Accessibility links

Breaking News

បទវិចារណកថា៖ តម្រូវការ​ជា​ការបន្ទាន់​ឱ្យ​ក្រុម​ហាម៉ាស់​ទទួល​យក​សំណើ​បទឈប់​បាញ់


រូបឯកសារ៖ ជនជាតិប៉ាឡេស្ទីន​ម្នាក់​ដើរ​ក្បែរ​គំនរ​បាក់បែក​នៃ​អគារ​ដែល​ត្រូវបាន​បំផ្លាញក្នុងអំឡុងពេល​ការវាយលុក​ដោយ​យោធា​អ៊ីស្រាអែល ក្នុង​ពេល​ជម្លោះ​ដែល​កំពុងមានជាបន្ត​រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់ នៅ​ទីក្រុង Beit Lahia ភាគ​ខាងជើងតំបន់​ហ្កាហ្សា កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ ជនជាតិប៉ាឡេស្ទីន​ម្នាក់​ដើរ​ក្បែរ​គំនរ​បាក់បែក​នៃ​អគារ​ដែល​ត្រូវបាន​បំផ្លាញក្នុងអំឡុងពេល​ការវាយលុក​ដោយ​យោធា​អ៊ីស្រាអែល ក្នុង​ពេល​ជម្លោះ​ដែល​កំពុងមានជាបន្ត​រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់ នៅ​ទីក្រុង Beit Lahia ភាគ​ខាងជើងតំបន់​ហ្កាហ្សា កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

នៅ​ថ្ងៃ​ទី៣១ ខែឧសភា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​គូស​បញ្ជាក់​អំពី​សំណើ​ដ៏ទូលំទូលាយ​មួយ​ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។ ដូច​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ពណ៌នា​ថា «វា​ត្រូវបាន​ចាក់ឫស​នៅក្នុង​គោលការណ៍​ដ៏​សំខាន់​នៃ​ការដោះលែង​ចំណាប់​ខ្មាំង​ទាំងអស់ ការបង្កើន​ជំនួយ​ទៅកាន់​តំបន់​ហ្កាហ្សា ការធានា​សន្តិសុខ​របស់​ប្រទេស​អ៊ីស្រាអែល ការផ្តល់​មធ្យោបាយ​ទៅកាន់​ការបញ្ចប់​សង្រ្គាម​ដ៏​យូរអង្វែង និង​ចាប់ផ្តើម​កសាង​យ៉ាងខ្លាំង​ឡើងវិញ​សម្រាប់​តំបន់​ហ្កាហ្សា‍»។

ប្រទេស​នីមួយៗ​នៅ​ជុំវិញ​ពិភពលោក​ដោយ​រួមទាំង​ប្រទេស​អ៊ីស្រាអែល​ផងដែរ​បាន​គាំទ្រ​សំណើ​នេះ។ ក្រុម​ប្រទេស​ដូចជា G7 សម្ពន្ធ​អារ៉ាប់ អាជ្ញាធរ​ប៉ាឡេស្ទីន និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក៏​គាំទ្រ​សំណើ​នេះ​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken បាន​កត់សម្គាល់​ថា សំណើ​នេះ​គឺ​ស្ទើរតែ​ដូចគ្នា​ទៅនឹង​អ្វី​ដែល​ក្រុមហាម៉ាស់​ខ្លួនឯង​បាន​ដាក់​ស្នើ​កាលពី​ថ្ងៃទី ៦ ខែ​ឧសភា។

លោក Blinken បាន​ថ្លែង​ថា «‍វា​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​អ៊ីស្រាអែល​បាន​ទទួល​យក ហើយ​ក្រុម​ហាម៉ាស់​អាច​ឆ្លើយ​ដោយ​ពាក្យ​តែ​មួយ​ម៉ាត់​ថា យល់ព្រម។ ផ្ទុយ​ទៅ​វិញ ក្រុម​ហាម៉ាស់​បាន​រង់ចាំ​ជិត​ពីរសប្តាហ៍ ហើយ​បន្ទាប់មក​បាន​ស្នើសុំ​ការផ្លាស់ប្តូរ​បន្ថែម​ទៀត ដែល​ការផ្លាស់ប្តូរ​មួយ​ចំនួន​នោះ​ហួសពី​ជំហរ​ដែល​ខ្លួន​មាន និង​ទទួល​យក​កាលពី​ពេលមុន។ ជា​លទ្ធផល សង្រ្គាម​ដែល​ក្រុមហាម៉ាស់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី៧ ខែតុលា ដោយ​ការវាយប្រហារ​យ៉ាងព្រៃផ្សៃ​លើ​ជនស៊ីវិល​អ៊ីស្រាអែល​នឹង​បន្ត​ទៅ​ទៀត។ មនុស្ស​កាន់តែ​ច្រើន​នឹង​រងទុក្ខ។ ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​កាន់តែ​ច្រើន​នឹង​រងទុក្ខ។ ប្រជាពលរដ្ឋ​អ៊ីស្រាអែល​កាន់តែ​ច្រើន​នឹង​រងទុក្ខ»។

លោក Blinken បាន​ថ្លែង​ទៀត​ថា ការផ្លាស់ប្តូរ​ខ្លះ​ដែល​ស្នើ​ឡើង​ដោយ​ក្រុមហាម៉ាស់​ទៅ​នឹង​សំណើ​បច្ចុប្បន្ន​អាច​ដំណើរការ​បាន។ លោក​បាន​និយាយ​បន្ថែមថា ការផ្លាស់ប្តូរ​ខ្លះ​ទៀត ​គឺ​មិន​អាច​ដំណើរការ​បាន​ទេ។

លោក Blinken បាន​ថ្លែង​ថា «‍នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ យើង​នឹង​បន្ត​ជំរុញ​ជាបន្ទាន់​មួយ​ជាមួយ​ដៃគូ​របស់​យើង គឺ​ជាមួយ​ប្រទេស​កាតា ជាមួយ​អេហ្ស៊ីប ដើម្បី​ព្យាយាម​សម្រេច​កិច្ចព្រមព្រៀង​នេះ ពីព្រោះ​យើង​ដឹង​ថា វា​ជា​ផលប្រយោជន៍​របស់​អ៊ីស្រាអែល ប៉ាឡេស្ទីន តំបន់​នេះ និង​ពិភពលោក​ទាំងមូល។ ហើយ​យើង​ទាំងអស់គ្នា​យល់ស្រប​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវតែ​មាន​មូលដ្ឋាន​លើ​គោលការណ៍​នៃ​សំណើ​បទ​ឈប់​បាញ់​ដែល​សហគមន៍​អន្តរជាតិ​ទាំងមូល​គាំទ្រ»។

លោក Blinken បាន​ថ្លែង​បន្ថែម​ទៀត​ថា «‍យើង​នឹង​មើល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ថា​តើ​ចន្លោះ​ប្រហោង​ដែល​នាំ​ឱ្យ​ក្រុមហាម៉ាស់​មិន​ទទួលយក​សំណើ និង​ថាតើ​ពួកគេ​អាច​សម្របសម្រួល​ទទួលយក​សំណើ​នោះ​បាន​ដែរ​ឬទេ។ នៅ​ទីបំផុត ក្រុម​ហាម៉ាស់​ត្រូវតែ​សម្រេចចិត្ត។ វា​ដល់​ពេល​ដែល​ការជជែក​គ្នា​ត្រូវ​បញ្ឈប់ ហើយ​បទឈប់​បាញ់​ត្រូវ​ចាប់ផ្តើម។ វា​ជា​រឿង​សាមញ្ញ​ដូចច្នោះ​ឯង»៕

XS
SM
MD
LG