បទវិចារណកថា៖ ស.រ.អ.​និង​ប្រទេស​ឥណ្ឌា​ជា​ភាពដៃគូ​មួយ​មាន​សារៈសំខាន់

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោកប្រធានាធិបតី Joe Biden បាន​គូសបញ្ជាក់ភាពដៃគូ​កើនខ្លាំង​ជាងមុនរវាង​ស.រ.អ.​និង​ប្រទេស​ឥណ្ឌា​ និង​គុណតម្លៃដែលប្រទេស​ទាំង​ពីរនេះ​មាន​ដូចគ្នា។​

លោក​ប្រធានាធិបតី​ Biden បាន​និយាយ​ថា៖ «ប្រទេស​ជាតិពីរ​ប្រកបដោយ​មោទនភាព​-ប្រទេស​ជាតិពីរ​ប្រកប​ដោយ​មោទនភាព​ដែលសេចក្តី​ស្រឡាញ់​សេរីភាពធ្វើឱ្យមាន​ឯករាជ្យរបស់​យើង ចងភ្ជាប់ដោយពាក្យ​ដូច​គ្នា​នៅក្នុង​រដ្ឋធម្មនុញ្ញរបស់​យើង​ គឺ​ពាក្យ​ដំបូង​បី​ម៉ាត់​ «យើងប្រជារាស្ត្រ»។ ចំណង​ទាក់ទង​ស្ថិតស្ថេរ​និងគុណតម្លៃ​ដូចគ្នា​រវាងប្រជារាស្រ្ត​យើង និង​ការទទួល​ខុស​ត្រូវ​ដូចគ្នាជា​មេដឹកនាំសាកល​ដើម្បីដោះស្រាយ​បញ្ហា​ធំៗក្នុងពេល​វេលា​របស់​យើង​ជា​មួយគ្នា»។​

លោក​ប្រធានាធិបតី Biden បាន​ហៅ​ភាព​ដៃគូ​រវាង​ស.រ.អ.​និង​ឥណ្ឌា​ថា​ «ស្ថិតក្នុង​ចំណោម​ភាពដៃគូមានសារៈសំខាន់បំផុត​ក្នុងពិភពលោក»​ និង​ជា​ភាពដៃគូ​មួយនៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថ្មីៗ​កំពុង​អភិវឌ្ឍជានិច្ច។​

លោកប្រធានាធិបតី​ Biden ​បានមានប្រសាសន៍​ថា «ឥណ្ឌានិងស.រ.អ.​ធ្វើ​សហការជា​មួយគ្នាលើ​ការខំប្រឹងប្រែង​សឹង​តែ​ទាំងអស់របស់​មនុស្ស​និង​ធ្វើឱ្យ​មានការជឿនលឿន ​ចាប់តាំង​ពី​ការរក​វិធី​ថ្មីៗសម្រាប់​រកឱ្យ​ដឹងអំពីជំងឺនិង​ការព្យាបាល​ជំងឺ​ដូចជា​ជំងឺ​មហារីក​និង​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​ ដើម្បី​ធ្វើ​សហប្រតិបត្តិការអំពី​ការធ្វើ​ដំណើរ​ក្នុង​អវកាស​របស់​មនុស្ស​... ដើម្បី​ពន្លឿន​អន្តរកាល​ទៅកាន់​ថាមពល​ស្អាត​ជា​សាកល​និងដោះស្រាយវិបត្តិធាតុ​អាកាសដែល​យើងប្រឈម​ ដើម្បីយក​មក​ប្រើប្រាស់​នូវ​ភាព​ជំនាញដែល​យើង​មានដូច​គ្នាអំពីបច្ចេកវិទ្យា​សំខាន់ៗ​និង​លេច​ចេញ​ថ្មីៗ​ដូចជា​ quantum computing និង​បញ្ញា​សិប្ប​និមិត្ត​ ដើម្បីធ្វើឱ្យ​ប្រាកដថា ​បច្ចេកវិទ្យា​ទាំងនេះ​មិន​ត្រូវបាន​ប្រើ​ប្រាស់ជា​ឧបករណ៍​នៃការ​ផ្សាយព័ត៌មានក្លែង​ក្លាយ​និង​សម្រាប់​ធ្វើ​ការសង្កត់​សង្កិន»។

បន្ថែម​លើ​នេះ ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ស.រ.អ.​និង​ឥណ្ឌា​កំពុងរីកចម្រើន ​ហើយចំណង​ទាក់ទង​រវាង​ប្រជារាស្ត្រ​និង​ប្រជារាស្ត្រនិង​ការ​ប្តូរគ្នា​ខាង​ការសិក្សា​អប់រំ​ក៏​មាន​ការជឿន​លឿន​ក្រាស់ក្រែល​ដែរ។ ប្រទេស​ទាំង​ពីរ​ក៏បាន​ធ្វើឱ្យ​មាន​ការ​ជឿនលឿនក្រាស់ក្រែលក្នុង​ការកសាង​ភាព​ជា​ដៃគូ​ខាង​ការការពារ​ប្រទេស​ទំនើបនិ​ងទូលំទូលាយដែលក្នុង​នោះ​កងយោធា​នៃ​ប្រទេស​ទាំង​ពីរសម្រប​សម្រួលគ្នា​ជិតស្និទ្ធ​ក្នុង​គ្រប់​ផ្នែក​ទាំងអស់។​

លោក​ប្រធានាធិបតី Biden បានថ្លែង​ថា​ ស.រ.អ.​និង​ឥណ្ឌា​«មើល​គ្នាទៅ​វិញទៅមក»​អំពី​បញ្ហា​សំខាន់ៗ​ក្នុង​តំបន់​និង​បញ្ហា​សាកល​ដែលមានប្រយោជន៍សម្រាប់​អនាគត​ គឺបន្ធូរ​សោកនាដកម្ម​ខាង​មនុស្សធម៌​បណ្តាល​មក​ពី​សង្គ្រាម​ឃោរឃៅ​របស់រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ការពារ​គោលការណ៍​ស្នូលនៃ​ធម្មនុញ្ញ​អ.ស.ប. ​គឺអធិបតេយ្យភាព​និង​បូរណភាព​ដែនដី​ ធ្វើឱ្យ​ប្រាកដជាមួយ​ដៃគូ​ក្នុង​អង្គការ​ Quad ​គឺ​អូស្ត្រាលី​និង​ជប៉ុន​ថា តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅ​តែជា​តំបន់​សេរី បើក​ចំហ​និង​មាន​សន្តិសុខ។ លោក​ប្រធានាធិបតី Biden ក៏​បានគូសបញ្ជាក់​ថា កម្លាំង​និង​ជោគជ័យនៃ​ស.រ.អ.​និង​ឥណ្ឌា​អាស្រ័យ​លើអភិបាល​កិច្ចប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ​មាន​រួម​សេរីភាព​កាសែតនិង​សេរីភាព​សាសនា។

លោក​ប្រធានាធិបតី​ Biden ​បាន​ប្រកាស​ថា​៖ «ជា​មួយ​គ្នា យើង​បើកចំហ​អនាគត​មួយ​ជា​មួយ​គ្នានៃ​អ្វី​ដែល​ខ្ញុំ​ជឿថា​ជា​សក្តានុពលគ្មានកម្រិត»៕