តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កងទ័ពប្រទេសបួគីណាហ្វាសូ បានដណ្ដើមការត្រួតត្រាប្រទេសនេះ កាលពីថ្ងៃទី២៤ ខែមករា ដោយបានទម្លាក់លោកប្រធានាធិបតី Roch [Rock] Marc Christian Kaboré ពីតំណែង រំលាយរដ្ឋាភិបាលនិងសភា ព្យួររដ្ឋធម្មនុញ្ញ និងបានបិទព្រំដែនផងដែរ។
លោកអនុសេនីយ៍ឯក Sidsore Kader Ouedraogo បានប្រកាសអំពីរដ្ឋប្រហារនេះតាមទូរទស្សន៍រដ្ឋ ដោយបាននិយាយថា កងយោធា បានក្ដោបក្តាប់អំណាចដើម្បីជាការឆ្លើយតបនឹង«ស្ថានភាពសន្តិសុខដុនដាប»ក្នុងប្រទេស និង«អសមត្ថភាពរបស់រដ្ឋាភិបាល»ក្នុងការបង្រួបបង្រួមប្រជាជន។
នាយទាហានជាន់ខ្ពស់ គឺលោកវរសេនីយ៍ទោ Paul-Henri Damiba ត្រូវបានណែនាំខ្លួនថា ជាមេដឹកនាំថ្មីរបស់ប្រទេសបួគីណាហ្វាសូ។
ជាការឆ្លើយតបទៅនឹងស្ថានភាពនេះ សហភាពអាហ្វ្រិក បានប្រកាសតាម tweet កាលពីថ្ងៃទី៣១ ខែមករា អំពីការព្យួរសមាជិកភាពនៃប្រទេសបួគីណាហ្វាសូរហូតដល់ពេលណាដែលសណ្តាប់ធ្នាប់ខាងរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើឱ្យមានឡើងវិញក្នុងប្រទេសដែលស្ថិតនៅប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកមួយនេះ។
កាលពីប៉ុន្មានថ្ងៃមុននេះ សហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសនៅប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកហៅកាត់ថា ECOWAS ដែលមានសមាជិកចំនួន ១៥ ប្រទេស បានព្យួរសមាជិកភាពប្រទេសបួគីណាហ្វាសូ ដោយធ្វើឱ្យប្រទេសនេះ ជាប្រទេសជាតិទីបីក្នុងប្លុកនេះ បន្ទាប់ពីប្រទេសម៉ាលី និងប្រទេសហ្គីណេ ទទួលខុសត្រូវចំពោះការដណ្ដើមអំណាចរបស់កងយោធាក្នុងពេលមួយឆ្នាំកន្លះខាងមុខនេះ។ ការព្យួរសមាជិកភាពនេះ មានន័យថា ប្រទេសទាំងនេះ មិនអាចចូលរួមក្នុងការប្រជុំ ឬក្នុងការធ្វើសេចក្តីសម្រេចណាមួយនោះទេ។ នេះ បើតាមការបញ្ជាក់របស់ពួកមន្ត្រី។
ស.រ.អ. គាំទ្រសកម្មភាពដែលសហភាពអាហ្វ្រិក និងសហគមន៍ ECOWAS បានប្រកាសក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងក្នុងការគាំទ្រដល់នីតិរដ្ឋនៅក្នុងប្រទេសបួគីណាហ្វាសូ។
បើតាមឧត្តមស្នងការអ.ស.ប.ខាងជនភៀសខ្លួន មានអំពើហិង្សាក្នុងប្រទេសបួគូណាហ្វាសូដែលមានទាក់ទិននឹងពូករដ្ឋឥស្លាម និងពួក al-Qaida ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងមនុស្ស ១ លាន ៥ សែននាក់ ខ្ចាត់ព្រាត់ពីផ្ទះសំបែង។ មានកងកម្លាំងសន្តិសុខយ៉ាងតិចណាស់ ៥០ នាក់ ត្រូវបានសម្លាប់ក្នុងតំបន់ Sahel។
ស.រ.អ. មានការអាណិតអាសូរចំពោះប្រជាជនបួគីណាហ្វាសូ និងកងកម្លាំងសន្តិសុខដែលរងទុក្ខវេទនា ហើយក៏មានកង្វល់ដូចពួកមេដឹកនាំអាហ្វ្រិកដែរ ជាពិសេសអំពីការព្យួររដ្ឋធម្មនុញ្ញ និងការដកប្រធានាធិបតីជាប់ឆ្នោតតាមប្រជាធិបតេយ្យពីតំណែង និងការព្យួរសភា។ ទោះជាផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញត្រូវធ្វើឱ្យមានឡើងវិញក៏ដោយ ក៏ការដណ្ដើមអំណាចក្រៅរដ្ឋធម្មនុញ្ញធ្វើឱ្យបាត់បង់ភាពត្រឹមត្រូវតាមច្បាប់នៃអភិបាលកិច្ចនិងកម្រិតលទ្ធភាពរបស់ស.រ.អ. និងពួកដៃគូអន្តរជាតិដទៃទៀតក្នុងការជួយប្រទេសនេះទៅរកសន្តិភាព និងសន្ដិសុខ។
ស.រ.អ. គូសបញ្ជាក់នូវការអំពាវនាវរបស់សហគមន៍ ECOWAS ឱ្យមានការដោះលែងលោកប្រធានាធិបតី Kabore និងសមាជិកឯទៀតៗរបស់រដ្ឋាភិបាលដែលត្រូវបានចាប់ឃុំឃាំងដោយអយុត្តិធម៌ និងឱ្យមានការវិលត្រឡប់ជាបន្ទាន់ទៅកាន់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញក្នុងប្រទេសបួគីណាហ្វាសូវិញ៕