បទវិចារណកថា៖ សេចក្តី​សម្រេច​ជា​ប្រវត្តិសាស្ត្រ​ថ្កោលទោស​ការប្រើ​អាវុធ​គីមី​ដោយ​របប Assad

រូបឯកសារ៖ អគារ​របស់​អង្គការ​ហាមប្រាម​​​អាវុធ​គីមី​​ហៅ​កាត់​ថា OPCW នៅក្នុង​ទីក្រុង​ឡាអេ​នៃ​ប្រទេស​ហូឡង់ នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ការ​បោះឆ្នោតជា​ប្រវត្តិសាស្ត្រ​មួយ​ សហរដ្ឋ​អាមេរិក​និងប្រទេស​៤៥​ ជា​អ្នក​ឧបត្ថម្ភ​រួមនៅ​ក្នុង​អង្គការហាមប្រាម​អាវុធ​គីមីហៅ​កាត់​ថា OPCW សន្និសីទ​នៃ​រដ្ឋ​ជា​ភាគី​ បានទទួល​ជោគជ័យ​ក្នុង​ការថ្កោលទោសរបប​គ្រប់គ្រង​របស់​ Bashar al-Assad ក្នុង​ប្រទេសស៊ីរី​ដែល​បាន​បន្ត​ប្រើប្រាស់ ​និង​មាន​អាវុធ​គីមីតទៅ​ទៀត។ ​អាវុធបែប​នេះ​ ជា​ការ​រំលោភ​ដល់កាតព្វកិច្ចរបស់​ស៊ីរីតាម​រយៈ​អនុសញ្ញា​អាវុធ​គីមីហៅ​កាត់ថា​ CWC។

សេចក្តី​សម្រេច​នេះ ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ប្រទេស​៨៧បោះឆ្នោតគាំទ្រ ​ហើយមាន​តែ​ប្រទេស​១៥​ បាន​ជំទាស់។ បន្ថែមលើ​ការ​ថ្កោលទោស​ការ​ប្រើអាវុធ​គីមីដោយ​ប្រទេស​ស៊ីរី អង្គការ​នេះ​ បាន​ផ្អាកសិទ្ធិ​និង​បុព្វសិទ្ធិខ្លះដែល​ស៊ីរី​មាន​នៅតាម​រយៈ​អនុសញ្ញា​នេះ ដែលសំខាន់​បំផុត​ គឺសិទ្ធិរបស់ស៊ីរី​ក្នុង​ការ​បោះឆ្នោត។ ស៊ីរី​នឹង​មាន​សិទ្ធិ​នេះ​ឡើង​វិញ​ នៅ​ពេល​ណា​ដែល​អគ្គនាយកនៃអង្គការ OPCW ​រាយការណ៍​ថា ស៊ីរី​បាន​ចាត់​វិធានការ​មួយ​ចំនួន​ចប់​សព្វ​គ្រប់​ហើយ។

លោក​ Ned Price អ្នកនាំ​ពាក្យ​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ជា​ឧទាហរណ៍ «ប្រទេសស៊ីរី​ត្រូវ​ដោះស្រាយបញ្ហា​សេសសល់​ទាំងអស់ទាក់ទិន​នឹងសេចក្តី​ប្រកាស​ដំបូង​អំពី​ឃ្លាំងអាវុធគីមី​ និងកម្មវិធីអាវុធនេះ​របស់​ផង​ខ្លួន»។

ការបោះឆ្នោត​នេះ​មាន​ឡើង​ក្រោយ​ការចេញផ្សាយ​របាយការណ៍​ពីរ​របស់ក្រុម​អ្នក​ស៊ើបអង្កេត​ និង​អត្តសញ្ញាណកម្មរបស់​អង្គការ OPCW កាល​ពី​ឆ្នាំ​ទៅ​មិញដែល​បាន​ភ្ជាប់​ជា​ផ្លូវការរដ្ឋាភិបាល​ស៊ីរី​ទៅ​នឹងការ​វាយ​ប្រហារដោយ​អាវុធ​គីមី​កាល​ពី​ឆ្នាំ២០១៧ ​និង​២០១៨។ ​របាយការណ៍​ទាំង​នោះ​បានសន្និដ្ឋាន​ថា អាជ្ញាធរ​ស៊ីរីនៅតែបន្ត​ប្រើឧស្ម័ន​ពុលបន្ទាប់​ពីរបប​គ្រប់គ្រង​ Assad ​បាន​ប្រកាស​ឈប់​ប្រើ​ឧស្ម័ននេះ ​និងបាន​ដាក់​ឃ្លាំង​អាវុធបែប​នេះ​សម្រាប់​បំផ្លាញ​ចោល។ សហរដ្ឋ​អាមេរិក​បានប៉ាន់​ប្រមាណថារបប​គ្រប់គ្រង​ Assad ​បាន​ប្រើអាវុធ​គីមីយ៉ាង​តិច​ណាស់៥០​ដង ចាប់​តាំង​ពីបាន​ចូលក្នុង​ CWC ក្នុង​ឆ្នាំ២០១៣។

នេះ​ជា​លើក​ដំបូង​ហើយ​ដែលសកម្មភាព​មួយ​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងប្រឆាំង​នឹងប្រទេស​មួយ​ក្នុង​អង្គការ OPCW។​ អ្នកនាំ​ពាក្យលោក Price បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​ស្វាគមន៍សេចក្តី​សម្រេច​របស់​អង្គការ OPCW ហើយ​អបអរ​សាទរ​ការ​ប្តេជ្ញាតទៅទៀត​របស់​សហគមន៍អន្តរជាតិ​ក្នុង​ការប្រព្រឹត្ត​តាម​បទដ្ឋាន​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​គីមី»។

លោក Price ថ្លែង​ថា៖ «ការ​ប្រើ​អាវុធ​គីមី​ដោយ​រដ្ឋណា​មួយជា​ការ​គំរាមកំហែងដល់​សន្តិសុខ​មនុស្សគ្រប់គ្នាដែល​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ»៕