បទវិចារណកថា៖ ជំហាន​ឆ្ពោះ​ទៅ​កាន់​ការបញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​អេត្យូពី

រូបឯកសារ៖ ជនភៀសខ្លួន​តម្រង់​ជួរ​ដើម្បី​ទទួល​​​ជំនួយ​ស្បៀង​អាហារ។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មនុស្សរាប់​លាន​នាក់ក្នុងប្រទេស​អេត្យូពី​បន្ត​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀងធ្ងន់ធ្ងរ និង​ការ​ស្រេក​ឃ្លាន​ខ្លាំងដែលជា​លទ្ធផលដោយ​ផ្ទាល់នៃសង្គ្រាម។ ទោះជា​ក្នុងពេល​មានសន្តិភាព​ក៏​ដោយ​ ក៏​មនុស្សក្នុង​តំបន់រង​គ្រោះ​ខ្លាំងនេះ​ នៅ​តែ​ត្រូវ​ការជំនួយស្បៀងដោយ​សារតែមានភាពរាំង​ស្ងួតបី​ឆ្នាំ​ និង​ការ​ច្រូតកាត់​បានផល​មិន​គ្រប់គ្រាន់​នោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការប្រយុទ្ធ​គ្នារវាងកងកម្លាំង​សហព័ន្ធ​ និង​កងកម្លាំង​តំបន់​និង​រណសិរ្សរំដោះ​ប្រជាជន​ Tigray ឬ TPLF បាន​ធ្វើឱ្យ​ស្ថាន​ភាព​ដែល​អាក្រក់​ស្រេច​ទៅហើយ​នោះ ក្លាយ​ជា​មហន្តរាយមនុស្សធម៌​មួយ។ បើ​តាម​អ.ស.ប.បាន​ឱ្យ​ដឹង​ថា ប្រជាជន​ចំនួនជាង​៩០ភាគ​រយ​នៃ​ចំនួន​៥លាន​ ៥សែន​នាក់ក្នុង​តំបន់​ Tigray កំពុង​ត្រូវ​ការ​ជំនួយ​ស្បៀងអាហារ​ជា​បន្ទាន់។

ដោយហេតុ​នេះ​ហើយ​បានជាស.រ.អ. លើកទឹកចិត្តឱ្យរដ្ឋាភិបាល​អេត្យូពី​និង​អាជ្ញាធរ​ក្នុង​តំបន់ Tigray និង Afar ចាត់វិធានការ​កាលពី​ពេលថ្មីៗ​នេះ ដើម្បី​ដាក់ចេញ​នូវ​មូលដ្ឋាន​គ្រឹះ​មួយ​ឆ្ពោះ​ទៅរក​ការបញ្ចប់​សង្គ្រាម និងផ្តល់​លទ្ធភាព​ឱ្យ​មាន​ការដឹកជញ្ជូន​ជំនួយ​ស្បៀង​អាហារ​ទៅដល់​សហគមន៍​ដែល​រងប៉ះពាល់​ដោយសារ​សង្គ្រាម និងត្រូវការ​ជំនួយ​យ៉ាងខ្លាំងនោះ។

ជាឧទាហរណ៍​ នាយករដ្ឋមន្ត្រីអេត្យូពី​លោក Abiy Ahmed បាន​លុបចោល​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោះលែងអ្នក​ទោស​នយោបាយ និង​ជន​ជាប់​ឃុំឃាំងមួយចំនួន​ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ អាជ្ញាធរ​ក្នុង​តំបន់​ Tigray ​ក៏​បាន​ប្រកាសបញ្ឈប់​អរិភាព​ផ្សេងៗ​។ នៅពេល​ជា​មួយ​គ្នា​នេះ កងកម្លាំង Tigray បានដក​កងកម្លាំងខ្លួន​ភាគ​ច្រើន​ចេញ​ពី​តំបន់ Afar ហើយ​បាន​បញ្ជាក់​ជាថ្មី​ទៀតអំពី​ការ​ប្តេជ្ញា​របស់​ពួក​គេចំពោះដំណោះ​ស្រាយ​ដោយ​សន្តិវិធីនៃ​សង្គ្រាម​នេះ។​

បើទោះ​បីជា​យ៉ាងនេះ​ក្តី ក៏​រដ្ឋមន្ត្រីការ​បរទេសស.រ.អ.លោក Antony Blinken បាន​សុំ​ដល់​ភាគី​ទាំង​អស់ឱ្យ​បង្កើន​ អនុវត្ត​ និង​ពង្រីក​ការ​ប្រឹងប្រែង​ទាំង​នេះ ស្រប​ទៅ​តាម​អ្វី​ដែល​លោក​ប្រធានាធិបតីអាមេរិក​ Biden បាន​មានប្រសាសន៍អំពី​ការ​អនុញ្ញាត​ឱ្យ​ជំនួយមនុស្សធម៌​ ចូល​ទៅ​ដល់​ទី​កន្លែង​ដែល​ពលរដ្ឋអេត្យូពី​ត្រូវ​ការជា​បន្ទាន់​ ដោយ​គ្មាន​ការបង្អាក់​ ​ដោយសារ​ជម្លោះ​នោះ»។ លោកបានបន្ថែម​ទៀតថា «នៅ​ពេល​នេះយើង​សុំដល់ភាគីទាំងអស់...ឱ្យក្តាប់​យក​ឱកាស ដើម្បីជំរុញ​ការចរចាឱ្យ​មាន​បទឈប់បាញ់​គ្នា​មួយ​ ដោយ​មានរួម​បញ្ចូលការ​ចាត់ចែង​ខាង​សន្តិសុខ​ជា​ចាំ​បាច់​ និង​អំពាវនាវ​ឱ្យបង្កើត​ឡើង​វិញ​នូវសេវាសំខាន់ផ្សេងៗនៅ​ក្នុង​តំបន់ Tigray ឱ្យ​បានឆាប់​រហ័ស»។

ស.រ.អ.ប្រុងប្រៀបរួច​ជាស្រេច ដើម្បី​បន្ត​ជួយក្នុង​កិច្ចប្រឹងប្រែងសង្គ្រោះ​ជីវិត ហើយ​នៅ​តែ​មាន​ការ​តាំង​ចិត្ត​ជួយ​ដល់​ប្រទេស​អេត្យូពី​ឱ្យ​ធ្វើ​ការរួប​រួម​គ្នា ​មាន​ភាព​សំបូរ​រុង​រឿង​ ​និងមានអធិបតេយ្យភាព ក៏​ដូច​ជា​ការ​គាំទ្រដល់​ដំណើរការនយោបាយដែល​មាន​ការ​ចូលរួម​ពីគ្រប់​ភាគី​ចម្រុះ ដើម្បីផ្សះផ្សា​ការ​បែក​បាក់គ្នា​របស់ប្រទេស​នេះ ​និង​ផ្តល់​សន្តិភាព និង​សន្តិសុខដល់​ប្រជាជនអេត្យូពី​គ្រប់ៗ​គ្នាផង​ដែរ៕