Accessibility links

Breaking News

បទវិចារណកថា៖ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 ជួប​ប្រជុំ​គ្នា​នៅ​ជប៉ុន


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានបទ​ចម្បង​នៃ​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មីៗ​នេះ ​គឺ​វិធី​ដែល​ប្រទេស​ជា​សមាជិក​អាច​រួម​ផ្សំ​កម្លាំង​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ខ្លួន «ដើម្បី​គាំទ្រ​បណ្ដា​ប្រទេស​នៅ​គ្រប់​ទ្វីប​ទាំង​អស់​ឱ្យ​ដោះស្រាយ​បាន​នូវ​បញ្ហា​ស្បៀង​អាហារ ថាមពល អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​របស់​ពួកគេ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken។

លោក Blinken ថ្លែង​ដូច្នេះ​ថា៖ «ករណី​នេះ​មាន​ន័យ​ថា​ រៀបចំ​ប្រព័ន្ធ​អន្តរជាតិ​មួយ​ប្រកប​ដោយ​បរិយាបន្ន​ជាង​មុន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​កែ​ទម្រង់​អង្គការ​សហប្រជាជាតិ ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ការ​ឆ្លើយតប​ជាង​មុន​ចំពោះ​តម្រូវការ​ពិត​ប្រាកដ​របស់​ប្រទេស​នានា និង​ការ​ស្វែងរក​ទម្រង់​ថ្មី​សម្រាប់​ការ​ប្រឹក្សា​យោបល់​ណា​ដែល​ស្វាគមន៍​មតិ​ផ្សេងៗ»។

លោក​បាន​បន្ថែម​ថា៖ «វា​មាន​ន័យ​ថា ​ផ្ដល់​ឱ្យ​ប្រទេស​ជា​ច្រើន​បន្ថែម​ទៀត​នូវ​វិធី​ប្រសើរ​ជាង​មុន​ដែល​មាន​ចីរភាព​និង​សមធម៌​ដើម្បី​ទទួល​បាន​វិបុលភាព ហើយ​ស្រប​ពេល​នោះ​ដែរ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ទាំង​នោះ។ ចាប់ពី​តំបន់​អាស៊ី​កណ្ដាល​ដល់​បណ្ដា​ប្រទេស​ដី​កោះ​ប៉ាស៊ីហ្វិក រហូត​ដល់​ទ្វីប​អាហ្វ្រិក តំបន់​អាមេរិក​ឡាទីន និង​តំបន់​មជ្ឈិម​បូព៌ា គោល​បំណង​របស់​យើង​គឺ​ផ្ដល់​ឱ្យ​មេដឹកនាំ​និង​ពលរដ្ឋ​នានា​នូវ​ជម្រើស​ប្រសើរ​ជាង​មុន ដែល​នោះ​គឺ​ការ​មិន​មាន​ការ​បង្ខំ មិន​មាន​បំណុល​ដែល​មិន​អាច​សង​បាន និង​មិន​មាន​ឥទ្ធិពល​អាក្រក់»។

ក្រុម​ប្រទេស G-7 ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នានា​ចំពោះ​ប្រព័ន្ធ​អន្តរជាតិ​ដែល​មាន​ភាព​សេរី បើក​ចំហ សុវត្ថិភាព និង​វិបុលភាព ជា​ពិសេស​គឺ​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ថា៖ «យើង​បាន​ប្ដេជ្ញា​ជា​ថ្មី​ចំពោះ​អ៊ុយក្រែន ដោយ​ផ្ដល់​នូវ​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​និង​សេដ្ឋកិច្ច​ដែល​អ៊ុយក្រែន​ត្រូវការ​នៅ​ពេល​បច្ចុប្បន្ន​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​ប្រជាជន​របស់​ខ្លួន និង​សម្រាប់​រយៈពេល​វែង​ដើម្បី​ធានា​ថា​អ៊ុយក្រែន​មិន​ត្រឹមតែ​អាច​រស់រាន​បន្ត​ទៅ​មុខ​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​រីក​លូតលាស់​បាន​ទៀត​ផង និង​ដើម្បី​ធានា​ថា ​រុស្ស៊ី​នឹង​ខ្លាច​រអា​មិន​ហ៊ាន​ធ្វើ​ការ​ឈ្លានពាន​បន្ថែម​ទៀត»។

