តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សកម្មភាពមួយក្នុងបណ្តាសកម្មភាពផ្លូវការដំបូងៗរបស់លោកប្រធានាធិបតី Joe Biden គឺការចុះហត្ថលេខាលើឯកសារដើម្បីចួលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីស។ ឯកសារនេះ អំពាវនាវដល់បណ្តាប្រទេសហត្ថលេខីឱ្យកាត់បន្ថយការសាយភាយឧស្ម័នកាបូនិករបស់ពួកគេ ដើម្បីធ្វើឱ្យកំណើនសីតុណ្ហភាពសាកលជាមធ្យមភាគនៅក្រោម២អង្សាសេលើសពីកម្រិតមុនយុគសម័យឧស្សាហកម្មនិងឱ្យខិតខំប្រឹងប្រែងកម្រិតកំណើននេះ ត្រឹម១,៥អង្សាសេ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយកាលពីពេលថ្មីៗនេះថា «ពិភពលោកបានយឺតយ៉ាវរួចទៅហើយ ពីក្រោយគោលដៅដែលយើងបានកំណត់កាលពី៦ឆ្នាំមុនជាមួយកិច្ចព្រមព្រៀងក្រុងប៉ារីស»។
លោកបាននិយាយថា៖ «ហើយនៅពេលនេះយើងដឹងថា គោលដៅទាំងនោះមិនទាំងមានគ្រប់គ្រាន់ផងសម្រាប់ពេលនោះ។ សព្វថ្ងៃនេះ វិទ្យាសាស្ត្រមានភាពជាក់លាក់ គឺយើងត្រូវការទប់ការកើនកម្តៅនៅលើផែនដីមិនឱ្យលើស១,៥អង្សាសេ ដើម្បីបញ្ចៀសមហន្តរាយ»។
ប្រទេសអាមេរិកដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនទីពីរក្នុងពិភពលោក អាចធ្វើវិភាគទានច្រើនក្រាស់ក្រែលដើម្បីដោះស្រាយវិបត្តិនេះ»។
លោក Blinken បានថ្លែងថា៖ «ក៏ប៉ុន្តែការណ៍នេះ មិនគ្រប់គ្រាន់ទេ។ ទោះជាប្រសិនបើសហរដ្ឋអាមេរិកធ្វើមិនឱ្យលែងមានការសាយភាយឧស្ម័នផ្ទះកញ្ចក់សោះនៅថ្ងៃស្អែកក៏ដោយ ក៏យើងនឹងចាញ់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបើយើងមិនអាចដោះស្រាយការសាយភាយជាង៨៥ភាគរយចេញពីផ្នែកដទៃក្នុងពិភពលោក»។
ហើយការមិនបានដោះស្រាយបញ្ហានេះឱ្យបានគ្រប់គ្រាន់ នឹងនាំឱ្យមានផលវិបាកធំៗ។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «បើយើងលើកយកឧបសគ្គខាងសន្តិសុខមួយមកនិយាយ។ ការប្រែប្រួលធាតុអាកាសទំនងជានឹងធ្វើឱ្យ[បញ្ហាសន្តិសុខនោះ] កាន់តែអាក្រក់ជាងមុន»។
លោក Blinken បាននិយាយថា៖ «ការប្រែប្រួលធាតុអាកាសបង្កើនជម្លោះដែលមានរួចហើយ នឹងបង្កើនលទ្ធភាពនៃការកកើតជម្លោះថ្មីៗទៀត ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានរដ្ឋាភិបាលខ្សោយ ហើយមិនសូវមានប្រភពធនធានច្រើន។ ក្នុងបណ្តាប្រទេស២០ដែលអង្គការកាកបាទក្រហមចាត់ទុកថា អាចរងគ្រោះដោយងាយបំផុតដោយសារការប្រែប្រួលធាតុអាកាស មានប្រទេស១២ដែលមានជម្លោះអាវុធរួចស្រេចហើយ»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា ការប្រែប្រួលធាតុអាកាសក៏អាចបង្កើតកន្លែងមានជម្លោះថ្មីៗទៀតដែរ ដូចជាតំបន់អាកទិកដែលនៅទីនោះ ប្រទេសរុស្ស៊ីកំពុងព្យាយាមគ្រប់គ្រងកន្លែងថ្មីៗ។
លោកបានថ្លែងថា៖ «រុស្ស៊ីកំពុងធ្វើទំនើបកម្មមូលដ្ឋានយោធារបស់ខ្លួនក្នុងតំបន់អាកទិក និងកំពុងកសាងមូលដ្ឋានថ្មីៗថែមទៀត ដោយមានរួមបញ្ចូលមួយនៅចម្ងាយតែ៣០០មៃល៍ (៤៨២គីឡូម៉ែត្រ) ពីរដ្ឋ Alaska។ ប្រទេសចិនក៏បង្កើនវត្តមាននៅក្នុងតំបន់អាកទិកដែរ»។
ជាទីបញ្ចប់ ការប្រែប្រួលធាតុអាកាសក៏នាំឱ្យមានចំណាកស្រុកដែរ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «មានខ្យល់ព្យុះសង្ឃរាអាត្លង់ទិកជាង១៣ កាលពីឆ្នាំ២០២០ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រា។ ផ្នែកកណ្តាលនៃទ្វីបអាមេរិក បានរងគ្រោះខ្លាំង។ នៅពេលមានមហន្តរាយប្រជារាស្ត្រដែលរស់នៅក្នុងភាពក្រីក្រហើយនោះ ត្រូវបង្ខំចិត្តបោះបង់សហគមន៍ពួកគេដើម្បីស្វែងរកកន្លែងល្អប្រសើរជាងមុនដើម្បីរស់នៅ»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «រដ្ឋបាលរបស់លោកប្រធានាធិបតី Biden និងអ្នកស្រីអនុប្រធានាធិបតី Harris នឹងចាត់វិធានការច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ នេះជាកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងធំមហិមារបស់រដ្ឋាភិបាលយើង និងនៅទូទាំងប្រទេសជាតិយើង។ អនាគតរបស់យើងអាស្រ័យលើការជ្រើសរើសដែលយើងធ្វើនៅថ្ងៃនេះ»៕