បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ និង​សាធារណរដ្ឋ​កូរ៉េ​មាន​គោលដៅ​ដូចគ្នា

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ដើរចេញពីការិយាល័យ​ប្រធានាធិបតី (Oval Office) ឆ្ពោះ​ទៅ​កាន់​សួនកុលាប (Rose Garden) ដើម្បីធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី​ Joe Biden បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នាជា​មួយ​ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថា ​សម្ព័ន្ធភាព​រវាងសហរដ្ឋ​អាមេរិក​និង
សាធារណរដ្ឋ​កូរ៉េ​ គឺ​អំពីការ​កសាង​អនាគតល្អប្រសើរ​ជាង​មុនសម្រាប់ប្រជារាស្ត្រ​ទាំងអស់​របស់យើង។

លោកប្រធានាធិបតី​ Biden​ បាននិយាយថា ​«គ្មានឧទាហរណ៍​ណាល្អ​ជាង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ភាពដៃគូ​របស់យើង​ទេ ដែលនាំ​ឱ្យមានអត្ថប្រយោជន៍​ហួស​និស្ស័យ​ដល់​ប្រទេស​ជាតិទាំងពីរ​របស់យើង‍»។

លោក Biden បានមានប្រសាសន៍​ថា «តាម​រយៈក្របខណ្ឌ​សេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក យើងជំរុញ​ការលូតលាស់​សេដ្ឋកិច្ច​ផ្អែកលើស្តង់ដារ​ខ្ពស់សម្រាប់​កម្មករយើង សម្រាប់​បរិដ្ឋាន ​និង​សម្រាប់​សហគមន៍​នៅ​ទូទាំង​តំបន់។ យើង​ឈរ​ជាមួយគ្នា​ប្រឆាំង​នឹង​ឥទ្ធិពលសេដ្ឋកិច្ចដែល​មានអានុភាព​ក្នុង​វិធី​បង្ខិតបង្ខំ។ ហើយ​តាំង​ពី​ពេល​ខ្ញុំចូលកាន់​តំណែងមក ក្រុមហ៊ុនកូរ៉េបានបណ្តាក់ទុន​ជាង​មួយ​រយពាន់លាន​ដុល្លារ​ក្នុង​ស.រ.អ. នាំ​ឱ្យមានការជំរុញ​ការបញ្ជូល​របៀបថ្មីៗ​ និងបង្កើន​ការងារ​ថ្មីៗ​សម្រាប់​កម្មករ​អាមេរិកាំងនិងកូរ៉េ‍»។

លោក​ប្រធានាធិបតី Biden បាននិយាយថា​ សន្ធិសញ្ញា​ការពារគ្នាទៅវិញ​ទៅមក​របស់​យើង​រឹងមាំ ហើយ​មានរួម​ការប្តេជ្ញា​របស់យើង​ដល់ការរា​រាំង​មិនឱ្យមាន​សង្គ្រាមនុយក្លេអ៊ែរផង​ដែរ។

លោក Biden បានថ្លែងថា «ការប្តេជ្ញាទាំងនេះមាន​សារៈសំខាន់​ជា​ពិសេស​ក្នុងការ​ប្រឈម​នឹងការគំរាម​កំហែង​កើនឡើង​ដោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ DPRK និងការរំលោភ​ឥតលាក់លៀម​លើ​ការដាក់ទណ្ឌកម្ម​។ នៅពេល​ជា​មួយគ្នា​នេះ យើងបន្តស្វះស្វែង​រកការ​ទម្លាយ​ភាពទាល់ច្រក​ខាងការទូត​ដោយហ្មត់ចត់ជាមួយ​សាធារណរដ្ឋ DPRK កាត់បន្ថយ​ការរីកសាយ​អាវុធ​នុយក្លេអ៊ែរ និងដោះស្រាយ​កង្វល់របស់យើង​ខាងមនុស្សធម៌​ ​និង​សិទ្ធិមនុស្សសម្រាប់​ប្រជាជន​នៃ​សាធារណរដ្ឋ DPRK‍»។

សាធារណរដ្ឋកូរ៉េ​និង​ស.រ.អ.កំពុងធ្វើការជា​មួយគ្នា ​មានរួម​តាម​រយៈ​កិច្ច​សហការ​ត្រីភាគីជា​មួយប្រទេសជប៉ុនផង ​ដើម្បី​ធ្វើឱ្យប្រាកដអំពី​អនាគតនៃតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ប្រកប​ដោយភាព​សេរី បើក​ចំហ សំបូរ​រុង​រឿង ​និង​មាន​សន្តិសុខ។ មេដឹកនាំពីរ​នាក់នេះ​ក៏​បាន​ពិភាក្សា​គ្នា​ដែរ​អំពី​ការប្តេជ្ញា​របស់អស់លោកដល់សន្តិភាព​និងស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ធ្វើឱ្យ​ប្រាកដប្រជា​អំពី​សេរីភាព​នាវាចរណ៍​ក្នុង​សមុទ្រចិនខាង​ត្បូង​ និង​ហួស​ពី​ទី​នោះ​ផង​ដែរ។

លោក​ប្រធានាធិបតី Biden បានអរគុណ​សាធារណរដ្ឋកូរ៉េដែលបានគាំទ្រខ្លាំង​ដល់​អ៊ុយ ក្រែន។

លោកប្រធានាធិបតី Biden បានមាន​ប្រសាសន៍ថា ​«ជម្រើសដែល​យើង​ធ្វើនៅ​ថ្ងៃនេះ នឹងកំណត់ទិសដៅ​របស់​ពិភពលោក​របស់យើង​និង​អនាគត​នៃក្រុមកូន​របស់យើងក្នុងពេល​ច្រើន​ទសវត្សរ៍ខាងមុខ‍»។

លោក​ប្រធានាធិបតី Biden បានប្រកាស​ថា «តាំង​ពី​ការ​តាមដានវិបត្តិ​អាកាសធាតុ​និង​ការពង្រឹងការប្រឹងប្រែង​របស់យើង​ដើម្បី​ប្រយុទ្ធនឹង​វិបត្តិ​នេះ​ និង​ការពង្រឹង​សុខភាព​សាកល គ្មានប្រទេស​ពីរ​ណា​អាច​ទប់ទល់នឹង​ឧបសគ្គទាំងនេះបាន​ល្អប្រសើរជាង​សាធារណរដ្ឋ​កូរ៉េ​ ​និង​ស.រ.អ.ទេ‍»៕