បទវិចារណកថា៖ ពានរង្វាន់​ជើងឯក​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​ឆ្នាំ២០២៣

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony J. Blinken នៅក្នុង​ពិធី​សម្ពោធ​ពាន​រង្វាន់​ជើង​ឯក​ប្រឆាំង​នឹង​​ការរើសអើង​ពូជសាសន៍​ឆ្នាំ២០២៣ របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ដើម​ខែ​សីហា ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្ពោធ​ពាន​រង្វាន់ជើង​ឯក​ប្រឆាំង​នឹងការរើសអើង​ពូជសាសន៍​ឆ្នាំ២០២៣ ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។ រង្វាន់​នេះ​ទទួល​ស្គាល់ក្រុម​បុគ្គល​នៅ​ទូទាំង​ពិភពលោក​ដោយសារការ​ប្រឹង​ប្រែងរបស់ពួក​គេ ដើម្បី​ជំរុញ​ឱ្យមាន​សមភាព​ខាង​ពូជសាសន៍ ​និង​ការ​ប្រឆាំង​នឹងការ​ប្រកាន់​ពូជសាសន៍ ​ការរើសអើង​ខាង​ពូជសាសន៍​ និង​ខាង​ជាតិ​ពន្ធុ​និង​ការ​ស្អប់​ជនបរទេស។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Antony Blinken​ បាន​សរសើរដល់​កិច្ចប្រឹងប្រែង​របស់ពួក​មេដឹកនាំស៊ីវិល​៦នាក់ រួមមានលោកស្រី Kari Guajajara មេធាវី​ជនជាតិ​ដើម​មក​ពី​ប្រទេស​ប្រេស៊ីល​ ដោយសារ​ការ​ប្រឹងប្រែង​របស់​លោកស្រី ​ដើម្បី​លើក​តម្កើង​សិទ្ធិ​របស់​ជនជាតិ​ដើម​ប្រឆាំង​នឹងអំពើ​ហិង្សា​ផ្អែក​លើយេនឌ័រ​ និងគាំទ្រការថែរក្សា​ព្រៃ​ស្រោង​ក្នុង​ប្រទេស​ប្រេស៊ីល។

លោក​ Oswaldo Bilbao Lobaton បាន​បង្កើត​អង្គការ​មួយ​សម្រាប់ផ្ចុងផ្ដើម​សិទ្ធិ​ក្រុមពលរដ្ឋ​ប៉េរូ​ដើម​កំណើត​អាហ្វ្រិក។ ការងារ​របស់លោក Oswaldo បាន​ប្រមូល​ផ្តុំ​សហគមន៍​ជន​ស្បែកខ្មៅនៅ​ប៉េរូ​ជាមួយ​គ្នា ​ហើយ​កិច្ចប្រឹងប្រែង​របស់​លោកក្នុង​ការ​ណែនាំ​ពួក​មេដឹកនាំ​វ័យក្មេង​នៃ​ជនជាតិ​ប៉េរូដើមកំណើត​អាហ្វ្រិក​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ​ការងារ​របស់​លោក​នឹង​បន្ត​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ​ទៀត។

លោកស្រី Victorina Luca គាំទ្រ​ក្រុម​ជន​អំបូរ​ Roma នៃ​ប្រទេស​ម៉ុលដាវី (Moldova)​ ដែល​បាន​ប្រឈម​នឹងការ​រំលោភ ស្លាកស្នាម​ទុយ៌ស ​និង​ការ​យាយី។ លោកស្រី Victorina ក៏​បាន​ចាត់ចែង​ការ​ប្រគល់​ស្បៀងអាហារ​និង​គ្រឿង​ផ្គត់ផ្គង់​ឯទៀតៗ​ដល់​ជនភៀសខ្លួន Roma អ៊ុយក្រែន​ជាង​ ៣.០០០​ នាក់ ក្រោយពី​ការ​លុកលុយគ្មាន​ការបង្ក​រឿង​របស់​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន។ លោកស្រី​ក៏​បាន​បង្កើត​ស្ថានីយ​វិទ្យុ​ភាសា​ Roma មួយដើម្បី​ផ្តល់​ការ​សិក្សា​អប់រំ ការ​កម្សាន្ត​ និង​ការផ្តល់​អំណាច​ឱ្យ​ក្រុម​ជន​អំបូរ​ Roma នៅទូទាំងប្រទេស​ម៉ុលដាវី​ និង​ក្រុម​ជន​អំបូរ​ Roma ចាកចេញ​ពី​ម៉ុលដាវី។

