តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ទន្លេមេគង្គភ្ជាប់ទំនាក់ទំនងមនុស្សប្រហែល ៧០ លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកលើទន្លនេះសម្រាប់ជីវភាពរស់នៅ ការដឹកជញ្ជូន និងតម្រូវការថាមពលរបស់ពួកគេ។
ប៉ុន្តែ ដោយសារតែបញ្ហាដែលកើតឡើងនៅកន្លែងណាមួយនៅតាមដងទន្លេមេគង្គអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលរស់នៅក្រោមខ្សែទឹកទន្លេនេះ ទើបប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានរួមគ្នាបង្កើតគណៈកម្មការទន្លេមេគង្គ (MRC) កាលពីជិត ៣ ទសវត្សរ៍មុន។
គណៈកម្មការនេះ គឺជាអង្គការអន្តររដ្ឋាភិបាលសម្រាប់កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្ដីពីការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព។ សហរដ្ឋអាមេរិកគាំទ្រគណៈកម្មការនេះជាផ្លូវការក្នុងនាមជាដៃគូអភិវឌ្ឍន៍។
កាលពីខែកក្កដា ឆ្នាំ ២០០៩ សហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានបង្កើតគម្រោងផ្ដួចផ្ដើមតំបន់មេគង្គក្រោម (Lower Mekong Initiative) ដើម្បីបង្កើនការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់។
កាលពីឆ្នាំ ២០២០ គម្រោងផ្ដួចផ្ដើមតំបន់មេគង្គក្រោមនេះ បានពង្រីកនិងក្លាយជាគម្រោងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (Mekong-U.S. Partnership) ដែលជាកិច្ចសហប្រតិបត្តិការសមាហរណកម្មអនុតំបន់កើនឡើងក្នុងចំណោមប្រទេសជាដៃគូទាំង ៥ នៅក្នុងតំបន់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
ដូច្នេះ សហរដ្ឋអាមេរិកបានធ្វើខ្លួនឲ្យក្លាយជាដៃគូដ៏មុតមាំមួយនៅក្នុងការដោះស្រាយបញ្ហាឆ្លងប្រទេស ដែលតំបន់មេគង្គប្រឈម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «រួមជាមួយនឹងដៃគូរបស់យើងនៅតំបន់មេគង្គ យើងកំពុងពង្រឹងអភិបាលកិច្ចល្អ ឯករាជ្យភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់គោលនយោបាយដែលមានតម្លាភាពនិងផ្អែកលើច្បាប់»។
ជាការពិត ភាពជាដៃគូនេះ គឺជាផ្នែកមួយនៃការគាំទ្រដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិកសម្រាប់រចនាសម្ព័ន្ធក្នុងតំបន់ដែលមានអាស៊ាន (ASEAN) ជាស្នូល។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ភាពជាដៃគូនេះ បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់នៅក្នុងតំបន់មេគង្គមានភាពប្រសើរឡើង។ ទោះជាយ៉ាងនេះក្ដី នៅពេលដែលពេលវេលាចេះតែរំកិលទៅមុខ បញ្ហាប្រឈមថ្មីក៏ចេះតែលេចឡើងដូចជាវិបត្តិអាកាសធាតុ និងជំងឺរាតត្បាតកូវីដ១៩ ជាដើម ដោយឥទ្ធិពលរាតត្បាតឆ្លងប្រទេសរបស់បញ្ហាទាំងនេះ បានធ្វើឲ្យកាន់តែស្មុគស្មាញជាងមុនសម្រាប់ភាពជាដៃគូនេះ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍កាលពីថ្ងៃទី ៣ ខែសីហា នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកថា៖ «ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ១៩ ដែលជាការគំរាមកំហែងទូទៅនៅក្នុងអំឡុងពេល ២ ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន ៨ លាន ៥ សែនដូស និងជំនួយជិត ៦០ លានដុល្លារ គិតមកទល់នឹងពេលនេះ ដល់បណ្ដាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គ។ សហរដ្ឋអាមេរិក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរសុខាភិបាលមូលដ្ឋាននៅក្នុងការត្រៀមរៀបចំ និងការបន្ធូរបន្ថយវិបត្តិជំងឺរាតត្បាតនេះ។ សហរដ្ឋអាមេរិកផ្ដល់វ៉ាក់សាំងទាំងនេះដោយមិនគិតថ្លៃ និងគ្មានលក្ខខណ្ឌនយោបាយ ឬសេដ្ឋកិច្ចណាមួយភ្ជាប់ជាមួយនោះទេ»។
លោក Blinekn បានបន្តថា៖ «នៅក្នុងឆ្នាំខាងមុខនេះ យើងអាចសម្លឹងទៅមុខរួមគ្នានៅក្នុងការបង្កើនការចូលរួមលើបញ្ហានានាដែលប៉ះពាល់មិនត្រឹមតែតំបន់មេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលផងដែរ។ ការបង្កើនការចូលរួមនោះមានដូចជា ការគាំទ្រការលើកកម្ពស់អំណាចស្ត្រី ការពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីត្រៀមសម្រាប់ជំងឺរាតត្បាតផ្សេងទៀតនៅពេលអនាគត និងការបង្កើនមហិច្ឆតារបស់យើងនៅក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។
លោក Blinken បានបន្ថែមថា៖ «ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកនេះ នឹងដាក់ឲ្យអនុវត្តនូវគោលគំនិតរបស់លោកប្រធានាធិបតី Joe Biden ដែលថា យើងអាចដោះស្រាយបាននូវបញ្ហាប្រឈមដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅលើពិភពលោក នៅពេលណាដែលយើងធ្វើការរួមគ្នាតែប៉ុណ្ណោះ។ ស្របពេលដែលយើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ បណ្ដាប្រទេសនៅតំបន់មេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកនិងសមាជិកផ្សេងទៀតនៃក្រុមមិត្តភក្ដិតំបន់មេគង្គ (Friends of the Mekong) បាន»៕