តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តិមិនត្រឹមត្រូវនិងការបំពានជាបន្តដែលមិនអាចទទួលយកបានរបស់ក្រសួងសាធារណការនៃប្រទេសក្វាតេម៉ាឡាលើរដ្ឋអាជ្ញាឯករាជ្យបច្ចុប្បន្ន និងលើអតីតរដ្ឋអាជ្ញាឯករាជ្យនានា។ នេះ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
សហរដ្ឋអាមេរិក បានបង្ហាញក្ដីបារម្ភរបស់ខ្លួនកាលពីថ្ងៃទី ១៦ ខែកុម្ភៈ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាក្វាតេម៉ាឡា បានបញ្ជាក់ថា មានការចាប់ខ្លួនរដ្ឋអាជ្ញាឯករាជ្យមួយចំនួនដែលពាក់ព័ន្ធនឹងការរកឃើញអំពើពុករលួយផ្លូវការនៅក្នុងប្រទេសក្វាតេម៉ាឡា។
កាលពីថ្ងៃទី ១០ ខែកុម្ភៈ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី Leily Santizo ដែលជាអតីតរដ្ឋអាជ្ញាសម្រាប់គណៈកម្មការអន្តរជាតិប្រឆាំងនឹងនិទណ្ឌភាព (International Commission against Impunity (CICIG)) ដែលជាបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងការប្រឆាំងនឹងអំពើពុករលួយ។ នាពេលបច្ចុប្បន្ននេះ បេសកកម្មនេះ បានបញ្ចប់រួចទៅហើយ។ រដ្ឋបាលរបស់អតីតប្រធានាធិបតីក្វាតេម៉ាឡាលោក Jimmy Morales បានទុកឱ្យអាណត្តិរបស់គណៈកម្មការ CICIG នេះផុតកំណត់កាលពីឆ្នាំ ២០១៩។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ អ្នកស្រី Eva Rosa ដែលជាអតីតមេធាវីនៃការិយាល័យរដ្ឋអាជ្ញាពិសេសប្រឆាំងនឹងនិទណ្ឌភាព (Special Prosecutor's Office against Impunity (FECI)) ក៏ត្រូវបានចាប់ខ្លួនផងដែរ។
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ក្រសួងសាធារណការក្វាតេម៉ាឡា បានចេញដីកាចាប់ខ្លួនអតីតរដ្ឋអាជ្ញា ៤ នាក់បន្ថែមទៀត។ អតីតរដ្ឋអាជ្ញាទាំង ៤ នាក់នោះ គឺអ្នកស្រី Aliss Moran អ្នកស្រី Paola Escobar លោក Willy Racanac Lopez និងលោក Rudy Herrera។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Price បាននិយាយថា៖ «នៅក្រោមការដឹកនាំរបស់អ្នកស្រីអគ្គរដ្ឋអាជ្ញា Consuelo Porras ក្រសួងសាធារណការក្វាតេម៉ាឡា បានប្រើការស្វែងរក និងការចាប់ខ្លួនផ្អែកលើការចោទប្រកាន់បែបបិទបាំងនិងព័ត៌មានលេចធ្លាយនៃសំណុំរឿងដែលសម្រាំងយកមួយចំនួន ក្នុងគោលបំណងរករឿង និងដាក់ទណ្ឌកម្មលើពលរដ្ឋក្វាតេម៉ាឡាណាដែលប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនិងលើកកម្ពស់តម្លាភាពនិងការទទួលខុសត្រូវ»។
នៅខែកក្កដា ឆ្នាំ ២០២១ អ្នកស្រីអគ្គរដ្ឋអាជ្ញា Porras បានបញ្ឈប់ដំណែងលោក Juan Francisco Sandoval ដែលជាប្រធានការិយាល័យ FECI។ ការិយាល័យនេះ ធ្វើការជិតស្និទ្ធជាមួយនឹងគណៈកម្មការ CICIG។ លោក Sandoval បាននិរទេសខ្លួន។
នៅពេលនោះ អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Jalina Porter បាននិយាយថា ការសម្រេចរបស់អ្នកស្រី Porras នៅក្នុងការបញ្ឈប់ដំណែងលោក Sandoval «គឺជាឥរិយាបថមួយដែលបង្ហាញអំពីកង្វះការប្ដេជ្ញាចិត្តចំពោះនីតិរដ្ឋនិងចំពោះដំណើរការឯករាជ្យនៃតុលាការ និងការកាត់ទោស»។
ក្រោយមក សហរដ្ឋអាមេរិកបានកំណត់ថា អ្នកស្រីអគ្គរដ្ឋអាជ្ញា Porras បានរារាំងដល់ «ការស៊ើបអង្កេតលើសកម្មភាពពុករលួយ តាមរយៈការជ្រៀតជ្រែកក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ»។
បន្ទាប់ពីមានការចាប់ខ្លួនរដ្ឋអាជ្ញាឯករាជ្យទាំងនេះនៅក្នុងប្រទេសក្វាតេម៉ាឡាមក សហភាពអឺរ៉ុបក៏បានបង្ហាញ «ក្តីបារម្ភខ្លាំងក្លាបំផុត» ទាក់ទិននឹង «សកម្មភាពផ្លូវច្បាប់» របស់អាជ្ញាធរក្វាតេម៉ាឡានៅក្នុង «ការប្រឆាំងនឹងចៅក្រម មេធាវី និងរដ្ឋអាជ្ញាឯករាជ្យ»។
លោក Brian A. Nichols ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អឌ្ឍគោលខាងលិច បានសរសេរថា៖ «សកម្មភាពដ៏គួរឱ្យបារម្ភទាំងនេះ បានធ្វើឱ្យអន្តរាយដល់នីតិរដ្ឋ»។
បើគ្មាននីតិរដ្ឋ អំពើពុករលួយ នឹងរីករាលដាលកាន់តែខ្លាំង។ ដូចដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ដូច្នេះដែរ អំពើពុករលួយ «ធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើន បង្អាក់ទឹកចិត្តដល់ការវិនិយោគ ធ្វើឱ្យវិសមភាពកាន់តែរីកធំជាងមុន។ ប៉ុន្តែផលប៉ះពាល់ធំបំផុតនៃអំពើពុករលួយ គឺប្រហែលជាការមិនទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល»។
ប្រជាពលរដ្ឋក្វាតេម៉ាឡា ដូចប្រជាពលរដ្ឋដទៃទៀតដែរ ត្រូវការឱ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើការដើម្បីបញ្ចប់អំពើពុករលួយ មិនមែនបំបិទមាត់របស់បុគ្គលក្លាហានដែលហ៊ានប្រឆាំងនឹងអំពើពុករលួយនោះទេ៕