បទវិចារណកថា៖ ស.រ.អ. ថ្កោលទោស​ខ្លាំងក្លា​លើ​ទង្វើ​របស់​អាជ្ញាធរ​បេឡារុស​ចំពោះ​យន្តហោះ​ដឹក​អ្នកដំណើរ Ryanair

ស្ត្រី​ម្នាក់​កាន់​រូប​របស់​លោក Raman Protasevich ដែល​ជា​អ្នកសរសេរ​ប្លុក​ជនជាតិ​បេឡារុស ក្នុង​ពេល​កំពុង​តវ៉ា​ប្រឆាំងនឹង​ការឃុំខ្លួន​របស់​លោក នៅ​ទីក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា អាជ្ញាធរ​នៃ​ប្រទេស​បេឡារុស​ បាន​ជូន​ដំណឹង​មិន​ត្រឹមត្រូវ​ដល់​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​ហោះ​ឆ្លងកាត់​ដែន​អាកាស​ប្រទេស​បេឡារុស​ថា​ មាន​ការ​គំរាមកំហែង​ដោយ​គ្រាប់​បែក ដោយ​បាន​បញ្ចុះបញ្ចូល​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​នេះ ​ឲ្យ​ចុះ​ចត​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍។

យន្តហោះ​ដឹក​អ្នក​ដំណើរ Ryanair ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់​នេះ​ ដឹកអ្នក​ដំណើរ ១២៦ នាក់ និង​ក្រុម​អាកាសយានិក ៦ នាក់។ នៅ​ពេល​នោះ យន្តហោះ​នេះ ​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​អាថែន ប្រទេស​ក្រិក ទៅ​កាន់​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី។

មិន​មាន​គ្រាប់​បែក​ដូច​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​បេឡារុស​នោះ​ទេ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា បន្ទាប់ពី​យន្តហោះ​នោះ​បាន​ចុះ​ចត អាជ្ញាធរ​បេឡារុស​បាន​ចាប់​ខ្លួន​អ្នក​កាសែត​បេឡារុស​លោក Raman Pratasevich និង​អ្នកស្រី Sofiya Sapega ដែលជា​ដៃគូ​របស់​លោក។

ក្រុមប្រឹក្សា​នៃ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (International Civil Aviation Organization) បាន​សម្រេច​កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​ថា​ នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ណា​មួយ​នៃ​អាកាសចរណ៍​ស៊ីវិល ដើម្បី​ធានា​នូវ​សុវត្ថិភាព​និង​សន្តិសុខ​ដល់​ការ​ហោះហើរ​អន្តរជាតិ។

លោក Pratasevich គឺជា​អ្នក​រិះគន់​ដ៏​ល្បីឈ្មោះ​ម្នាក់​លើ​មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​បេឡារុស​លោក Alyaksandr Lukashenka។ លោក​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​លីទុយអានី។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ចាប់​បង្ខំ​យន្តហោះ​មួយ​គ្រឿង​ឲ្យ​បង្វែរ​ទិសដៅ​ហោះហើរ​របស់​ខ្លួន​រវាង​ប្រទេស​ពីរ​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​លើ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​លោក Raman Pratasevich នៅ​ក្នុង​ទីក្រុង​មីនស្កិ៍»។

លោក​រដ្ឋមន្ត្រី Blinken បាន​បន្ថែម​ថា៖ «យើង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក [Pratasevich] ជា​បន្ទាន់។ ទង្វើ​ដ៏​គម្រក់​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​របប​ដឹកនាំ​របស់​លោក Lukashenka នេះ បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​អ្នក​ដំណើរ​ជាង ១២០ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​អាមេរិកាំង​ផងដែរ»។

លោក Pratasevich គឺ​ជា​អ្នក​សរសេរ​ប្លុក​ប្រឆាំង និង​ជា​សកម្មជន។ លោក​ គឺជា​សហ​ស្ថាបនិក​នៃ​បណ្ដាញ​ទំនាក់ទំនង Telegram ឈ្មោះ Nexta និងជា​អតីត​បណ្ណាធិការ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Nexta Live នៃ​បណ្ដាញ​ទំនាក់ទំនង Telegram។ ទីភ្នាក់ងារ​ព័ត៌មាន Nexta Live នេះ អាច​គេចផុត​ពី​ការ​បំបិទ​ការ​ផ្សាយ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​បេឡារុស​បាន​ដាក់​កំហិត​ដើម្បី​រារាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

កាលពី​ឆ្នាំ​មុន លោក Pratasevich បាន​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​បេឡារុស ក៏ដូចជា​អំពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ជ័យជម្នះ​ដែល​នៅ​មាន​មន្ទិល​សង្ស័យ​របស់​លោក Lukashenka នៅ​ពេល​បន្ទាប់មក​ផងដែរ។

សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​របស់​លោក លោក​ត្រូវបាន​អាជ្ញាធរ​បេឡារុស​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​ភេរវកម្ម​និង​ញុះញង់​ឲ្យ​មាន​កុបកម្ម។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​គឺជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​គាំទ្រ​នីតិរដ្ឋ និង​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ»។

លោក Blinken បាន​បន្ថែម​ថា៖ «ជា​ថ្មី​ម្ដង​ទៀត សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​យាយី​ជា​បន្ត​និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ដាក់​ឃុំ​ដោយ​ខុស​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​របប​ដឹកនាំ​របស់​លោក Lukashenka។ សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​បេឡារុស​ដែល​មាន​ក្ដី​ប្រាថ្នា​ចង់​បាន​អនាគត​មួយ​ដែល​មាន​លក្ខណៈ​សេរី ប្រជាធិបតេយ្យ និង​រុងរឿង និង​គាំទ្រ​ការ​អំពាវនាវ​របស់​ពួកគេ​ឲ្យ​របប​ដឹកនាំ​របស់​លោក Kukashenka គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន»៕