ទាក់ទិន​នឹង​ប្រទេស​ចិន ក្រុម​ប្រទេស G-7 «បាន​តាំងចិត្ត​និង​យល់ស្រប​គ្នា​ចំពោះ​សេចក្ដី​ត្រូវការ​នៅ​ក្នុង​ការ​មាន​ការ​ពិភាក្សា​គ្នា​ដោយ​ស្មោះត្រង់​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ អំពី​ទង្វើ​របស់​ចិន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​បទបញ្ញត្តិ​អន្តរជាតិ​ដែល​ប្រទេស​ទាំង​អស់​ទទួល​បាន​ប្រយោជន៍​ពី​បទ​បញ្ញត្តិ​ទាំង​នេះ ហើយ​នឹង​ហានិភ័យ ​ប្រសិនបើ​ចិន​មិន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​និង​ចាប់ផ្ដើម​ផ្ដល់​សព្វាវុធ​ដល់​រុស្ស៊ី»។ នេះ​បើ​តាម​ការ​ព្រមាន​របស់​លោក​រដ្ឋមន្ត្រី Blinken។

លោក​លើកឡើង​ដូច្នេះ​ថា៖ «ជា​ការពិត ហើយ​រួបរួម​គ្នា​នៅ​ក្នុង​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ចំពោះ​រដ្ឋាភិបាល​ចិន​អំពី​ការ​ជំទាស់​របស់​យើង​ចំពោះ​ការ​កែប្រែ​ដោយ​ឯកតោ​ភាគី​ណា​មួយ​លើ​ស្ថានភាព​បច្ចុប្បន្ន​ជាមួយ​តៃវ៉ាន់»។

ការ​ពិភាក្សា​របស់​ក្រុម​ប្រទេស G-7 ទាំង​នេះ​ក៏​ផ្ដោត​លើ​គ្រោះថ្នាក់​នៃ​ការ​រីក​សាយភាព​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ។ លោក​រដ្ឋមន្ត្រី Blinken បាន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​ប្រទេស​ជប៉ុន​ដែល​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ដូច្នេះ​ថា៖ «ការ​គំរាមកំហែង​ទាំង​នេះ​មាន​ដូចជា​ ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ដ៏​គ្រោះថ្នាក់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ការ​ពង្រីក​សកម្មភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រតិបត្តិការ​ទំនើប​នៃ​ការ​បំបែក​សារធាតុ​និង​ការ​បង្កើន​បរិមាណ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​គុណភាព​ខ្ពស់​ដែល​មិន​មាន​ការ​ពន្យល់​ ឬ​ក៏​គោល​បំណង​បែប​ស៊ីវិល​ដ៏​គួរ​ឱ្យ​ទុកចិត្ត​ផង​ដែរ ការ​ផ្អាក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា New START និង​វោហារសាស្ត្រ​នុយក្លេអ៊ែរ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រុស្ស៊ី និង​ការ​បង្កើន​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​មិន​មាន​តម្លាភាព​និង​ឆាប់​រហ័ស​របស់​ប្រទេស​ចិន»។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 បាន​តាំងចិត្ត​ដើម្បី​ជំរុញ​ឱ្យ​មាន​សង្គម​បើក​ចំហ មាន​តម្លាភាព មាន​ភាព​ធន់ និង​ប្រកប​ដោយ​ចីរភាព ដែល​គោរព​សិទ្ធិ​មនុស្ស យុត្តិធម៌ និង​សេចក្ដី​ថ្លៃថ្នូរ ហើយ​នឹង​ដោះស្រាយ​តម្រូវការ​របស់​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ជាង​គេ​បំផុត៕

XS
SM
MD
LG