តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតី Joe Biden បានគូសបញ្ជាក់ភាពដៃគូកើនខ្លាំងជាងមុនរវាងស.រ.អ.និងប្រទេសឥណ្ឌា និងគុណតម្លៃដែលប្រទេសទាំងពីរនេះមានដូចគ្នា។
លោកប្រធានាធិបតី Biden បាននិយាយថា៖ «ប្រទេសជាតិពីរប្រកបដោយមោទនភាព-ប្រទេសជាតិពីរប្រកបដោយមោទនភាពដែលសេចក្តីស្រឡាញ់សេរីភាពធ្វើឱ្យមានឯករាជ្យរបស់យើង ចងភ្ជាប់ដោយពាក្យដូចគ្នានៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង គឺពាក្យដំបូងបីម៉ាត់ «យើងប្រជារាស្ត្រ»។ ចំណងទាក់ទងស្ថិតស្ថេរនិងគុណតម្លៃដូចគ្នារវាងប្រជារាស្រ្តយើង និងការទទួលខុសត្រូវដូចគ្នាជាមេដឹកនាំសាកលដើម្បីដោះស្រាយបញ្ហាធំៗក្នុងពេលវេលារបស់យើងជាមួយគ្នា»។
លោកប្រធានាធិបតី Biden បានហៅភាពដៃគូរវាងស.រ.អ.និងឥណ្ឌាថា «ស្ថិតក្នុងចំណោមភាពដៃគូមានសារៈសំខាន់បំផុតក្នុងពិភពលោក» និងជាភាពដៃគូមួយនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗកំពុងអភិវឌ្ឍជានិច្ច។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «ឥណ្ឌានិងស.រ.អ.ធ្វើសហការជាមួយគ្នាលើការខំប្រឹងប្រែងសឹងតែទាំងអស់របស់មនុស្សនិងធ្វើឱ្យមានការជឿនលឿន ចាប់តាំងពីការរកវិធីថ្មីៗសម្រាប់រកឱ្យដឹងអំពីជំងឺនិងការព្យាបាលជំងឺដូចជាជំងឺមហារីកនិងជំងឺទឹកនោមផ្អែមជាដើម ដើម្បីធ្វើសហប្រតិបត្តិការអំពីការធ្វើដំណើរក្នុងអវកាសរបស់មនុស្ស... ដើម្បីពន្លឿនអន្តរកាលទៅកាន់ថាមពលស្អាតជាសាកលនិងដោះស្រាយវិបត្តិធាតុអាកាសដែលយើងប្រឈម ដើម្បីយកមកប្រើប្រាស់នូវភាពជំនាញដែលយើងមានដូចគ្នាអំពីបច្ចេកវិទ្យាសំខាន់ៗនិងលេចចេញថ្មីៗដូចជា quantum computing និងបញ្ញាសិប្បនិមិត្ត ដើម្បីធ្វើឱ្យប្រាកដថា បច្ចេកវិទ្យាទាំងនេះមិនត្រូវបានប្រើប្រាស់ជាឧបករណ៍នៃការផ្សាយព័ត៌មានក្លែងក្លាយនិងសម្រាប់ធ្វើការសង្កត់សង្កិន»។
បន្ថែមលើនេះ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងស.រ.អ.និងឥណ្ឌាកំពុងរីកចម្រើន ហើយចំណងទាក់ទងរវាងប្រជារាស្ត្រនិងប្រជារាស្ត្រនិងការប្តូរគ្នាខាងការសិក្សាអប់រំក៏មានការជឿនលឿនក្រាស់ក្រែលដែរ។ ប្រទេសទាំងពីរក៏បានធ្វើឱ្យមានការជឿនលឿនក្រាស់ក្រែលក្នុងការកសាងភាពជាដៃគូខាងការការពារប្រទេសទំនើបនិងទូលំទូលាយដែលក្នុងនោះកងយោធានៃប្រទេសទាំងពីរសម្របសម្រួលគ្នាជិតស្និទ្ធក្នុងគ្រប់ផ្នែកទាំងអស់។
លោកប្រធានាធិបតី Biden បានថ្លែងថា ស.រ.អ.និងឥណ្ឌា«មើលគ្នាទៅវិញទៅមក»អំពីបញ្ហាសំខាន់ៗក្នុងតំបន់និងបញ្ហាសាកលដែលមានប្រយោជន៍សម្រាប់អនាគត គឺបន្ធូរសោកនាដកម្មខាងមនុស្សធម៌បណ្តាលមកពីសង្គ្រាមឃោរឃៅរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ការពារគោលការណ៍ស្នូលនៃធម្មនុញ្ញអ.ស.ប. គឺអធិបតេយ្យភាពនិងបូរណភាពដែនដី ធ្វើឱ្យប្រាកដជាមួយដៃគូក្នុងអង្គការ Quad គឺអូស្ត្រាលីនិងជប៉ុនថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅតែជាតំបន់សេរី បើកចំហនិងមានសន្តិសុខ។ លោកប្រធានាធិបតី Biden ក៏បានគូសបញ្ជាក់ថា កម្លាំងនិងជោគជ័យនៃស.រ.អ.និងឥណ្ឌាអាស្រ័យលើអភិបាលកិច្ចប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស មានរួមសេរីភាពកាសែតនិងសេរីភាពសាសនា។
លោកប្រធានាធិបតី Biden បានប្រកាសថា៖ «ជាមួយគ្នា យើងបើកចំហអនាគតមួយជាមួយគ្នានៃអ្វីដែលខ្ញុំជឿថាជាសក្តានុពលគ្មានកម្រិត»៕