Accessibility links

Breaking News

បទវិចារណកថា៖ ឱកាស​សុទិដ្ឋិនិយម​សម្រាប់​ទំនាក់​ទំនង​រវាង​ស.រ.អ.​និង​ប្រទេស​ឥណ្ឌា


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោកស្រី Gina Raimondo និង​សមភាគី​ឥណ្ឌា​របស់​លោកស្រី​នៅ​ប្រទេស​ឥណ្ឌា។
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោកស្រី Gina Raimondo និង​សមភាគី​ឥណ្ឌា​របស់​លោកស្រី​នៅ​ប្រទេស​ឥណ្ឌា។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មស.រ.អ.​លោកស្រី Gina Raimondo បាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​វេទិកា​នាយក​ប្រតិបត្តិស.រ.អ.-​ ឥណ្ឌានិង​អង្គការ​ក្របខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សម្រាប់វិបុលភាព IPEF ថា «នេះជា​ឱកាស​សុទិដ្ឋិនិយម​មួយសម្រាប់​ទំនាក់​ទំនង​រវាង​ស.រ.អ.និង​ប្រទេស​ឥណ្ឌា»។

លោកស្រី​រដ្ឋមន្ត្រី Raimondo បាន​និយាយ​ថា៖ «ភាព​ជា​ដៃ​គូ​របស់​យើង​ជា​មួយ​ប្រទេស​ឥណ្ឌាជាទំនាក់​ទំនងមួយ​ក្នុង​បណ្តា​ការ​ទាក់ទងសំខាន់ៗ​បំផុត​របស់​យើង ហើយខ្ញុំ​អាច​និយាយថា​ ជាទំនាក់​ទំនង​ទ្វេភាគីប្រកប​ដោយ​ក្តី​សង្ឃឹម​បំផុត​មួយ​របស់​យើង។ ហេតុផល​សម្រាប់​ការណ៍​នេះ​គឺថា...យើងមាន​គុណ​តម្លៃមួយចំនួន​ដូចគ្នាទាក់​ទង​នឹង​លទ្ធិប្រជាធិបតេយ្យ​ជា​ប្រពៃណីរបស់​យើង​ ​ជា​មួយនឹងការប្តេជ្ញាលើក​កម្ពស់របៀបរៀប​រយដោយ​សេរីនិង​បើក​ចំហផ្អែក​តាមច្បាប់​ ដើម្បីពង្រឹង​សន្តិសុខ​និង​ធ្វើឱ្យ​មាន​ការ​ចម្រើន​លូតលាស់»។

លោកស្រី​រដ្ឋមន្ត្រី Raimondo បាន​ថ្លែង​ថា​ មាន​ឱកាសសម្រាប់​ស.រ.អ.និងឥណ្ឌា​ពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច បង្កើត​ការងារក្នុង​ប្រទេស​ទាំងពី​រ​ និង​បង្កើត​ឱ្យមានចង្វាក់ផ្គត់ផ្គង់​មួយ​មានភាព​ធន់​និងមាន​សន្តិសុខ​ជាងមុន។

លោកស្រីបានពោលថា៖ «កាល​ពី​ពីរបីសប្តាហ៍​មុននេះ​ ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន​អាកាសចរណ៍​ Air India បានប្រកាស​អំពី​ការ​បញ្ជា​ទិញ​យន្តហោះ​ចំនួន ​២២៨​ គ្រឿង​ដែល​ជា​កិច្ច​ព្រមព្រៀងជា​ប្រវត្តិ​សាស្ត្រមួយ​ដែលឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញកម្លាំងនៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​យើង​ និងជួយបង្កើត​ការងារជា​ច្រើន​នៅក្នុង​ស.រ.អ.»។

លោកស្រីរដ្ឋមន្ត្រី​ Raimondo បាន​ប្រកាស​ថា៖ «ឧបករណ៍​អេឡិចត្រូនិក​ semiconductors ​ជាឧទាហរណ៍​ធំ​មួយទៀតនៃ​អាទិភាព​រួម​របស់យើង​»។

