តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មនុស្សជិត២០លាននាក់រស់ក្នុងតំបន់ជ្រោយនៅខាងកើតទ្វីបអាហ្វ្រិកហៅ Horn of Africa កំពុងប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងអាហារ។ តំបន់នោះបានរងគ្រោះដោយសារការរាំងស្ងួតបន្តបន្ទាប់បួនដងហើយនឹងមានការរាំងស្ងួតលើកទីប្រាំក្នុងខែតុលាខាងមុខនេះ។
លោកស្រី Samantha Power អភិបាលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលកាលពីពេលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុតខ្លះក្នុងប្រទេសសូម៉ាលីនិងប្រទេសកេនយ៉ាបាននិយាយថា៖ «តំបន់ Horn of Africa មានរដូវភ្លៀងពីរដងក្នុងមួយឆ្នាំ»។ នៅក្នុងការថ្លែងមួយកាលពីពេលថ្មីៗនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកស្រីបានគូសបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលតំបន់នោះរងគ្រោះដោយសាររដូវភ្លៀងមិនមានភ្លៀងបួនដងបន្តបន្ទាប់គ្នា។
លោកស្រី Power បាននិយាយថា៖ «បច្ចុប្បន្ននេះ ផ្ទៃដីមានស្មៅសម្រាប់ឱ្យសត្វពាហនៈស៊ីក្លាយទៅជាផ្ទៃដីមានធូលី។ ហើយដោយមានស្ថានភាពដូចមានចែងក្នុងគម្ពីរ Bible របស់គ្រិស្តសាសនាដែរ សត្វពាហនៈមានរាងកាយខ្សោយកំពុងងាប់ដោយសារជំងឺ។ រហូតមកដល់ពេលនេះ សត្វពាហនៈយ៉ាងតិចណាស់៧លានក្បាលបានងាប់ទៅហើយនៅក្នុងប្រទេសអេត្យូពី កេនយ៉ានិងប្រទេសសូម៉ាលី។ គ្មានទឹកគ្រប់គ្រាន់ដើម្បីបំបាត់ការស្រេករបស់សត្វទាំងនោះទេឬក៏គ្មានស្មៅដើម្បីឱ្យសត្វទាំងនោះស៊ីដែរ»។
តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជំនួយមនុស្សធម៌ទាំងអស់១.២០០លានដុល្លារឱ្យប្រទេសបីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់នោះគឺប្រទេសអេត្យូពី កេនយ៉ានិងប្រទេសសូម៉ាលី។ វិនិយោគខាងមនុស្សធម៌ពីដំបូងៗមានសារៈសំខាន់ដែរដល់ការជួយស្រោចស្រង់ជីវិតមនុស្ស។
នៅក្នុងប្រទេសអេត្យូពី គ្រាន់តែនៅក្នុងឆ្នាំនេះតែមួយគត់ សហរដ្ឋអាមេរិកបានផ្តល់ជំនួយគាំទ្រ៦៦៨លានដុល្លារដល់មនុស្សជាង៨,១លាននាក់ដែលជីវិតរបស់ពួកគេត្រូវកំហែងដោយការរាំងស្ងួតជាប្រវត្តិសាស្ត្រនេះ។
នៅក្នុងប្រទេសកេនយ៉ា ការរាំងស្ងួតបានជំរុញមនុស្សជាង៤លាននាក់ឱ្យជិតមានទុរភិក្ស ដោយសហគមន៍នៅក្នុងតំបន់ស្ងួតសោះកក្រោះនិងពាក់កណ្តាលសោះកក្រោះមានផលប៉ះពាល់ខ្លាំងបំផុត។ នៅមុនដំណាច់ខែឧសភា មានសេចក្តីរាយការណ៍ថាដំណាំប្រមាណ៧០ភាគរយនិងសត្វពាហនៈយ៉ាងតិចណាស់២,៤លានក្បាលបានបាត់បង់។ ទីភ្នាក់ងារ USAID ផ្តល់ឱ្យប្រជារាស្ត្រប្រទេសកេនយ៉ានូវជំនួយស្បៀងអាហារគ្រាមានអាសន្ននិងជំនួយមនុស្សធម៌ព្រមទាំងជំនួយអភិវឌ្ឍន៍ឯទៀតៗចំនួន២៥៥លានដុល្លារ។
ហើយនៅក្នុងប្រទេសសូម៉ាលី មនុស្ស៧,១លាននាក់មានផលប៉ះពាល់ដោយសារវិបត្តិនេះ។ សត្វពាហនៈជាង៣លានក្បាលបានងាប់។ ហើយកុមារ១,៤លាននាក់កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងររហូតដល់ដំណាច់ឆ្នាំនេះ។
ទីភ្នាក់ងារ USAID ផ្តល់ជំនួយមនុស្សធម៌និងជំនួយអភិវឌ្ឍន៍ដល់ប្រជារាស្ត្រសូម៉ាលីចំនួន៤៧៦លានដុល្លារ ដែលនេះធ្វើឱ្យជំនួយទាំងអស់របស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះមានសរុប៧០៧លានដុល្លារ។
ជំនួយមនុស្សធម៌ទាំងនេះជាសញ្ញាបង្ហាញការបន្តការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសអេត្យូពី កេនយ៉ានិងប្រទេសសូម៉ាលី។ លោកស្រីអ្នកអភិបាល Power បានមានប្រសាសន៍ថា៖ «យើងសុំដល់រដ្ឋាភិបាលដៃគូឯទៀតៗឱ្យចូលរួមជាមួយយើងក្នុងការបង្កើនការសន្យារបស់ផងខ្លួនផ្ទាល់ ដើម្បីបញ្ចៀសកុំឱ្យមានទុរភិក្សរាលដាលនិងការស្លាប់មនុស្សរាប់លាននាក់»៕