តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងឱ្យឃើញនូវទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីជួយធានារកដំណោះស្រាយសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនឥឡូវនេះកំពុងតែដំណើរការ។ លោកប្រធានាធិបតី Trump បានថ្លែងថា៖
«វាជាការសំខាន់បំផុតដើម្បីធ្វើឱ្យសម្រេចជោគជ័យ។ នេះប្រាកដជាវាលពិឃាដ។ គ្មាននរណាម្នាក់បានឃើញវាលពិឃាតដូចនេះចាប់តាំងពីសង្គ្រាមលោកលើកទី២ មក»។
លោកប្រធានាធិបតី Trump បានមានប្រសាសន៍ទៀតថា ប្រធានាធិបតីរុស្ស៊ីលោក Valdimir Putin ចង់និយាយជាមួយលោក ហើយថា មេដឹកនាំទាំង២ «នឹងនិយាយនៅពេលឆាប់ៗនេះ»។ លោកប្រធានាធិបតី Trump បានកត់សម្គាល់ថា លោកបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelinsky ជាច្រើនលើក» ហើយពួកអស់លោកចង់ឃើញសន្តិភាព។
លោកប្រធានាធិបតី Trump បានមានប្រសាសន៍ទៀតថា ប្រទេសផ្សេងទៀតដូចជាចិននិងអារ៉ាប់ប៊ី សាអូឌីត អាចជួយបញ្ចប់សង្គ្រាមនេះ។ លោកបានសង្កេតថា ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី៖ «ខ្ញុំគិតថា ចិនមានអំណាចយ៉ាងច្រើនលើរុស្ស៊ី»។
លោកប្រធានាធិបតី Trump បានជំរុញឱ្យអារ៉ាប់ប៊ី សាអូឌីត និងអង្គការ OPEC ធ្វើឱ្យតម្លៃប្រេងចុះថោក៖
«ប្រសិនបើ តម្លៃប្រេងចុះថោក សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងបញ្ចប់ភ្លាមៗ។ ឥឡូវនេះ ប្រេងមានតម្លៃខ្ពស់ល្មមដែលសង្គ្រាមនឹងបន្ត»។
លោកប្រធានាធិបតី Trump បានទទូចថា ប្រសិនបើលោកជាប្រធានាធិបតីកាលពីមុន លោក Vladimir Putin នឹងមិនឈ្លានពានអ៊ុយក្រែនទេ តាមការពិតគឺថា អ៊ុយក្រែនជា«ផ្លែប៉មមួយក្នុងកែវភ្នែករបស់លោក Putin»។ លោកប្រធានាធិបតី Trump បាននិយាយទៀតថា លោក Putin «មិនបានធ្វើកិច្ចការល្អទេ។ លោកកំពុងជួបការលំបាក ក៏ប៉ុន្តែ មនុស្សភាគច្រើនបានគិតថា សង្គ្រាមនេះបានបញ្ចប់ប្រហែលមួយសប្តាហ៍។ ហើយឥឡូវនេះ លោកអ្នកបានឈានចូលរយៈពេល៣ឆ្នាំ។ មែនទេ?។ ដូច្នេះ លោក Putin មិនអាចរំភើបចិត្តទេ»។
លោកប្រធានាធិបតី Trump បានកាន់ទុក្ខការបំផ្លិចបំផ្លាញដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន៖
«ឥឡូវនេះ លោកអ្នកមានទីក្រុងដែលត្រូវបានបំផ្លាញដោយគ្រាប់បែក វាដូចជាទីកន្លែងដែលគេកម្ទេចចោល ដោយមនុស្សជាច្រើនត្រូវបានសម្លាប់ ខ្ញុំគិតថា លោកអ្នកនឹងដឹងថា មានមនុស្សកាន់តែច្រើនត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែន និងក្នុងសង្គ្រាមអ៊ុយក្រែន ជាងមនុស្សម្នាគិត។ លោកអ្នកឃើញរូបភាពវាលពិឃាតដូចដែលខ្ញុំឃើញ គ្មាននរណាចង់ឃើញទេ។ អ៊ុយក្រែននឹងមិនស្ថិតនៅស្ថានភាពដដែលនេះទៀតទេ»។
សរសេរក្នុងបណ្តាញសង្គម Truth Social របស់លោក លោកប្រធានាធិបតីបានបញ្ចេញយោបល់ប្រឆាំងលោក Putin ថា៖ «ដោះស្រាយនិងបញ្ឈប់សង្គ្រាមដ៏គួរឱ្យអស់សំណើចនៅពេលឥឡូវនេះ។ ប្រសិនបើយើងមិនធ្វើ«កិច្ចព្រមព្រៀង»ទេ ហើយនៅពេលឆាប់ៗនេះ ខ្ញុំមិនមានជម្រើសទេ ក៏ប៉ុន្តែ នឹងដាក់ពន្ធគយក្នុងកម្រិតខ្ពស់ និងដាក់ទណ្ឌកម្មលើរបស់របរដែលលក់ដោយរុស្ស៊ីទៅឱ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតដែលចូលរួម។ វាជាពេលវេលាដើម្បី«ធ្វើកិច្ចព្រមព្រៀង។ មិនត្រូវឲ្យមានជីវិតមនុស្សច្រើនទៀតត្រូវបាត់បង់ទេ»៕
បទវិចារណកថា៖ សង្គ្រាមដ៏រន្ធត់ក្នុងប្រទេសអ៊ុយក្រែនត្រូវតែបញ្ចប់

រូបឯកសារ៖ ទាហានអ៊ុយក្រែនកំពុងចូលរួមក្នុងការហ្វឹកហាត់ផ្នែកយុទ្ធសាស្ត្រ និងផ្នែកវេជ្ជសាស្រ្ដនៅទីតាំងដែលមិនបញ្ចេញឈ្មោះក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤។