តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការស្នើឱ្យមានការស្មិងស្មាធិ៍មួយសន្ទុះគឺជាអ្វីដែលមានឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីមិនអាចទ្រាំបាន។
នៅឯការប្រជុំមួយរបស់ក្រុមប្រឹក្សាក្រុងមូស្គូកាលពីខែមីនា ឆ្នាំ ២០២២ លោក Alexei Gorinov ដែលជាសមាជិកក្រុមប្រឹក្សាក្រុងនិងជាអ្នកការពារសិទ្ធិមនុស្ស បានស្នើឱ្យការប្រជុំនេះចាប់ផ្តើមដោយការស្មិងស្មាធិ៍មួយសន្ទុះដើម្បីរំឭកដល់កុមារនិងជនរងគ្រោះផ្សេងទៀតដែលបានស្លាប់នៅក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
ក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមក លោក Gorinov បានក្លាយជាមនុស្សទីមួយដែលត្រូវបានចាប់ខ្លួននៅក្រោមច្បាប់លាក់ការណ៍សង្គ្រាមរបស់រុស្ស៊ី។ នៅក្នុងសំណុំរឿងមួយ លោកត្រូវបានចោទប្រកាន់ពីការហៅការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថាជា «សង្គ្រាម» ជាជាង «ប្រតិបត្តិការយោធាពិសេស»។
នៅខែកក្កដា ឆ្នាំ ២០២២ លោក Alexei ត្រូវបានផ្ដន្ទាទោសពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ី។ ចៅក្រមរុស្ស៊ីអ្នកស្រី Olesya Mendeleeva បានកាត់ទោសលោក Gorinov ឱ្យជាប់ពន្ធនាគារ ៧ ឆ្នាំ។
កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអ្នកស្រីចៅក្រម Olesya Mendeleeva ចំពោះតួនាទីរបស់អ្នកស្រីនៅក្នុងការឃុំឃាំងលោក Alexei Gorinov តាមទំនើងចិត្ត។ អ្នកស្រី Mandeleeva ត្រូវបានដាក់ទណ្ឌកម្មនៅក្រោមកម្មវិធីដាក់ទណ្ឌកម្ម Global Magnitsky ដែលជាកម្មវិធីដៅលើជនដែលប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងអំពើពុករលួយនៅជុំវិញពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសអំពីការដាក់ទណ្ឌកម្មនេះ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានកត់សម្គាល់ថាក្នុងអំឡុងនៃការកាត់ទោសលោក Gorinov អ្នកស្រី Mendeleeva ដែលល្បីជាយូរមកហើយចំពោះការកាត់ទោសឃោរឃៅ «បានបដិសេធមិនពិចារណាអំពីសក្ខីកម្មរបស់សាក្សីខាងចុងចោទនិងបានផ្ដល់ហេតុផលថាការការអប់រំកែប្រែរបស់លោក Gorinov នឹងមិនអាចធ្វើទៅបានទេប្រសិនបើលោកមិនជាប់ពន្ធនាគារ»។
ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានសង្កេតឃើញផងដែរថាលោក Alexei Gorinov បានទទួលរងការរំលោភធ្វើបាបផ្នែករាងកាយនិងការបដិសេធមិនឱ្យទទួលបានការព្យាបាលក្នុងពន្ធនាគារ។
រដ្ឋលេខាធិការស្តីទីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការភេរវកម្មនិងការស៊ើបការណ៍សម្ងាត់ផ្នែកហិរញ្ញវត្ថុលោក Bradley Smithបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រុស្ស៊ី បានប្រើប្រាស់ប្រព័ន្ធតុលាការរបស់ខ្លួនដើម្បីបំបិទមាត់អ្នកប្រឆាំងនិងបំបិទការពិតអំពីសង្គ្រាមដែលមិនអាចទទួលយកបានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានប្រកាសថា៖ «សហរដ្ឋអាមេរិករួមសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋរុស្ស៊ីដែលប្រឈមនឹងការគំរាមកំហែង អំពើហិង្សា ការសងសឹក និងការចាប់ដាក់ពន្ធនាគារពីសំណាក់អាជ្ញាធរសហព័ន្ធរុស្ស៊ីចំពោះការអនុវត្តសិទ្ធិមនុស្សនិងសេរីភាពដ៏សំខាន់របស់ខ្លួននៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់។ យើងអំពាវនាវឱ្យមានការដោះលែងលោក Gorinov ជាបន្ទាន់និងគ្មានលក្ខខណ្ឌនិងដោះលែងអ្នកទោសផ្សេងទៀតដែលសហព័ន្ធរុស្ស៊ីបានឃុំឃាំងតាមទំនើងចិត្ត។ យើងនៅតែតាំងចិត្តជំរុញឱ្យមានការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសហព័ន្ធរុស្ស៊ី»៕
បទវិចារណកថា៖ ដោះលែងលោក Alexei Gorinov និងអ្នកទោសដែលគេឃុំឃាំងតាមអំពើចិត្តនៅរុស្ស៊ី
