Accessibility links

Breaking News

បទវិចារណកថា៖ ការក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស​ជា​សាកល


រូបឯកសារ៖ បាតុករ​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​របប​អ៊ីរ៉ង់​នៅ​មុខ​សណ្ឋាគារ Hotel de Ville ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ បាតុករ​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​របប​អ៊ីរ៉ង់​នៅ​មុខ​សណ្ឋាគារ Hotel de Ville ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ឯកអគ្គរដ្ឋទូត Robert Gilchrist មន្ត្រី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ និង​ការងារបាន​និយាយ​ថា របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការបរទេស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ជា​វិធី​មួយ​ដែល​សហរដ្ឋ​អាមេរិក​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​សិទ្ធិ​ជា​សាកល​ទាំងនេះ។

លោក​ឯកអគ្គរដ្ឋទូត Robert Gilchrist ថ្លែង​ថា៖ «‍ទោះបីជា​សិទ្ធិ​មនុស្ស​របស់​យើង​មាន​លក្ខណៈ​ជា​សាកល​ក៏ដោយ ក៏​សិទ្ធិ​ទាំងនេះ​នៅ​មិន​ទាន់​ត្រូវបាន​គេ​គោរព​ជា​សាកល​នៅ​ឡើយ​ទេ ហើយ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា ការក្រោក​ឈរឡើង​ដើម្បី​សិទ្ធិ​ទាំងនេះ​ជាញឹកញាប់​គឺ​មាន​គ្រោះថ្នាក់។ អ្នកការពារ​សិទ្ធិ​មនុស្ស និង​មេដឹកនាំ​សង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក តែងតែ​ធ្វើការ​ដោយ​ប្រឈមមុខនឹង​គ្រោះថ្នាក់​យ៉ាងខ្លាំង ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​មនុស្ស​ទាំងអស់គ្នា។ សមាជិក​នៃ​ក្រុម​ទាំងនេះ និង​អ្នក​ដែល​ទាមទារ​ការការពារ​សិទ្ធិ​មនុស្ស ជារឿយៗ​ត្រូវបាន​គេ​កំណត់​ជា​គោលដៅ​ដោយ​ការគំរាម​កំហែង​និង​ការបៀតបៀន ការចាប់ខ្លួន​និង​អំពើ​ហិង្សា»។

លោក​ឯកអគ្គរដ្ឋទូត Gilchrist បាន​និយាយ​ទៀត​ថា នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ទៅ​អនាគត មាន​រឿង​មួយ​ច្បាស់ណាស់​គឺថា «ភាព​ជា​អ្នក​ដឹកនាំ​សាកល​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការការពារ​និង​គាំទ្រ​សិទ្ធិ​មនុស្ស​គឺ​ជា​រឿង​ចាំបាច់​ជាង​ពេល​ណាៗ​ទាំងអស់‍»។

លោក​ឯកអគ្គរដ្ឋទូត Gilchrist បាន​ពន្យល់​ថា របាយការណ៍​សិទ្ធិ​មនុស្ស​បង្ហាញ​ជូន​ប្រទេស​និមួយៗ​នូវ​របាយការណ៍​ដែល​អាច​ទុកចិត្ត​បាន និង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន ដែល​ផ្តល់​ឱ្យ​ពិភពលោក​នូវ​ទិដ្ឋភាព​យ៉ាងច្បាស់លាស់​មួយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក រួមទាំង​នៅ​ប្រទេស​អ៊ីរ៉ង់​ផងដែរ។

លោក​ឯកអគ្គរដ្ឋទូត Gilchrist បាន​និយាយ​បន្ត​ទៀត​ថា៖ «នៅ​ឆ្នាំ២០២៣ កំណត់ត្រា​សិទ្ធិ​មនុស្ស​ដ៏​អាប់អួ​របស់​អ៊ីរ៉ង់​បាន​បន្ត​ធ្លាក់​ចុះ។ របប​នេះ​បាន​កំណត់​គោលដៅ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សមាជិក​នៃ​ក្រុម​សាសនា និង​ជនជាតិ​ភាគតិច មេធាវី​ការពារ​សិទ្ធិ​មនុស្ស អ្នកកាសែត និង​សកម្មជន​សង្គម​ស៊ីវិល។ ស្ថានភាព​ទាក់ទងនឹងស្ត្រី ក៏បាន​បន្ត​ធ្លាក់​ចុះ​ផងដែរ។ ស្ត្រី​អ៊ីរ៉ង់​ប្រឈមមុខនឹង​ការរើសអើង​កាន់តែ​ខ្លាំងឡើង តាមរយៈ​ការអនុវត្ត​ការដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ដែល​បំពាន​លើ​ការកំណត់​របៀប​ស្លៀកពាក់​ដែល​ការណ៍​នេះបាន​នាំ​ឱ្យ​មាន​ការតវ៉ានិង​ការរីករាលដាល​នៃ​ការមិន​គោរព​សណ្តាប់ធ្នាប់​ក្នុង​សង្គម»។

លោក​ឯកអគ្គរដ្ឋទូត Gilchrist បាន​ថ្លែង​ទៀត​ថា៖ «ហើយ​ស្ត្រី[អ៊ីរ៉ង់]និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​បាន​ទទួល​ការកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​បន្ថែម​ទៀត​សម្រាប់​សកម្មភាព​ជា​សកម្មជន​របស់​ពួកគេ ហើយ​ពួកគេ​នៅតែ​ស្ថិត​នៅ​ក្រោម​ការឃុំឃាំង​នៅ​ឡើយ»។

លោក Gilchrist បាន​ថ្លែង​បន្ត​ទៀត​ថា៖ «អាជ្ញាធរ​បន្ត​ឃុំខ្លួន កាត់ទោស​និង​ប្រហារ​ជីវិត​មនុស្ស នៅក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បង្ក្រាប​ការតវ៉ា​ដោយ​សន្តិវិធី​ដែល​បាន​ចាប់ផ្តើម​បន្ទាប់ពី​ការស្លាប់​របស់​នាង Mahsa Jina Amini កាលពី​ថ្ងៃទី២២ ខែកញ្ញា ខណៈ​ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួក​ប៉ូលិស​សីលធម៌»។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​កំហិត​ទិដ្ឋាការ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី​លើក​កម្ពស់​ការទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​អាជ្ញាធរ​អ៊ីរ៉ង់ ចាប់តាំងពី​មាន​ការបង្ក្រាប​នា​ពេល​ថ្មីៗ​នេះ ក្រោយពី​កុប្បកម្ម​ឆ្នាំ២០២២។

លោក​ឯកអគ្គរដ្ឋទូត Gilchrist បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «តាមរយៈ​ការបង្ហាញ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ជា​សត្រូវ​និង​ប្រទេស​ជា​ដៃគូ​របស់​យើង​ដោយ​ស្មើភាព​គ្នា ហើយ​តាមរយៈ​ការលើក​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិត​តែ​ពី​ខ្លួន​ឯង​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើការ​ដើម្បី​បង្កើន​ការគោរព​សិទ្ធិ​ទាំងនោះ សហរដ្ឋ​អាមេរិក​កំពុង​ជួយ​រួមចំណែក​ដល់​ពិភពលោក​ដែល​សិទ្ធិ​ទាំងនោះ​ត្រូវបាន​ការពារ​ប្រសើរ​ជាងមុន​សម្រាប់​មនុស្ស​គ្រប់គ្នា»៕

XS
SM
MD
LG