Accessibility links

Breaking News

បទវិចារណកថា៖ កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់​ការជួញដូរ​មនុស្ស​ដ៏​អាក្រក់


រូបឯកសារ៖ ជន​ដែល​គេ​សង្ស័យ​ថា​ជា​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ដែល​ត្រូវបាន​ថត​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០។
រូបឯកសារ៖ ជន​ដែល​គេ​សង្ស័យ​ថា​ជា​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ដែល​ត្រូវបាន​ថត​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

អ្នកស្រី Cindy Dyer ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តាមដាន​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​បាន​និយាយ​ថា៖ របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​«ឈរ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ជា​សកល​របស់​យើង​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស‍»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​កត់សម្គាល់​ថា សេចក្តីផ្តើម​នៅក្នុង​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​នៅ​ឆ្នាំនេះ​ផ្តោត​លើ​ចំណុច​ប្រសព្វ​នៃ​បច្ចេកវិទ្យា និង​ការជួញដូរ​មនុស្ស ខណៈ​ដែល​ឈ្មួញ​ជួញដូរ​មនុស្ស​បាន​កេងប្រយោជន៍​នៃ​ការជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ប្រព្រឹត្ត​បទល្មើស និង​បិទបាំង​អត្តសញ្ញាណ​របស់​ពួកគេ។ អ្នកស្រី​បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ​ក្នុង​ការទាញ​យក​អត្ថប្រយោជន៍​ពី​ការច្នៃ​ប្រឌិត​ថ្មីៗ ខណៈពេល​ដែល​បន្ត​ពង្រឹង​វិធីសាស្ត្រ និង​ការអនុវត្ត​បែប​ប្រពៃណី​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ រារាំង​បណ្តាញ​ឧក្រិដ្ឋជន និង​ធ្វើឱ្យ​ឈ្មួញ​ជួញដូរ​មនុស្ស​ត្រូវ​ទទួល​ខុសត្រូវ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​និយាយ​ថា របាយការណ៍​ឆ្នាំ​នេះ​ក៏ស្វែងយល់​ពី​ការអនុវត្ត​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកនៅ​រស់រាន​មាន​ជីវិត​ពី​ការជួញដូរ​មនុស្ស ដែល​នាំ​ឱ្យ​វិធីសាស្រ្ត​នេះ​ផ្តោត​ទៅលើ​ជនរងគ្រោះ​កាន់តែ​ខ្លាំងឡើង។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​និយាយ​ថា ឧទាហរណ៍ លោក​អ្នក​នឹង​ឃើញ​ថា ព័ត៌មាន​អំពី​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​និង​ការស៊ើបអង្កេត និង​ការកាត់ទោស​ឈ្មួញ​ជួញដូរ​មនុស្ស​ដែល​អាច​កាត់​បន្ថយ​ការពឹងផ្អែក​លើ​សក្ខីកម្ម​របស់​ជនរងគ្រោះ។ ក្នុង​នាម​ខ្ញុំ​ជា​អតីត​រដ្ឋអាជ្ញា​ម្នាក់ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពី​របៀប​ដែល​ការប្រើប្រាស់​យុទ្ធសាស្រ្ត​ទាំងនេះ​ផ្តល់​នូវ​ការការពារ និង​ការគាំទ្រ​កាន់តែ​ច្រើន​សម្រាប់​ជនរងគ្រោះ ពង្រឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ និង​បង្កើន​ភាពទទួល​ខុសត្រូវ និង​យុត្តិធម៌»។

អ្នកស្រី​ឯកអគ្គរដ្ឋទូតDyer បាន​និយាយ​ថា ភាពជាដៃគូ​ប្រកប​ដោយ​ការច្នៃ​ប្រឌិត​អាច​ជួយ​ឱ្យ​មាន​ការការពារ និង​កិច្ច​ខិតខំ​ការពារ​ដែល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​វិវត្ត​ទៅមុខ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​និយាយ​បន្ត​ទៀត​ថា «‍ការិយាល័យ​របស់​យើង​នាពេល​ថ្មីៗ​នេះ​បាន​ចាប់ផ្តើម​ភាពជាដៃគូ​លើកដំបូង​ដែល​មិន​ធ្លាប់​មាន​ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស ឬ ហៅ​កាត់​ថា P2P ... ជាមួយ​ប្រទេស​សំប៊ី។ កម្មវិធី P2P នេះផ្អែក​លើ​ភាពជោគជ័យ​នៃ​កម្មវិធី​កិច្ចការពារ​កុមារ ហើយ​ប្រើប្រាស់​ផែនការ​សកម្មភាព​រយៈពេល​ច្រើន​ឆ្នាំ​រួមគ្នា ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​កិច្ចសហការ​របស់​សង្គម​ស៊ីវិល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​និយាយ​បន្ថែម​ថា៖ «‍វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ក្រុម​អ្នកតស៊ូមតិ​ប្រឆាំង​នឹង​ការជួញដូរមនុស្ស​បន្ត និង​មាន​បំណង​ធ្វើការ​ភ្ជាប់ និង​ធ្វើជា​ដៃគូ​ជាមួយ​សហគមន៍​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការជួញដូរ​មនុស្ស»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​និយាយ​បន្ថែម​ថា៖ «‍ដើម្បី​សម្រេច​កិច្ចប្រឹងប្រែង​នេះ​ឱ្យ​បាន​ជោគជ័យ សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​អាទិភាព​ដល់​ការបង្កើត​វិធី​ថ្មី និង​ប្រកប​ដោយ​ភាពច្នៃប្រឌិត ដើម្បី​បញ្ចូល​អ្នករស់រាន​មាន​ជីវិត​ពី​ការជួញដូរ​មនុស្ស​ទៅក្នុង​គោលនយោបាយ និង​កម្មវិធី​សហព័ន្ធ​ប្រឆាំងនឹងការជួញដូរ​មនុស្ស​ជា​ចម្បង​តាមរយៈ​ក្រុមប្រឹក្សា​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ការជួញដូរ​មនុស្ស និង​បណ្តាញ​ប្រឹក្សា​អ្នកជំនាញ​លើ​ការប្រឆាំងនឹង​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស។ ការចូលរួម​ជាមួយ​បុគ្គល​ដែល​ធ្លាប់​ត្រូវបាន​គេ​ជួញដូរ និង​ការបញ្ចូល​ចំណេះដឹង​ និង​ជំនាញ​របស់​ពួកគេ​អាច​ធានា​ថា គំនិត​ផ្តួចផ្តើម​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​របស់​យើង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទស្សនៈនិង​ការយល់​ដឹង​ចម្រុះ ហើយនាំ​ទៅ​រក​គោលនយោបាយ​ដែល​មាន​ព័ត៌មាន​អំពី​អ្នករស់រាន​មាន​ជីវិត​ ដែល​នោះ​គឺ​មាន​ប្រសិទ្ធភាព​ជាង»។

សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ធ្វើការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដើម្បី​បញ្ចប់​ការជួញដូរ​មនុស្ស​ដ៏​អាក្រក់​នេះ៕

XS
SM
MD
LG