តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងការសន្ទនាតាមទូរសព្ទមួយកាលពីពេលថ្មីៗនេះរវាងលោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នៃសាធារណរដ្ឋប្រជាមានិតចិន ការសន្ទនាគ្នានោះ បានផ្តោតការយកចិត្តទុកដាក់លើការចូលលុកលុយដោយគ្មានការបង្ករឿងរបស់ Putin ក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី Biden បានបង្ហាញកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនិងពួកសម្ព័ន្ធមិត្តខ្លួនក្នុងការបញ្ចៀសនិងបន្ទាប់មកឆ្លើយតបនឹងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយមានរួមបញ្ចូលការដាក់វិធានការឱ្យមានការបង់ខាតលើរុស្ស៊ីផងដែរ។ សេតវិមានបាននិយាយថា លោកប្រធានាធិបតី Biden «បានពណ៌នាអំពីផលប៉ះពាល់និងផលវិបាក ប្រសិនបើចិនផ្តល់ការគាំទ្រខាងសម្ភារៈដល់រុស្ស៊ី ខណៈដែលប្រទេសនេះធ្វើការវាយប្រហារយ៉ាងឃោរឃៅលើទីក្រុងនិងក្រុមជនស៊ីវិលអ៊ុយក្រែន»។
កាលពីពេលថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ីកាន់តែជិតស្និទ្ធនឹងគ្នាជាងមុន។ កាលពីខែកុម្ភៈ មេដឹកនាំនៃប្រទេសទាំងពីរនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយប្រកាសទំនាក់ទំនងរវាងប្រទេសទាំងពីរថាជាភាពជាដៃគូមួយដែល«គ្មានកម្រិត»។ សាធារណរដ្ឋប្រជាមានិតចិន មិនបានថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ការសម្លាប់និងការខ្ចាត់ព្រាត់របស់ជនស៊ីវិលស្លូតត្រង់និងការបំផ្លាញទីក្រុងនានានៃប្រទេសនេះទេ។ ពួកមន្ត្រីរបស់រដ្ឋបាលលោក Biden បានសម្តែងកង្វល់ថាសាធារណរដ្ឋប្រជាមានិតចិន ប្រហែលពិចារណាជួយផ្តល់ឧបករណ៍យោធានិងការគាំទ្រខាងសេដ្ឋកិច្ចដែលអាចអនុញ្ញាតឱ្យរុស្ស៊ីសម្រាលផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មដោយប្រទេសនៅជុំវិញពិភពលោកជាការឆ្លើយតបនឹងអំពើឈ្លានពានរបស់ខ្លួន។
នៅក្រោយការនិយាយទូរសព្ទនោះមក លោកស្រី Jens Psaki អ្នកនាំពាក្យសេតវិមានបាននិយាយថា លោកប្រធានាធិបតី Biden ពេញចិត្តថាលោកបាននិយាយច្បាស់លាស់ប្រាប់ប្រធានាធិបតី Xi អំពីផលវិបាកសម្រាប់សាធារណរដ្ឋប្រជាមានិតចិន ប្រសិនបើប្រទេសនេះជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោក Putin ហើយលោកស្រីបានកត់សម្គាល់ថា ខ្សែគមនាគមន៍រវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន នៅតែបើកចំហ។ លោកស្រីបានថ្លែងថានៅពេលនេះថា៖ «ប្រធានាធិបតី Xi ត្រូវតែសម្រេចអំពីអ្វីដែលលោកនឹងធ្វើអំពីបញ្ហានេះ»។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ជាការទទួលខុសត្រូវរបស់ប្រទេសទាំងអស់ក្នុងការនិយាយឱ្យបានច្បាស់លាស់អំពីគោលជំហរខ្លួនចំពោះការលុកលុយដោយគ្មានការបង្ករឿងនិងមិនត្រឹមត្រូវរបស់រុស្ស៊ីចូលអ៊ុយក្រែន។ លោកបាននិយាយថា ដោយសារទំនាក់ទំងរបស់ខ្លួនជាមួយរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិន «អាចជួយបញ្ចប់អំពើហិង្សានេះ ការបង្ហូរឈាមនេះ ការបំផ្លិចបំផ្លាញនេះនិងសង្គ្រាមនេះបាន។ តែយើងមិនទាន់ឃើញការណ៍នេះនៅឡើយទេ»។
អ្នកនាំពាក្យលោក Price បានកត់សម្គាល់ថា ជាច្រើនឆ្នាំមកហើយ ប្រទេសចិនបានគូសបញ្ជាក់អំពីសារៈសំខាន់នៃអធិបតេយ្យភាពរបស់រដ្ឋទាំងអស់។ លោកបានប្រកាសថានៅពេលអធិបតេយ្យភាពរងការវាយប្រហារ«ប្រទេសនានានៅទូទាំងពិភពលោកមានឱកាសបង្ហាញថា ពួកគេនឹងធ្វើតាមអ្វីដែលពួកគេបាននិយាយ។ ប្រសិនបើសាធារណរដ្ឋប្រជាមានិតចិន ចង់បង្ហាញដល់ពិភពលោកថាខ្លួនធ្វើតាមអ្វីដែលខ្លួនបាននិយាយ ថាខ្លួនឈរពីក្រោយគោលការណ៍ដែលខ្លួនបានអះអាងថាឈរពីក្រោយជាច្រើនឆ្នាំនិងច្រើនទសវត្សរ៍មកហើយនោះ នៅពេលនេះគឺជាឱកាសមួយសម្រាង់ឱ្យចិនបង្ហាញដូច្នេះ»៕