តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
ព័ត៌មានដែលប្រមូលបានសម្រាប់របាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាឧទាហរណ៍នៃការបង្កើតគោលនយោបាយដោយផ្អែកលើទិន្នន័យ នេះបើតាមឯកអគ្គរដ្ឋទូតគោចរសម្រាប់សេរីភាពសាសនាអន្តរជាតិលោក Rashad Hussain ដែលបាននិយាយនៅពេលចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនេះ។
លោក Rashad Hussain បានថ្លែងថា «នៅក្នុងរបាយការណ៍នេះជារឿងរ៉ាវរបស់បុគ្គលរាប់ពាន់នាក់ដែលព្យាយាមតាមវិធីរៀងៗខ្លួនដើម្បីរស់នៅស្របតាមមនសិការរបស់ពួកគេ»។
លោកឯកអគ្គរដ្ឋទូត Hussain បានលើកឡើងពីករណីរបស់លោក Hkalam Samson ដែលជាគ្រូគង្វាលដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ដោយសារតែលោកបានតស៊ូមតិដើម្បីសេរីភាពសាសនាសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសភូមា។
លោកឯកអគ្គរដ្ឋទូត Hussain បានថ្លែងថា៖ «លោក Samson គឺស្ថិតក្នុងចំណោមសកម្មជន និងមេដឹកនាំសាសនាជាច្រើន រួមទាំងមេដឹកនាំសាសនាគ្រិស្ត សាសនាព្រះពុទ្ធ និងសាសនាអ៊ិស្លាម ដែលរបបគ្រប់គ្រងនៅភូមាបានកំណត់គោលដៅសម្រាប់ការគាបសង្កត់ និងចាប់ដាក់ពន្ធនាគារយ៉ាងឃោរឃៅ»។
របាយការណ៍ក៏បានលើកឡើងអំពីការគាបសង្កត់ដែលកំពុងបន្តកើតមានឡើងនៅក្នុងប្រទេសចិន ការប្រឆាំងនឹងជនជាតិ Uyghurs កាន់សាសនាអ៊ិស្លាម អ្នកកាន់ព្រះពុទ្ធសាសនានៅដែនដីទីបេ អ្នកកាន់សាសនាគ្រិស្ត និងអ្នកកាន់សាសនា Falun Gong ផងដែរ។
អ្នកដែលមានវត្តមាននៅក្នុងការចេញផ្សាយរបាយការណ៍នេះ មានសមាជិកនៃក្រុមអ្នកកាន់សាសនា Falun Gong គឺអ្នកស្រី Yuhua Zhang ដែលបច្ចុប្បន្នជាអ្នករស់នៅសហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានជាប់ពន្ធនាគារ និងរងទារុណកម្មនៅក្នុងប្រទេសចិន ហើយដែលចង់ជួបជុំជាមួយស្វាមីរបស់អ្នកស្រីដែលកំពុងជាប់ពន្ធនាគារដោយសារជំនឿសាសនារបស់លោក។
របាយការណ៍ដដែលនេះក៏បានចងក្រងករណីដែលអំពើហិង្សាកើតឡើងនៅក្នុងសង្គមផងដែរ។
ជាឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌា សហគមន៍អ្នកកាន់សាសនាគ្រិស្តបានរាយការណ៍ថា ប៉ូលិសក្នុងតំបន់បានជួយដល់ហ្វូងមនុស្សដែលរំខានដល់ការថ្វាយបង្គំ ដោយសារមានការចោទប្រកាន់សកម្មភាពបំប្លែង ឬប៉ូលិសឈរនៅក្បែរនោះ ខណៈហ្វូងមនុស្សវាយប្រហារពួកគេ ហើយបន្ទាប់មកបានចាប់ខ្លួនជនរងគ្រោះពីបទបំប្លែង។ ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ បុរសកាន់សាសនាអ៊ិស្លាមម្នាក់ត្រូវបានហ្វូងមនុស្សគប់ដុំថ្មទៅលើដោយសារត្រូវបានគេចោទប្រកាន់ពីបទប្រមាថ»។
ក៏ប៉ុន្តែ លោកឯកអគ្គរដ្ឋទូត Hussain ក៏បាននិយាយអំពីក្តីសង្ឃឹមផងដែរថា៖ «យើងដឹងអំពីការផ្លាស់ប្តូរដ៏មានឥទ្ធិពលដែលអាចធ្វើទៅបាន នៅពេលដែលរដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នាក្រោកឈរឡើងដើម្បីសេរីភាពសាសនា»។
លោកឯកអគ្គរដ្ឋទូត Hussain បានថ្លែងបន្ថែមទៀតថា «អ្នកស្រី Asia Bibi លែងជាប់ក្នុងពន្ធនាគារនៅក្នុងប្រទេសប៉ាគីស្ថានដែលប្រឈមនឹងការកាត់ទោសប្រហារជីវិតទៀតហើយ។ អ្នកស្រី Meriam Ibrahim និងកូនស្រីដែលអ្នកស្រីបានសម្រាលនៅក្នុងពន្ធនាគារនៅក្នុងប្រទេសស៊ូដង់បានមានសេរីភាព។ លោកអាចារ្យ Rolando Alvarez ដែលបាននិរទេសខ្លួនពីប្រទេសកំណើតរបស់លោក គឺប្រទេសនីការ៉ាហ្គា កំពុងនៅជាមួយនឹងអាចារ្យផ្សេងៗនៅបុរីវ៉ាទីកង់។ រីឯអ្នកស្រី Fatemeh (Mary) Mohammadi វិញ បន្ទាប់ពីឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ចេញពីប្រទេសអ៊ីរ៉ង់ ឥឡូវនេះ អ្នកស្រីអាចប្រាប់រឿងរ៉ាវរបស់អ្នកស្រីអំពីការស្វែងរកសេរីភាពរបស់អ្នកស្រី»។
លោកឯកអគ្គរដ្ឋទូត Hussein បាននិយាយទៀតថា៖ «ការប្រមូលព័ត៌មានខាងលើនេះ ជាការងាររបស់យើង ហើយនោះជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់របាយការណ៍នេះ ដើម្បីបង្ហាញអំពីអ្នកទាំងអស់ដែលកំពុងប្រឈមមុខនឹងការបៀតបៀនខាងប្រតិបត្តិសាសនានៅជុំវិញពិភពលោក»៕