Accessibility links

Breaking News

បទវិចារណកថា៖ លោក Blinken ប្រគល់​រង្វាន់​សេរីភាព​សាសនា​អន្តរជាតិ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​អំពី​ការចេញផ្សាយ​របាយការណ៍​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​អំពី​ការចេញផ្សាយ​របាយការណ៍​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេល​ថ្មីៗនេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រគល់រង្វាន់សេរីភាព​សាសនាអន្តរជាតិ ​(International Religious Freedom Awards) ​ដល់​បុគ្គល៧នាក់និង​បព្វជិត​មួយក្រុម​ជាការទទួល​ស្គាល់សេចក្តីក្លាហាន និងការប្តេជ្ញា​របស់ពួក​គេ​ក្នុង​ការឧបត្ថម្ភ​ផ្ចុងផ្តើមនិង​ការពារសេរីភាព​សាសនាសាកល។

ជ័យ​លាភីទីមួយ ​គឺ​លោក​ Farid Ahmed បាន​បន្ត​ផ្សព្វផ្សាយសារ​នៃសេចក្តី​សង្ឃឹមនិង​ការអន់ឱន​នៅក្នុង​ប្រទេស​នូវែលសេឡង់និង​ក្នុង​ទូទាំង​ពិភពលោកក្រោយភរិយា​លោក​ត្រូវ​បានសម្លាប់​នៅ​ព្រះវិហារ​ mosque មួយក្នុងក្រុង Christchurch។

នៅក្នុងប្រទេស​នីហ្សេរីយ៉ាលោក​ Kola Alapinni ជា​មេធាវី​សិទ្ធិ​មនុស្សអន្តរជាតិម្នាក់ដែលការពារខាង​ផ្លូវ​ច្បាប់ក្នុង​ករណី​សេរីភាព​សាសនា​ជា​ច្រើននិងជំទាស់​នឹង​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្តី​ពី​ការប្រមាថ​ខាង​សាសនា។

ជ័យ​លាភីម្នាក់​ទៀត គឺ​លោក​ Mirza Dinnayi អ្នកការពារសិទ្ធិ​មនុស្ស Yezidi ក្លាហានម្នាក់​និង​ជាសកម្មជន​ខាង​សេរីភាព​សាសនាដែល​បាន​ឧទ្ទិសជីវិតលោកក្នុង​ការជួយ​ក្រុមជនរងគ្រោះ​ដោយសារ​ភេរវកម្មនិង​ការរើសអើង ការជម្លៀសស្ត្រីនិងកុមារ​ពី​ដែនដី​គ្រប់គ្រង​ដោយពួក ISIS និង​ផ្តល់ឱ្យអ្នកនៅ​រស់រានមានជីវិតនូវ​ការធ្វើឱ្យ​ល្អ​ឡើង​វិញ​និង​ការគាំទ្រដោយមិនគិត​កម្រៃ។

លោក Peter Jacob ជា​អ្នកការពារសេរីភាព​សាសនា​និង​សិទ្ធិ​មនុស្ស​គ្មាន​នឿយ​ហត់ ម្នាក់​ដែល​បាន​ចំណាយ​ពេលវេលាជាង​៣៥ឆ្នាំ​ប្រយុទ្ធដើម្បីសិទ្ធិ​សហគមន៍​ជនភាគ តិច​ខាង​សាសនា។

ចាប់តាំង​ពី​ឆ្នាំ ២០១៩ មក​ លោកស្រី Martha Patricia Molina Montenegro បាន​ប្រមូល​ឯកសារ​អំពី​ការសង្កត់សង្កិនរបស់រដ្ឋាភិបាលនីការ៉ា​ហ្គ័រ​លើអង្គការវិហារកាតូលីកនិងសហគមន៍សាសនា។ ដោយភ័យ​ខ្លាច​ការចាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ លោក​ស្រី Molina បានរត់​គេចខ្លួន​ចេញ​ពីប្រទេសនីការ៉ា​ហ្គ័រកាលពី​ខែមិថុនា​ឆ្នាំ២០២១។ តាំង​ពី ឆ្នាំ ២០២២​ មក របាយការណ៍របស់លោកស្រី Molina ​បាន​ផ្តោតលើ​ការប្រមូល​ឯកសារ​អំពីការ​ធ្វើទុក្ខបុកម្នេញដោយប៉ូលិស​និង​អំពើ​ហិង្សា​ដឹក​នាំ​ដោយ​រដ្ឋាភិបាលប្រឆាំង​នឹង​សេរីភាព​សាសនា​ ជាពិសេស​ប្រឆាំង​នឹង​បព្វជិតកាតូលីក​នៅ​នីការ៉ាហ្គ័រ។

