Accessibility links

Breaking News

បទវិចារណកថា៖ ការខាតបង់​ថែមទៀត​ដល់​របប​គ្រប់គ្រង Lukashenko ដោយសារ​ការសង្កត់សង្កិន​របស់ខ្លួន


រូបឯកសារ៖ ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO)។
រូបឯកសារ៖ ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO)។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស.រ.អ.​បាន​ចាត់វិធានការ​ដើម្បី​ដាក់​ការរឹតត្បិតខាង​ទិដ្ឋាការ​លើ​បុគ្គល​២៥នាក់​ថែម​ទៀត​ក្នុងប្រទេសបេឡារុសដោយសារ​មុខ​នាទី​របស់ពួក​គេ​ក្នុងការធ្វើឱ្យ​អន្តរាយ​អន្តរកាល​ទៅ​កាន់លទ្ធិ​ប្រជាធិបតេយ្យ។ ដោយ​បានបញ្ចូលជន​ទាំង​២៥​នាក់នេះ គឺ​ក្រសួងការបរទេស​ស.រ.អ. ​បាន​ដាក់កំហិតការរឹតត្បិត​ទិដ្ឋាការ​លើក្រុម​បុគ្គលសរុប​ចំនួន៣២២​នាក់ហើយ ​ដែល​បានចូល​ដៃ​ឃុបឃិតក្នុង​ការបោះឆ្នោតប្រធានាធិបតី​មានការគៃបន្លំ​កាលពី​ឆ្នាំ២០២០និងការបង្ក្រាបយ៉ាង​ឃោរឃៅលើ​ក្រុមប្រឆាំង​ដោយ​របបគ្រប់គ្រង​ Lukashenko។​

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.លោក Antony Blinken បាន​កត់សម្គាល់​ថា​ បុគ្គល២៥នាក់ដែល​រង​ការ​រឹតត្បិត​ថ្មីៗបំផុត​នេះ មានរួម​ពួក​សមាជិកនៃ​រដ្ឋសភា​ជាតិ​នៃប្រទេស​បេឡារុស​ផង​ដែរ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោកបានមានប្រសាសន៍​ថា ​ពួក​បុគ្គល​ទាំង​នេះ​ប្រឈមនឹងការរឹតត្បិត​ទិដ្ឋាការ «ដោយសារ​មុខនាទី​របស់​ពួក​គេក្នុងការអនុម័តសេចក្តី​ព្រាងច្បាប់អនុញ្ញាត​ឱ្យមានទោស​ប្រហារជីវិត​សម្រាប់ពួក​ជន​មានទោស​ពី​ការចោទប្រកាន់ «ក្នុង​ការប៉ុនប៉ង​ធ្វើ​សកម្មភាពភេរវកម្ម»​ ដែល​ជា​ការ​ចោទប្រកាន់​មួយ​ត្រូវ​ប្រើប្រាស់​សម្រាប់​បង្ក្រាប ​និង​បំភិតបំភ័យក្រុម​ប្រជាធិបតេយ្យដែល​ជា​ក្រុមប្រឆាំង​ និង​សង្គមស៊ីវិល»។​

ក្រសួងការបរទេសស.រ.អ.​បាន​ប្រកាស​អំពីសកម្ម​ភាព​ថ្មីបំផុត​របស់​ខ្លួននេះនៅ​ពេលមាន​ការបើក​ការកាត់ទោសដោយ​កំបាំង​មុខ​លោកស្រី Svyatlana Tsikhanouskaya ប្រធានគណបក្ស​ប្រឆាំង​ និង​ក្រុមសកម្មជនប្រជាធិបតេយ្យនាំមុខឯទៀតៗនៅ​ក្នុងប្រទេសបេឡារុស។ អ្នក​ទាំង​នេះត្រូវបានចោទប្រកាន់ពី​បទឧក្រិដ្ឋកម្ម​សន្តិសុខជាតិ ដោយមានរួម«ភាពជ្រុលនិយម»​នៅ​ក្នុងអ្វី​ដែលលោករដ្ឋមន្ត្រី Blinken បានហៅ​ថា​ជានីតិវិធីតុលាការ​ដែល«មានលក្ខណៈនយោបាយ»។

លោកស្រី Tsikhanouskaya ដែល​បានឈរ​ឈ្មោះប្រឆាំងនឹង​អ្នកកាន់អំណាច​ផ្តា​ច់ការ​យូរមក​ហើយ ឈ្មោះ Alyaksandr Lukashenko នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីកាលពី​ឆ្នាំ២០២០ ហើយបាន​រត់គេចខ្លួន​ចេញ​ពី​ប្រទេសនៅក្រោយ​ការបង្ក្រាប​មានការ​បង្ហូរឈាម បានពណ៌នាការកាត់ក្តី​លោកស្រី​ថា ​ជា«ការ​គួរឱ្យ​ហួសចិត្ត»។ លោកស្រី​បាន​និយាយថា​លោកស្រីមិន​អាច​ទទួលឯកសារ​តុលាការ​ ឬ​មាន​មេធាវីតែងតាំង​ដោយ​តុលាការទេ​នៅ​មុន​ដំណើរការ​កាត់ក្តីនេះ។

អាជ្ញាធរ​បេឡារុស​កាត់ក្តី​លោកស្រី Tsikhanouskaya ជាមួយ​ពួក​មេដឹកនាំលម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យឯទៀតៗ​មានរួមលោកស្រី​ Volha Kavalkova ប្រធាននៃ​ក្រុម​ប្រឹក្សាសម្របសម្រួល ដែល​ជាអង្គការមួយ​មាន​ភារកិច្ចសម្រួលអន្តរកាលប្រជាធិបតេយ្យ​នៃប្រទេសបេឡារុស។ លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍កាលពី​ពេល​ថ្មីៗនេះរបស់​លោក​ថា នៅក្នុងការកាត់ក្តី​មួយ​ដាច់ដោយ​ឡែក​កាលពី​ខែ​ធ្នូ របបគ្រប់គ្រងនេះបានកាត់ទោសអ្នក​បង្កើត​មូលនិធិ​សាមគ្គីភាព​កីឡា​បេឡារុស​ លោក Alex Apeikin និង​កីឡាការិនីអូឡាំពិក​បេឡារុស​នាង Alyaksandra Herasimenia ឱ្យជាប់ឃុំឃាំងក្នុងពន្ធនាគារ​១២ឆ្នាំ។

លោក​រដ្ឋមន្ត្រី Blinken ​បានមាន​ប្រសាសន៍​ថា ​«របប​គ្រប់គ្រង Lukashenko ក៏បានបន្តឃុំឃាំង​ជា​អ្នក​ទោស​នយោបាយលោក Alex Bialiatski ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​ ដែល​បានចំណាយ​ពេលក្នុងជីវិត​លោកការពារ​សិទ្ធិមនុស្ស និងជំរុញ​ឱ្យ​មានការផ្លាស់ប្តូរបែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសបេឡារុស»។

លោក​រដ្ឋមន្ត្រី Blinken បានប្រកាស​ថា ស.រ.អ.«នឹងបន្ត​ប្រើគ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បីឱ្យ​ក្រុម​ជននៅ​ក្នុងប្រទេស​បេឡារុស ដែល​រារាំងសេចក្តី​ប្រាថ្នារបស់ក្រុម​ពលរដ្ឋរួម​ជាតិ​របស់ពួក​គេចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះសកម្មភាពរបស់ខ្លួន»៕

Related

XS
SM
MD
LG