​ជំរុញមនុស្ស​ជាង​៤លាន​នាក់​ឱ្យ​ជិត​មាន​ទុរភិក្ស​ ដោយសហគមន៍​នៅ​ក្នុង​តំបន់ស្ងួត​សោះកក្រោះនិងពាក់​កណ្តាលសោះ​កក្រោះមាន​ផល​ប៉ះពាល់ខ្លាំង​បំផុត។ នៅ​មុន​ដំណាច់​ខែ​ឧសភា​ ​មាន​សេចក្តី​រាយការណ៍​ថាដំណាំ​ប្រមាណ​៧០ភាគរយ​និងសត្វ​ពាហនៈ​យ៉ាង​តិច​ណាស់​២,៤លានក្បាល​បាន​បាត់បង់។ ទីភ្នាក់ងារ USAID​ ផ្តល់ឱ្យ​ប្រជារាស្ត្រប្រទេស​កេនយ៉ា​នូវ​ជំនួយ​ស្បៀងអាហារគ្រា​មាន​អាសន្ន​និង​ជំនួយមនុស្សធម៌ព្រម​ទាំង​ជំនួយ​អភិវឌ្ឍន៍ឯ​ទៀតៗចំនួន​២៥៥​លានដុល្លារ។​

ហើយ​នៅ​ក្នុង​ប្រទេសសូម៉ាលី ​មនុស្ស​៧,១លាន​នាក់មាន​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នេះ។ សត្វ​ពាហនៈ​ជាង​៣លានក្បាលបាន​ងាប់។ ​ហើយ​កុមារ​១,៤លាន​នាក់​កំពុង​ប្រឈម​នឹងកង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​រហូត​ដល់​ដំណាច់​ឆ្នាំនេះ។​

ទីភ្នាក់ងារ USAID ​ផ្តល់​ជំនួយ​មនុស្សធម៌និងជំនួយ​អភិវឌ្ឍន៍ដល់​ប្រជារាស្ត្រ​សូម៉ាលី​ចំនួន​៤៧៦​លានដុល្លារ​ ដែល​នេះ​ធ្វើ​ឱ្យ​ជំនួយ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​នេះ​មាន​សរុប​៧០៧លានដុល្លារ។

ជំនួយ​មនុស្សធម៌​ទាំង​នេះ​ជា​សញ្ញា​បង្ហាញការ​បន្ត​ការ​ប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋនៃប្រទេស​អេត្យូពី កេនយ៉ា​និង​ប្រទេស​សូម៉ាលី។ លោកស្រី​អ្នកអភិបាល​ Power បាន​មាន​ប្រសាសន៍​ថា៖ «យើង​សុំ​ដល់រដ្ឋាភិបាលដៃគូ​ឯ​ទៀតៗឱ្យចូលរួមជាមួយ​យើងក្នុងការ​បង្កើនការ​សន្យារបស់​ផង​ខ្លួន​ផ្ទាល់ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មានទុរភិក្ស​រាលដាល​និង​ការ​ស្លាប់​មនុស្ស​រាប់លាន​នាក់‍»៕