កើត​នៅ​ក្នុង​គ្រួសារ​មួយ​នៃ​ក្រុមអ្នកនៅ​រស់ពី​ហាយនភាព (Holocaust) លោកស្រី Tali Nates នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​បានរៀបរាប់អំពីរឿងផ្ទាល់ខ្លួន​របស់​លោកស្រី​ក្នុង​ឋានៈជាអ្នកបង្កើតនិង​ជានាយិកានៃមជ្ឈមណ្ឌលហាយនភាពនិងការប្រល័យ​ពូជសាសន៍នៅក្រុង Johannesburg ដើម្បី​ណែនាំជនជាតិអាហ្វ្រិកខាង​ត្បូង-ជាពិសេសក្រុម​យុវជន-កុំ​ឱ្យប្រើវោហារសាស្ត្រធ្វើឱ្យក្រុមជនងាយ​រង​គ្រោះអាប់កេរ្តិ៍ឈ្មោះ។

លោកស្រី Lhadon Tethong ជាស្ថាបនិកនិង​ជានាយិកានៃវិទ្យាស្ថានសកម្មភាព​ទីបេត៍ Tibet Action Institute។ លោកស្រី​ដឹកនាំអ្នកការពារ​សិទ្ធិ​មនុស្សមួយក្រុម​ក្នុង​ការអភិវឌ្ឍន៍​និង​ជំរុញ​បច្ចេកវិទ្យា​គមនាគមន៍ចំហ​ យុទ្ធសាស្ត្រអហិង្សា​ និង​កម្មវិធីហ្វឹកហ្វឺន​ដោយ​មានរបៀបថ្មីៗ​សម្រាប់ជនជាតិ​ទីបេត៍និង​សមាជិកនៃ​ក្រុម​ឯទៀតៗដែល​ប្រឈមនឹង​ការសង្កត់សង្កិន​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

នៅ​ក្រោមសម្ពាធ​ពី​រដ្ឋាភិបាលក្រុង​ម៉ូស្គូ បព្វជិត​ថ្នាក់​ខ្ពស់ប្រាំ​នាក់​និង​បព្វជិតថ្នាក់​ទាប​ពីរនាក់ពីព្រះវិហារ​គ្រិស្តសាសនា Orthodox លម្អៀងទៅ​ខាងរដ្ឋាភិបាល​ក្រុងម៉ូស្គូនៅ​ក្នុងប្រទេស​លីទុយអានី បាន​ថ្កោលទោស​សង្គ្រាម​របស់រុស្ស៊ីប្រឆាំង​នឹងអ៊ុយក្រែន​ហើយ​ត្រូវ​បាន​ផ្សឹក។ បព្វជិត​ពីរនាក់មកពីវិហារ​គ្រឹស្តសាសនា Orthodox បេឡារុស​លម្អៀង​ទៅ​ខាងម៉ូស្គូ​បាន​ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំងនឹងអ៊ុយក្រែន​ដែរ ហើយ​បាន​រត់គេចខ្លួនទៅ​ប្រទេស​លីទុយអានី។ ពួកគេ​បាន​កសាង​សហគមន៍​សាសនា​ថ្មីមួយ​នៅ​លីទុយអានីដែល​ស្វាគមន៍ក្រុមអ្នក​ជឿ​និកាយ Orthodox ឱ្យ​គោរព​សាសនាពួក​គេ​ដោយ​គ្មាន​ឥទ្ធិពលរដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

សហរដ្ឋ​អាមេរិកគោរព​ពួក​អ្នកគាំទ្រសេរីភាពសាសនាដោយ​គ្មាន​នឿយហត់​ទាំង​នេះ-ដែល​ជា​សិទ្ធិ​មនុស្សជា​មូលដ្ឋានមួយដែល​មនុស្ស​គ្រប់គ្នាមានសិទ្ធិ​ត្រូវមាន៕

XS
SM
MD
LG