បទវិចារណកថា៖ អ្នកប្រឆាំង​សំខាន់​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី

រូបឯកសារ៖ លោក Vladimir Kara-Murza ជា​សកម្មជន​​​សង្គម​ស៊ីវិលរុស្ស៊ី​​។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អា មេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​អំពាវនាវឱ្យដោះលែងសកម្មជន​សង្គម​ស៊ីវិលរុស្ស៊ីលោក Vladimir Kara-Murza ជា​បន្ទាន់។

លោក​ជា​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​យូរយា​រមក​ហើយ​ ហើយ​នឹង​បានរិះគន់ការ ឈ្លានពានរបស់លោក Vladimir Putin ក្នុង​ប្រទេស​អ៊ុយក្រែន​ថា ​ជា​ការមិន​ត្រឹមត្រូវ លោក Vladimir Kara-Murza ត្រូវ​បានចាប់ដោយ​អាជ្ញាធរក្នុ​ងក្រុង​មូស្គូ​កាលពី​ថ្ងៃទី១១ ខែ​មេសា ​ហើយ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ១៥ថ្ងៃ។

លោក Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា លោក Kara-Murza «ជាមនុស្ស​ម្នាក់ដែល​បាន​អត់ធន់នឹង​ការចាប់​ខ្លួន​ និង​ការបំពុលជិតស្លាប់​កាលពី​ពេលមុនៗដោយសារ​សកម្មភាព​សន្តិវិធី​របស់​លោកក្នុងនាម​សិទ្ធិ​មនុស្ស ​និង​សេរី ភាព​ស៊ីវិល​របស់​ប្រជារាស្ត្រ​រុស្ស៊ី»។

នៅក្នុង​ដំណើរ​ទស្សនកិច្ចមួយ​នៅ​ស.រ.អ.​កាលពី​ខែ​មីនា លោក Kara-Murza បាន​ហៅការឈ្លានពាន​ក្នុង​ប្រទេស​អ៊ុយក្រែនថា​ ជា«សង្គ្រាមមួយ​គ្មាន​ការបង្ក​រឿង ​គ្មានអ្វីបញ្ជាក់​ថា​ត្រឹម​ត្រូវដែល​យក​ជន​ស៊ីវិល​ជា​ទីដៅ​ដោយ​គ្មាន​រើសមុខ»។ លោកបាន សង្កត់​ធ្ងន់ថា៖ «រុស្ស៊ីនិង​របប​គ្រប់គ្រង​លោក Putin មិន​មែន​តែ​មួយ ​និង​ដូច​គ្នា​ទេ។ មាន​មនុស្ស​ច្រើន​នាក់​ក្នុងប្រទេស​ខ្ញុំ​ដែល​បានប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ជា​ដាច់​ខាតដូច​ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវ​បានជំទាស់​នៅ​សហរដ្ឋអាមេរិក​ដែរ»។

ក្នុង​ពេល​តែ​ប៉ុន្មានម៉ោង​មុន​លោកត្រូវ​បានចាប់​ខ្លួន​ក្នុ​ង​ទីក្រុង​ម៉ូស្គូ លោក Kara-Murza បាន​ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ CNN ដែល​ក្នុង​នោះលោក​បាន​ហៅ​របប​គ្រប់គ្រង​របស់លោក Putin ថា «ជា​ឃាតករ» ហើយ​បាន​ទស្សន៍ទាយ​ថាសង្គ្រាម​នៅ​អ៊ុយក្រែនអាច​នាំឱ្យ​លោក Putin ធ្លាក់​ពី​អំណាច។ ដោយ​សម្តែងទស្សនៈ​របស់​លោក លោក Kara-Murza បាន​ប្រឆាំង​នឹងច្បាប់​រុស្ស៊ី​ថ្មីៗ​ដែលចាត់ទុក​ការផ្សព្វផ្សាយអ្វី​ដែលរបប​គ្រប់គ្រង​នេះចាត់ទុកថា ជាព័ត៌មាន«ក្លែង​បន្លំ»ដោយ​មាន​រួមបញ្ចូលកិច្ច​ប្រតិបត្តិ ការយោធា​រុស្ស៊ី​ក្នុង​អ៊ុយ​ក្រែនថា​ជា​សង្គ្រាម​មួយ ឬ​ជា​ការឈ្លានពាន​មួយ។

