តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មានរយៈពេលជាង១០ឆ្នាំមកហើយដែលរបបគ្រប់គ្រង Assad នៅក្នុងប្រទេសស៊ីរីបានចុះហត្ថលេខាលើអនុសញ្ញាអាវុធគីមី ហើយបានសន្យាថា មិនមែនត្រឹមតែមិនប្រើអាវុធគីមីជាដាច់ខាតប៉ុណ្ណោះទេ តែបានយល់ព្រមដល់ការហាមប្រាមរបស់អនុសញ្ញាអំពីអាវុធគីមី CWC ប្រឆាំងនឹងការអភិវឌ្ឍន៍ ការផលិត ការរក្សាទុកនិងការផ្ទេរអាវុធទាំងនេះផងដែរ។ ក្នុងពេលមួយទសវត្សរ៍នោះ កិច្ចសហប្រតិបត្តិការរបស់របបគ្រប់គ្រងនេះជាមួយអង្គការអនុវត្តអនុសញ្ញានេះគឺអង្គការហាមប្រាមអាវុធគីមី ឬ OPCW បានងាករេរវាងការមិនទៀងទាត់និងការគ្មានតែម្តង។
នៅក្នុងការប្រជុំមួយកាលពីពេលថ្មីៗនេះនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. លោក Adedeji Ebo នាយកនិងជាអ្នកតំណាងជាន់ខ្ពស់រងខាងកិច្ចការដកអាវុធបានប្រកាសថា សេចក្តីប្រកាសរបស់រដ្ឋាភិបាលក្រុងដាម៉ាស់អំពីឃ្លាំងអាវុធគីមីរបស់ខ្លួនមិនអាចត្រូវចាត់ទុកថាត្រឹមត្រូវនិងគ្រប់សព្វទេ ពីព្រោះមានចន្លោះ មានភាពមិនទៀងទាត់ និងការមិនស្របគ្នាដោយអន្លើ។
អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកប្រចាំអ.ស.ប.លោក Robert Wood បានចង្អុលបង្ហាញថា ក្នុងពេលមួយទសវត្សរ៍មកហើយសហរដ្ឋអាមេរិកនិងប្រទេសភាគច្រើនក្នុងសហគមន៍អន្តរជាតិ បានថ្កោលទោសរបបគ្រប់គ្រង Assad អំពីការរំលោភច្រើនដងលើអនុសញ្ញា CWC ការប្រើអាវុធគីមីច្រើនដងនិងមានការបញ្ជាក់ដោយឯករាជ្យប្រឆាំងនឹងប្រជារាស្ត្រស៊ីរីនិងការមិនបានប្រកាសឱ្យបានពេញលេញនិងមិនបានបំផ្លាញអាវុធគីមីរបស់ខ្លួន។
លោកឯកអគ្គរដ្ឋទូត Wood បានហៅរបាយការណ៍របស់ OPCW កាលពីពេលថ្មីៗនេះថា «នាំឱ្យភ្ញាក់ផ្អើល» និង«នាំឱ្យមានកង្វល់»។
លោកបាននិយាយថា៖ «ដូចដែលមានការប្រមូលឯកសារត្រឹមត្រូវនៅក្នុងរបាយការណ៍ទាំងនេះរបស់ OPCW របបគ្រប់គ្រងស៊ីរីបន្តធ្វើឱ្យសាំញ៉ាំនិងបង្អាក់ការងាររបស់ OPCW និងក្រុមបច្ចេកទេសនានារបស់អង្គការនេះដែលស្វះស្វែងទាក់ទងពេញទំហឹងជាមួយប្រទេសស៊ិរីក្នុងការបំពេញកិច្ចការតាមអាណត្តិរបស់ពួកគេ។ ...ការរកឃើញកាលពីពេលថ្មីៗនេះដោយក្រុមវាយតម្លៃរបស់អង្គការ OPCW នាំឱ្យយើងខ្វល់ខ្វាយខ្លាំងថា របបគ្រប់គ្រងស៊ីរីនៅតែរក្សាទុកសមត្ថភាពដែលនៅសល់ខាងអាវុធគីមី»។
លោកឯកអគ្គរដ្ឋទូត Wood បានកត់សម្គាល់ថា សេចក្តីរាយការណ៍របស់អគ្គនាយកនៃអង្គការ OPCW លោក Fernandi Arias មានឡើងក្រោយសន្និសីទ OPCW នៃពួករដ្ឋជាភាគីដែលបានផ្តល់អនុសាសន៍ឱ្យរដ្ឋទាំងនេះចាត់«វិធានការរួមគ្នា»ដើម្បីបញ្ចៀសកុំឱ្យមានការផ្ទេរសារធាតុគីមីនិងគ្រឿងឧបករណ៍ប្រើការបានពីរបែបទៅឱ្យប្រទេសស៊ីរី។
លោក Wood បានថ្លែងថា៖ «ក្រុមរដ្ឋជាភាគីត្រូវតែបញ្ចៀសកុំឱ្យវត្ថុទាំងនេះធ្លាក់ក្នុងកណ្តាប់ដៃរបបគ្រប់គ្រង Assad និងពួកតួអង្គមិនមែនជារដ្ឋ ជាពិសេសក្រុមភេរវជន»។
លោកឯកអគ្គរដ្ឋទូត Wood បានប្រកាសថា៖ «ការគំរាមកំហែងដាក់ឱ្យមានដល់ជនជាតិស៊ីរីនិងសហគមន៍អន្តរជាតិដោយការណ៍ដែលស៊ីរីនៅតែបន្តមិនប្រព្រឹត្តតាមអនុសញ្ញា CWC និងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ជាការនាំឱ្យភ្ញាក់ផ្អើល។ យើងសន្យាធ្វើការជាមួយក្រុមប្រឹក្សានេះនៅក្នុងវេទិកាពហុភាគីនិងជាមួយក្រុមប្រទេសជាដៃគូដើម្បីដោះស្រាយការគំរាមកំហេងនេះ និងធ្វើឱ្យប្រាកដប្រជាថា របបគ្រប់គ្រង Assad មិនបំភិតបំភ័យប្រជារាស្ត្រស៊ីរីទៀតជាមួយអាវុធគីមី»៕