លោកស្រីបាន​និយាយ​ថា៖ «ទាំង​ស.រ.អ.ទាំង​ប្រទេស​ឥណ្ឌា​កំពុង​អនុវត្ត​កម្មវិធីលើក​ទឹក​ចិត្ត​ចំពោះ​ការ​ផលិតឧបករណ៍​អេឡិចត្រូនិក​ semiconductors ​ហើយ​យើងពិភាក្សា​គ្នាអំពី​ការ​ធ្វើ​បែបណា​ដើម្បី​ឱ្យ​យើង​អាច​សម្រប​សម្រួល​ការ​វិនិយោគទាំង​នោះដែល​ឋិត​ក្នុង​អត្ថប្រយោជន៍​របស់​ប្រទេស​យើង​ទាំងពីរ​និងធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​នាំឱ្យមាន​លទ្ធផល​ល្អ​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ។ យើង​ចង់​ឃើញ​ឥណ្ឌា​សម្រេច​បាន​គោល​បំណងនេះ​ក្នុងការ​បំពេញ​មុខ​នាទី​ធំជាងមុន​ក្នុង​ចង្វាក់​ផ្គត់ផ្គង់ឧបករណ៍​អេឡិចត្រូនិក។ ​ហើយ​ដើម្បី​ឱ្យ​សម្រេច​គោលដៅ​នេះ អនុស្សារណៈ​នៃការ​យល់គ្នា MOU ដែល​ខ្ញុំ​ចុះ​ហត្ថលេខា​ក្នុងការធ្វើ​ដំណើរលើក​នេះទាក់ទិននឹង​ឧបករណ៍​អេឡិចត្រូនិក​ semiconductors ត្រូវបាន​ចាត់ចែងឡើង​ដើម្បីឱ្យ​បាន​សម្រេច​គោលដៅ​នេះ»។

លោកស្រី​រដ្ឋមន្ត្រី Raimondo បាន​កត់​សម្គាល់​ថា៖ ​«យើងក៏​រីករាយ​ក្នុងការ​ធ្វើការ​ជា​មួយ​ប្រទេស​ឥណ្ឌា ជា​ផ្នែក​មួយ​នៃ​ក្របខណ្ឌសេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក IPEF ​ផងដែរ»។

លោកស្រី​បាន​និយាយ​ថា៖ «តាម​រយៈក្របខណ្ឌ​ IPEF ​ស.រ.អ. ​ប្រទេសឥណ្ឌានិង​ដៃគូ​១២​ទៀត​ក្នុងតំបន់​នេះ កំពុង​អភិវឌ្ឍ​គោលនយោ​បាយ​ដើម្បី​បង្កើត​ចង្វាក់​ផ្គត់ផ្គង់​មាន​ភាពធន់​និង​មាន​សន្តិសុខ​ជាង​មុន ​បង្កើនការជឿនលឿ​នអំពីអន្តរកាល​របស់​យើង​ទៅ​កាន់ការ​ការពារ​បរិដ្ឋាន និង​បង្ហាញការប្តេជ្ញា​របស់​យើង​សម្រាប់ជម្រុញ​កំណើនបរិយាកាសធុរកិច្ច​ល្អ​ប្រសើរ​ជាងមុន»។

តាមរយ:​ទំនាក់​ទំនងទ្វេភាគី​និង​ជា​មួយ​ដៃគូ​នានានៅ​ទូទាំង​តំបន់នេះ​ មាន​កិច្ចការធំៗច្រើន​ទៀត​ដែល​ស.រ.អ.​និង​ប្រទេស​ឥណ្ឌាអាច​ធ្វើ​បាន​ដើម្បីជា​អត្ថប្រយោជន៍​នៃសេដ្ឋកិច្ចទាំង​ពីរ​ប្រទេស​របស់​យើង។​ ស.រ.អ.​ និយាយ​ថា លោកស្រី​រដ្ឋមន្ត្រី Raimondo ​នៅ​តែ​មាន​សុទិដ្ឋិនិយមខ្លាំង​ណាស់អំពីឱកាសជាច្រើន​ដើម្បី​ពង្រីក​និងពង្រឹង​ទំ​នាក់​ទំនងរវាង​ស.រ.អ.​និង​ឥណ្ឌា​ក្នុង​ពេលច្រើនឆ្នាំ​តទៅ​ទៀត៕

XS
SM
MD
LG