លោក Hugh Williamson នៃ​អង្គការ Human Rights Watch បាននិយាយ​ថា«កាលពីទសវត្សរ៍​មុន អាជ្ញាធរ​រុស្ស៊ី​បានប្រើច្បាប់​ស្រពិច​ស្រពិល​និង​លេស​មួយ​ចំនួនមិនគួរ​ឱ្យ​ជឿដើម្បី​បំភ័យ​ និង​យាយី​សំឡេង​ឯករាជ្យ​និង​សំឡេង​ប្រឆាំង។ ពេល​នេះ​ ពួក​គេ​ដាក់​កំហិត​ការត្រួតពិនិត្យ​រូមជាមួយ​ការទាមទារឱ្យមនុស្សគ្រប់​គ្នាថា​តាម​ដូច​សត្វ​សេក»។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសអាមេរិក​លោក Ned Price បាន​ថ្លែង​ថា របប​គ្រប់គ្រង​របស់​លោក Putin «ឈ្លានពាន​ហួសពី​ព្រំដែន​ខ្លួន និងសង្កត់សង្កិនជាង​មុន​នៅ​ខាង​ក្នុង​ព្រំដែន​ខ្លួន»។ លោកបាន​ចង្អុល​បង្ហាញពី​ការចាប់ឃុំឃាំងកាលពីឆ្នាំ​ទៅ​មិញនៃ​ក្រុម​បុគ្គលរាប់​ពាន់​នាក់​ដែល​បានដើរធ្វើ​បាតុកម្មតាម​ផ្លូវ​ដោយ​សន្តិវិធីតវ៉ាអំពីការ​ចាប់​ឃុំឃាំងលោក Aleksey Navalny មេដឹកនាំ​ប្រឆាំង​រុស្ស៊ី។ លោក​ក៏បានកត់​សម្គាល់​ដែរ​ថា ជាការបន្ថែមលើ​ការ​ចាប់​ខ្លួនលោក Vladimir Kara-Murza កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ឆ្នាំនេះ​ជនជាតិ​រុស្ស៊ី១ម៉ឺន ៥ពាន់​នាក់ទៀត ​ត្រូវ​បានឃាត់​ខ្លួនដោយសារ​បានធ្វើ​បាតុកម្ម​ប្រឆាំង​នឹងសង្គ្រាម​ឃោរឃៅ​របស់​រដ្ឋាភិបាល​ពួក​គេ​ប្រឆាំង​នឹង​អ៊ុយក្រែន។

អ្នកនាំ​ពាក្យលោក Price បាននិយាយ​ទៀត​ថា «ទាំង​នេះជាសកម្មភាពរបស់​រដ្ឋាភិបាលមួយ​ដែលមានអសន្តិសុខ​ជា​មូលដ្ឋាន​ដែលគ្មានឆន្ទៈ​អនុញ្ញាតឱ្យ​ប្រជារាស្ត្រ​ខ្លួនផ្ទាល់ធ្វើ​អ្វីដែល​ជាសិទ្ធិរបស់​ប្រជារាស្ត្រនៅ​គ្រប់​ទី​កន្លែង ដើម្បីធ្វើ​ការតវ៉ា ដើម្បី​ដើរធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដើម្បី​បង្កើត​សមាគម​ និង​ដើម្បី​ធ្វើឱ្យ​សំឡេង​ពួក​គេ និង​ឆន្ទៈសេរី​របស់​ពួក​គេ​ត្រូវ​បាន​ឮ»៕