Accessibility links

Breaking News

បទវិចារណកថា៖ របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​២០២៤


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​នៃ​ការចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ២០២៤ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​នៃ​ការចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ២០២៤ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ពន្យល់​ថា របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​២០២៤ គឺជា​របាយការណ៍​មួយ​ដែល​មាន​លក្ខណៈ​ទូលំ​ទូលាយ និង​មាន​គោលបំណង​វាយតម្លៃ​ស្ថានភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ទូទាំង​១៨៨ ​ប្រទេស និង​ដែនដី រួមទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។ អស់រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​មក​ហើយ ដែល​របាយការណ៍​អំពី​ការជួញដូរ​មនុស្ស​នេះ​ត្រូវបាន​ចងក្រង​ជា​ឯកសារ​អំពី​និន្នាការ​ដែល​កំពុង​កើតឡើង គូសបញ្ជាក់​អំពី​វឌ្ឍនភាព និង​ការធ្លាក់ចុះ និង​កំណត់​អំពី​គំនិត​ផ្តួចផ្តើម​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស។

លោក Blinken បាន​និយាយ​ទៀត​ថា​ ខណៈពេល​ដែល​ការជួញដូរ​មនុស្ស​បាន​ចាប់ផ្តើម​មាន​ឡើង​តាំងពី​ការកកើត​នៃ​មនុស្ស​ជាតិ​នោះ ជនល្មើស​នៅតែ​បន្ត​វិវត្ត​វិធីសាស្រ្ត​របស់​ពួកគេ។ ប្រាកដណាស់​របាយការណ៍​ឆ្នាំ​២០២៤ ពិនិត្យ​ស៊ីជម្រៅ​អំពី​តួនាទី​ដែល​កំពុង​កើនឡើង​នៃ​បច្ចេកវិទ្យា​ឌីជីថល​នៅ​ក្នុង​ការជួញដូរ​មនុស្ស។

នៅ​ជុំវិញ​ពិភពលោក បណ្តាញ​ជួញដូរ​មនុស្ស​មាន​គោលដៅ និង​ជ្រើសរើស​ជនរងគ្រោះ​តាម​អ៊ីនធឺណិត តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម តាមរយៈ​កម្មវិធី​ណាត់ជួប តាមរយៈ​វេទិកា​ហ្គេម។ ជនល្មើស​ធ្វើ​ប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ប្រើ​រូបិយប័ណ្ណ​គ្រីបតូ​ស្រមោល។ ពួកគេ​ប្រើ​វិធី​ការពារ​ដើម្បី​មិន​ឱ្យ​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​សកម្មភាព​របស់​ពួកគេ ឬ​បញ្ជាក់​ថា តើ​ពួកគេ​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ណា។ ហើយ​អ្វី​ដែល​កំពុងតែ​កើន​ឡើង​ខ្លាំង​នោះ​ គឺ​ឈ្មួញ​ជួញដូរ​មនុស្សបាន​បង្ខិតបង្ខំ​ជនរងគ្រោះ​របស់​ពួកគេ​ឱ្យ​ចូលរួម​ក្នុង​ការបោកប្រាស់​តាម​អ៊ីនធឺណិត។

លោក Blinken បាន​ថ្លែង​ដោយ​ប្រុងប្រយ័ត្ន​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ពង្រឹង​សុភនិច្ឆ័យ​រួម​អំពី​អ្នក​ដែល​អាច​ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស រួមជាមួយ​នឹង​យេនឌ័រ ពូជសាសន៍ ជាតិសាសន៍ និង​វណ្ណៈ។

លោក Blinken បាន​ថ្លែង​ថា «‍ដូច​ជា​ការ​យល់​ឃើញ​មិន​ត្រឹមត្រូវ​យ៉ាង​ទូលំ​ទូលាយ​ថា ការជួញដូរ​មនុស្ស​ប៉ះពាល់​តែ​ស្ត្រី និង​កុមារី​ប៉ុណ្ណោះ។ ការយល់ខុស​ទាំងនេះ​កំណត់​សមត្ថភាព​របស់​សហគមន៍ អាជ្ញាធរ និង​សូម្បីតែ​ជនរងគ្រោះ​ខ្លួនឯង​ក្នុង​ការយល់ដឹង​អំពី​ការរំលោភបំពាន ដោយ​វា​កើតឡើង​ក្នុង​ពេល​ជាមួយគ្នា»។