ការជួប​ប្រទះ​ផ្ទាល់​របស់​លោកស្រី Saadia Mosbah ដែល​ត្រូវ​បាន​រើសអើង​ដោយសារ​លោកស្រី​ជា​ជនស្បែក​ខ្មៅ​ក្នុង​ប្រទេស​ទុយនីស៊ី​បានជំរុញ​ចិត្ត​លោកស្រី​ឱ្យ​បង្កើត​អង្គការ Mnemty មាន​ន័យ​ថា ​«សុបិន​របស់ខ្ញុំ» ដើម្បី​ជំរុញ​សិទ្ធិ​ប្រជាពលរដ្ឋទុយនីស៊ី​ស្បែក​ខ្មៅ​ដែល​បាន​ជួយទុយនីស៊ី​ឱ្យ​ក្លាយ​ជាប្រទេស​អារ៉ាប់​ទីមួយ​ដែល​ចាត់ទុក​ការរើសអើង​ខាង​ពូជសាសន៍​ជាបទ​ព្រហ្មទណ្ឌ។

លោកស្រី Sarswati Nepali បានចំណាយ​ពេល​ជាង​២០ឆ្នាំ​ការពារ​សិទ្ធិ​ក្រុម​ជន Dalits ឬ​អ្វី​ដែល​ហៅ​ថា ​វណ្ណៈ​«ត្រកូល​ទាប»​នៅក្នុង​ប្រទេសនេប៉ាល់។​ លោក​ស្រី​បានធ្វើ​យុទ្ធនាការ​ដោយ​ជោគជ័យដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ជន​អំបូរ Dalits ធ្វើការគោរព​បូជា​ក្នុង​ព្រះវិហារ​ហិណ្ឌូ​មានប្រជាប្រិយភាព និង​កម្ចាត់​ការ​ធ្វើ​ការងារ​សង​បំណុលក្នុង​ប៉ែក​ខាង​លិចនៃប្រទេស​នេប៉ាល់ ដែល​បាន​ដាក់អន្ទាក់​គ្រួសារ Dalit ច្រើន​ជំនាន់។

ជា​ទី​បញ្ចប់ លោកស្រី Rani Yan Yan ជា​មេដឹកនាំ​កុលសម្ព័ន្ធ​មួយ​និង​ជា​សកម្មជន​ខាង​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​បង់ក្លាដែស ដែល​នៅ​ទីនោះ​សហគមន៍ដូចជា​សហគមន៍លោកស្រី​ជា​ដើមប្រឈម​នឹងការ​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង ការ​រឹបអូស​យក​ដីធ្លី​ និង​អំពី​ហិង្សា​ដោយ​រដ្ឋាភិបាល។ លោក​ស្រី​បាន​គាំទ្រ​ឱ្យ​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ សមភាពយេនឌ័រ ការ​ចូល​រួម​ខាងនយោបាយ​នៃ​ពួក​ស្ត្រី​ជា​ជនជាតិ​ដើម​ និង​ការ​ណែនាំសកម្មភាព​យុវជន​អំពី​ភាពចម្រុះ​និង​បរិយាប័នសង្គម​ទោះ​ជា​លោកស្រី​ប្រឈម​នឹងការរើសអើង​និង​អំពើ​ហិង្សាដោយ​ផ្ទាល់​ក៏ដោយ។

លោក​រដ្ឋមន្ត្រី​ Blinken បានមាន​ប្រសាសន៍​ប្រាប់​ជ័យលាភីទាំង​នេះ​ថា៖ «ពិភពលោក​មាន​សំណាង​ល្អ​ណាស់ ​ដោយ​មាន​លោកអ្នក​ជា​ពលរដ្ឋ​មាន​ការ​ប្តេជ្ញា ​លះបង់​ជីវិត​លោកអ្នក​ដើម្បី​ជំរុញ​សិទ្ធិនិង​ជីវិត​អ្នក​ឯ​ទៀត​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន។ ហើយ​អ្វី​ដែល​ខ្ញុំចង់​ប្រាប់​លោកអ្នក​នៅ​ថ្ងៃនេះ​គឺ​ថា​ ដោយសារ​លោកអ្នក​បន្ត​ការងារដែល​លោកអ្នក​កំពុង​ធ្វើ គឺ​ការងារដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នេះ សហរដ្ឋ​អាមេរិក​នឹង​ឈរ​ដោយ​មោទនភាពចាំ​គាំទ្រលោកអ្នក»៕