Accessibility links

Breaking News

បទវិចារណកថា៖ ការថយ​ក្រោយ​ក្នុង​ការបញ្ចប់​ការអត់ឃ្លាន


អ្នកស្រុក​ទូល​ប្រអប់ និង​ស្បោង​អាហារ​ដែល​ចែកចាយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) នៅ​ក្នុង​ក្រុង Kachoda តំបន់ Turkana ភាគ​ខាងជើង​ប្រទេស​កេនយ៉ា កាលពី​ថ្ងៃ​សៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។
អ្នកស្រុក​ទូល​ប្រអប់ និង​ស្បោង​អាហារ​ដែល​ចែកចាយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) នៅ​ក្នុង​ក្រុង Kachoda តំបន់ Turkana ភាគ​ខាងជើង​ប្រទេស​កេនយ៉ា កាលពី​ថ្ងៃ​សៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ពិភពលោក​កំពុងដើរថយក្រោយក្នុង​ការ​បញ្ចប់​ការ​ស្រេកឃ្លាន​ អសន្តិសុខ​ស្បៀង​ និងការ​ខ្វះ​អាហារូបត្ថម្ភ នេះបើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយដោយ​អ.ស.ប.កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា។ កាល​ពី​ឆ្នាំ​ទៅ មនុស្ស៨២៨លាននាក់​ប្រឈមនឹងការស្រេកឃ្លាន ដែលជា​ការកើនឡើង​៤៦លាននាក់​ពី​ឆ្នាំ២០២០ ​និង​១៥០លាននាក់​ច្រើនជាងកាល​ពី​ឆ្នាំ២០១៩។

«ក្នុង​ឆ្នាំ២០២១ មនុស្ស១៩៣​លាននាក់ក្នុងប្រទេស​៥៣នៅ​ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីនិង​អាមេរិកឡាទីនបាន​ប្រឈម​នឹង​ដំណាក់កាលទី​បី​នៃ​វិបត្តិ​ស្រេកឃ្លាននេះ»។នេះជាសម្តី​របស់​នាយិកា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់ការ​អភិវឌ្ឍអន្តរជាតិ USAID លោកស្រី​ Samantha Power។​

លោកស្រីបាន​ថ្លែងថា៖ «តួលេខ​នោះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​បញ្ហាជាច្រើន គឺ​ការ​បាត់បង់​ការងារ​និង​ប្រាក់​ចំណូល ការ​បង្អាក់​សង្វាក់ផ្គត់ផ្គង់ដោយ​សារ​ការរាតត្បាតជំងឺ​កូវីដ​១៩ វិបត្តិនៃ​ការប្រែប្រួល​អាកាសធាតុ សង្គ្រាម​រ៉ាំរ៉ៃ​និង​ការ​រឹតត្បិត​របស់​រដ្ឋាភិបាលមិន​សម្រួលការ​ផ្តល់ជំនួយមនុស្សធម៌​ដល់ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការជំនួយ​ទាំង​នេះ។ តែតួលេខ​នេះ​មិនបាន​រាប់​បញ្ចូល​ការ​បង្កើន​ទុក្ខវេទនា​របស់​មនុស្ស​កាល​ពី​ពេល​ថ្មីៗ​បំផុត​ដោយសារ​ការ​វាយ​លុក​ដោយ​អមនុស្សធម៌របស់លោក Vladimir Putin ក្នុងប្រទេស​អ៊ុយក្រែននោះទេ»។

តាំងពី​រុស្ស៊ីវាយប្រហារ​ប្រទេស​អ៊ុយក្រែនកាលពី​ថ្ងៃទី២៤ ខែកុម្ភៈមក​ កង​យោធា​រុស្ស៊ី​បានបំផ្លាញ​ដី​ស្រែចម្ការ​ កន្លែងស្តុក​កសិផល និង​កន្លែង​កែប្រែ​ផលិតផល​កសិកម្ម ហើយបានរាំង​ខ្ទប់​កំពង់ផែ​សមុទ្រខ្មៅ​នៃប្រទេសអ៊ុយក្រែន បណ្តាល​ឱ្យ​ពោត​និង​ស្រូវសាឡី២០លាន​តោនជាក់គាំង​ក្នុងកន្លែង​រក្សា​ទុកគ្រាប់ធញ្ញជាតិ ​និងនៅ​តាមកន្លែង​នាវា​ចត​ក្នុង​ផែ។ លោកស្រី Power បាន​ថ្លែង​ថា៖ «ការហាមប្រាម​លើ​ការដឹក​ជញ្ជូន​ជី​រុស្ស៊ី​ទៅ​ក្រៅប្រទេស​ដែល​គេ​មិនសូវ​ចាប់អារម្មណ៍នោះ ក៏ជារឿង​អាក្រក់​ដូចការណ៍​ដែលលោក Putin បានរារាំង​ការ​ដឹកជញ្ជូន​កសិផល​អ៊ុយក្រែនទៅ​ប្រទេស​ក្រៅដែរ»។​

