Accessibility links

Breaking News

បទវិចារណកថា៖ ជំហាន​ធំ​ឆ្ពោះ​ទៅកាន់​ការអភិរក្ស​ជីវចម្រុះ


ថ្នាក់ដឹកនាំ​នៃ​សន្និសីទ​ស្តី​អំពី​ជីវចម្រុះ COP15 ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​សាទរ បន្ទាប់ពី​អនុម័ត​ទម្រង់ការ​ស្តីពី​ជីវចម្រុះ​សកល Kunming-Montreal។
ថ្នាក់ដឹកនាំ​នៃ​សន្និសីទ​ស្តី​អំពី​ជីវចម្រុះ COP15 ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​សាទរ បន្ទាប់ពី​អនុម័ត​ទម្រង់ការ​ស្តីពី​ជីវចម្រុះ​សកល Kunming-Montreal។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

«ធម្មជាតិ និង​ជីវចម្រុះ​កំពុង​បាត់បង់​ទៅ​ជា​មួយ​ពាន់​លាន​ចម្រៀក។ ហើយ​មនុស្ស​ជាតិ​កំពុង​រង​ផលវិបាក​ដោយសារ​ការ​មិន​យក​ចិត្តទុកដាក់​ថែទាំ​ធម្មជាតិ​និង​ជីវចម្រុះ​ទាំងនោះ​ដែល​ប្រៀប​បាន​នឹង​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Inger Andersen អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ និង​ជា​នាយិកា​ប្រតិបត្តិ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ហៅ​កាត់​ថា UNEP។ តាម​ពាក្យ​សម្តី​ផ្ទាល់​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ថា៖ «យើង​កំពុង​ធ្វើ​អត្តឃាត​ដោយ​ប្រយោល»។

អ្នកស្រី Monica Medina ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​ផ្នែក​មហា​សមុទ្រ​និង​កិច្ចការ​បរិស្ថាន និង​វិទ្យាសាស្ត្រ​អន្តរជាតិ​មាន​ប្រសាសន៍​ថា៖ «ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ជីវចម្រុះ ហើយ​ធម្មជាតិ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នៅ​ទូទាំង​ពិភពលោក។ អ្នកស្រី​បាន​ថ្លែង​ទៀត​ថា៖ «រុក្ខជាតិ​ជាង​មួយ​លាន​ប្រភេទ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ ដែល​រុក្ខជាតិ​ជាច្រើន​ប្រឈម​នឹង​ការ​ផុត​ពូជ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ និង​មាន​ចំនួន​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់។ ការធ្លាក់​ចុះ​នៃ​ជីវចម្រុះ​នេះ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ទាំងអស់​នៅ​លើ​ភព​ផែនដី​យើង រួមទាំង​ជីវិត​យើង​ទាំងអស់​គ្នា​ផងដែរ»។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា យើង​អាច​ឈាន​ចូល​ដល់​ការ​ផុត​ពូជ​នៃ​រុក្ខជាតិ និង​សត្វ​ដ៏​ធំ​លើក​ទី៦​របស់​ផែនដី ដែល​បណ្តាល​មកពី​សកម្មភាព​របស់​មនុស្ស ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការបាត់បង់​ទីជម្រក ការ​ដុត​ឥន្ធនៈ​ផូស៊ីល ការ​នេសាទ​ហួស​កំណត់ និង​ការ​បំពុល​ទឹក​ទន្លេ និង​មហា​សមុទ្រ​ជាដើម។ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ដោះស្រាយ​គ្រោះ​មហន្តរាយ​ដែល​កំពុង​កើតឡើង​នេះ តំណាង​នៃ​ប្រទេស​ចំនួន ១៩៦ បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​រយៈពេល​១២ថ្ងៃ​ដើម្បី​ពិភាក្សា​កម្រិត​ខ្ពស់​នៅ​ក្នុង​សន្និសីទ​លើក​ទី១៥ នៃ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជីវចម្រុះ។

សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ​ដោយ​មាន​គោលដៅ​ដ៏​មាន​មហិច្ឆតា​មួយ​ នោះ​គឺ​ដើម្បី​ជួយ​ជំរុញ​តាមរយៈ​ក្របខណ្ឌ​ជីវចម្រុះ​សកល​ដែល​នឹង​អភិរក្ស ឬ​ការពារ​យ៉ាងហោចណាស់​៣០​ភាគរយ​នៃ​ដី និង​ទឹក​ក្នុង​ពិភពលោក និង​៣០ ភាគរយ​នៃ​មហា​សមុទ្រ​ក្នុង​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ២០៣០។ អ្នកស្រី Medina បាន​និយាយ​ថា៖ «គោលដៅ​ដែល​គេ​ស្គាល់​ថា 30x30 គឺ​ពិតជា​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​សុខុមាលភាព និង​លទ្ធភាព​ឱ្យ​សម្រេច​បាន​ជោគជ័យ​របស់​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​បញ្ឈប់​ការ​ធ្លាក់ចុះ​នៃ​ជីវចម្រុះ​ដែល​បង្ក​មហន្តរាយ​ដល់​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក»។

អ្នកស្រី Medina បាន​និយាយ​ទៀត​ថា៖ «យើង​ជឿ​ថា គោលដៅ​ 30x30 នេះ​ត្រូវតែ​ចាប់ផ្តើម​ពី​យើង​រៀងៗ​ខ្លួន ដោយ​កិច្ចការ​នេះ​ពាក់ព័ន្ធ​នឹង​សង្គម​ទាំងអស់ រួម​ទាំង​ជនជាតិ​ដើម​ភាគតិច សហគមន៍​មូលដ្ឋាន និង​យុវជន​ផង​ដែរ ហើយ​យើង​កំពុង​អនុវត្ត​វា​ឥឡូវ​នេះ»។ សហរដ្ឋ​អាមេរិក​កំពុង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​អភិរក្ស​ជីវចម្រុះ។ បទបញ្ជា​ប្រតិបត្តិ​ដំបូង​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ផ្តល់​មូលដ្ឋាន​គ្រឹះ​សម្រាប់​គំនិត​ផ្តួចផ្តើម​ដែល​មាន​ឈ្មោះ​ថា «America the Beautiful» ឬ «សហរដ្ឋ​អាមេរិក​ដ៏​ស្រស់​ស្អាត» ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិរក្ស​យ៉ាងហោចណាស់ ៣០ ភាគរយ​នៃ​ដី និង​ទឹក​របស់​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ២០៣០។

នៅ​ថ្ងៃ​ទី ១៩ ខែធ្នូ បន្ទាប់ពី​ការពិភាក្សា​គ្នា​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍ ភាគី​ស្ទើរតែ​ទាំងអស់​នៃ​អនុសញ្ញា​ស្តីពី​ជីវចម្រុះបាន​អនុម័ត​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ក្របខណ្ឌ​ជីវចម្រុះ​សាកល Kunming-Montreal ដែល​បញ្ជាក់​ពី​គោលដៅ 30x30 ថា​ជាមធ្យោបាយ​អន្តរជាតិ​ដ៏​សំខាន់​មួយ។

អ្នកស្រី Medina បាន​និយាយ​ថា៖ «ឥឡូវនេះ​យើង​មាន​ឱកាស​ដើម្បី​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​នេះ និងជំនាន់​ក្រោយ​តទៅ​អនាគត។អ្នកស្រី​ថ្លែង​ទៀត​ថា៖ «ហើយ​ដោយ​ភាព​ក្លាហាន និង​គំនិត​ផ្តួច​ផ្តើម យើង​ត្រូវ​ចាប់​យក​ឱកាស​នេះ»៕

XS
SM
MD
LG