លោក Blinken បាន​និយាយ​ទៀត​ថា ក្នុង​ពេល​ជាមួយគ្នា​នេះ របាយការណ៍​នៅ​ឆ្នាំ​នេះ​បង្ហាញ​ពី​របៀប​ដែល​បច្ចេកវិទ្យា​មួយ​ចំនួន​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ស្វែងរក និង​បង្អាក់​ការជួញដូរ​មនុស្ស និង​ការចាប់​ឱ្យ​ជនល្មើស​ទទួល​ខុសត្រូវ​បាន​ប្រសើរ​ជាងមុន។

លោក Blinken បាន​និយាយ​ទៀត​ថា៖ «‍សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​បាន​សហការ​គ្នា​ដើម្បី​បង្កើត​បញ្ញា​សប្បនិម្មិត AI ជា​ឧបករណ៍​ដែល​ស្វែងរក​ប្រតិបត្តិការ​ជួញដូរ​មនុស្ស។ ... សម្ពន្ធ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខគេ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​កំពុង​បង្កើត​គំនិត​ផ្តួចផ្តើម​ដែល​សិក្សា​ដោយ​ម៉ាស៊ីន ដើម្បី​ដោះស្រាយ​និន្នាការ និង​យុទ្ធសាស្ត្រ​នៃ​ការជួញដូរមនុស្ស​ដែ​ល​កំពុង​កើតមាន។ ការណ៍​នេះ​អនុញ្ញាត​ឱ្យ​អ្នកតស៊ូមតិ និង​រដ្ឋាភិបាល​កំណត់​អត្តសញ្ញាណ និង​ចែករំលែក​អំពី​ភាពងាយ​រងគ្រោះ​ថ្មីៗ ក៏​ដូចជា​តាមដាន និង​កាត់ទោស​ជន​ដែល​រៀប​គម្រោង​ជួញដូរ​មនុស្ស ប្រកប​ដោយ​ប្រសិទ្ធភាព​ជាងមុន»។

ក្រុម​សង្គម​ស៊ីវិល​កំពុង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរសព្ទ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​បុគ្គល និង​ក្រុម​ដែល​ងាយ​រងគ្រោះ​នូវ​ព័ត៌មាន​អំពី​សិទ្ធិ​របស់​ពួកគេ ក៏ដូចជា​ប្រាក់ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ដែល​ផ្តល់​ដោយ​ជន​ដែល​អាច​នឹងក្លាយជា​និយោជក​របស់​ពួកគេ។ ឧបករណ៍​ឌីជីថល​ផ្សេង​ទៀត​អាច​ជួយ​ដល់​កម្មករ​ក្នុង​ការចងក្រង​ឯកសារ និង​រាយការណ៍​ពី​ការជួញដូរ​មនុស្ស។

លោក Blinken បាន​និយាយ​បន្ថែម​ទៀត​ថា៖ «‍ការជួញដូរ​មនុស្ស​គឺជា​បញ្ហា​ដែល​ប្រទេស​ណា​មួយ​ក៏ដោយ​មិន​អាច​ដោះស្រាយ​ដោយ​ឯកឯង​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​ធ្វើការ​មិន​ត្រឹមតែ​ជាមួយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រួម​ជាមួយ​នឹង​វិស័យ​ឯកជន សង្គម​ស៊ីវិល អង្គការ​ពហុ​ជាតិ​សាសន៍ ប្រជាពលរដ្ឋ និង​អ្នករស់រាន​មាន​ជីវិត​ពី​ការជួញដូរ​មនុស្ស​ដែល​យល់​ពី​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​របៀប​ដែល​យើង​អាច​តតាំង​នឹង​បញ្ហា​នេះ​បាន»៕

XS
SM
MD
LG