លោកស្រី​បាន​មានប្រសាសន៍​ថា៖ «ប្រទេសរុស្ស៊ី​ជា​ប្រទេសដឹក​ជញ្ជូន​ជី​ច្រើន​ជាង​គេទៅលក់ឯប្រទេស​ក្រៅ តែ​ចាប់​ពី​ខែ​វិច្ឆិកាឆ្នាំ​ទៅ​មក រុស្ស៊ីបាន​ចាប់ផ្តើម​រឹតត្បិត​ការផ្គត់ផ្គង់ខ្លះ​របស់​ខ្លួនដល់ផ្សារ​សាកល នាំឱ្យជី​ឡើង​ថ្លៃជាង​មុន​ជិត​បីដង​កាល​ពី​ឆ្នាំ​ទៅ»។

សម្រាប់​កសិករ​នៅ​អាហ្វ្រិក ការណ៍នេះ​អាច​នាំឱ្យ​កសិផលមាន​តិចជាង​មុនចំនួន​២០ភាគរយនៅ​ពេល​ច្រូតកាត់។

ស.រ.អ.កំពុង​ធ្វើការ​ដើម្បីឱ្យមានការឆ្លើយតប​ដោយ​សកម្មដល់​វិបត្តិ​ដែល​លេច​ឡើងនេះ។ កាល​ពី​ខែ​ឧសភា នៅ​ពេល​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ស.រ.អ.​បានដាក់ចេញផែនទី​បង្ហាញ​ផ្លូវមួយសម្រាប់​សន្តិសុខ​ស្បៀង​សាកល។ ប្រេសិត​ពិសេស​ស.រ.អ.សម្រាប់សន្តិសុខ​ស្បៀង​សាកលលោក Cary Fowler បាន​និយាយថា ​ការ​ផ្តើមគំនិត​នេះ«ពិនិត្យមើល​ការអំពាវនាវ​ឱ្យ​ធ្វើ​សកម្មភាពមួយ​ចំនួន មានរួម​បញ្ចូល​ការ​បង្កើន​ជំនួយស្បៀងខាងមនុស្សធម៌ ការ​រក្សា​ផ្សារឱ្យ​បើក​ចំហ ការបង្កើនការផលិត​ជី​និង​ការធ្វើ​វិនិយោគ​ក្នុ​ងប្រព័ន្ធ​ស្បៀង​សាកល​ខ្លាំងក្លា»។

លោក Cary Fowler បានថ្លែង​ថា៖ «ក្នុងការឆ្លើយតបចំពោះវិបត្តិស្បៀង​អាហារ ស.រ.អ.សន្យា​ផ្តល់​ប្រាក់ជិត២៨០០​លានដុល្លារ​ជាជំនួយ​ស្បៀង​គ្រាមានអាសន្ន​ដល់​ទ្វីប​អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក​ឡាទីន និងតំបន់​ Caribbean ចាប់តាំង​ពី​ខែ​កុម្ភៈ»។

លោកបណ្ឌិត Fowler បានពោលថា៖ «ស.រ.អ.នឹងបន្តនាំមុខ​គេជា​មួយ​សកម្មភាពក្នុង​ប្រទេសនិង​សកម្មភាពសាកលរបស់​យើង​ដើម្បី​បញ្ចប់​វិបត្តិ​ស្បៀង​ដែល​មិនធ្លាប់មានពីមុនមកនេះ​។ យើង​អំពាវនាវដល់ប្រទេស​ទាំង​អស់​ឱ្យបញ្ជាក់​ជាថ្មី​អំពី​ការសន្យា​របស់​ពួកគេ​ចំពោះ​ស្ថាប័នពហុភាគី ​ធ្វើឱ្យ​មាន​ជំនឿ​លើប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល​ និង​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បី​កែលម្អ​ទស្សនវិស័យក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​សម្រាប់​សន្តិសុខ​ស្បៀងសាកល។ ​ពិភពលោក​កំពុង​ពឹងផ្អែកលើយើង ដូច្នេះចូរ​យើងទាំង​អស់​គ្នាបំពេញ​ភារកិច្ច​របស់​យើង»៕

XS
SM
MD
LG