តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអា មេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានអំពាវនាវឱ្យដោះលែងសកម្មជនសង្គមស៊ីវិលរុស្ស៊ីលោក Vladimir Kara-Murza ជាបន្ទាន់។
លោកជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយូរយារមកហើយ ហើយនឹងបានរិះគន់ការ ឈ្លានពានរបស់លោក Vladimir Putin ក្នុងប្រទេសអ៊ុយក្រែនថា ជាការមិនត្រឹមត្រូវ លោក Vladimir Kara-Murza ត្រូវបានចាប់ដោយអាជ្ញាធរក្នុងក្រុងមូស្គូកាលពីថ្ងៃទី១១ ខែមេសា ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ថ្ងៃ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក Kara-Murza «ជាមនុស្សម្នាក់ដែលបានអត់ធន់នឹងការចាប់ខ្លួន និងការបំពុលជិតស្លាប់កាលពីពេលមុនៗដោយសារសកម្មភាពសន្តិវិធីរបស់លោកក្នុងនាមសិទ្ធិមនុស្ស និងសេរី ភាពស៊ីវិលរបស់ប្រជារាស្ត្ររុស្ស៊ី»។
នៅក្នុងដំណើរទស្សនកិច្ចមួយនៅស.រ.អ.កាលពីខែមីនា លោក Kara-Murza បានហៅការឈ្លានពានក្នុងប្រទេសអ៊ុយក្រែនថា ជា«សង្គ្រាមមួយគ្មានការបង្ករឿង គ្មានអ្វីបញ្ជាក់ថាត្រឹមត្រូវដែលយកជនស៊ីវិលជាទីដៅដោយគ្មានរើសមុខ»។ លោកបាន សង្កត់ធ្ងន់ថា៖ «រុស្ស៊ីនិងរបបគ្រប់គ្រងលោក Putin មិនមែនតែមួយ និងដូចគ្នាទេ។ មានមនុស្សច្រើននាក់ក្នុងប្រទេសខ្ញុំដែលបានប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះជាដាច់ខាតដូចឧក្រិដ្ឋកម្មទាំងនេះត្រូវបានជំទាស់នៅសហរដ្ឋអាមេរិកដែរ»។
ក្នុងពេលតែប៉ុន្មានម៉ោងមុនលោកត្រូវបានចាប់ខ្លួនក្នុងទីក្រុងម៉ូស្គូ លោក Kara-Murza បានផ្តល់បទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ CNN ដែលក្នុងនោះលោកបានហៅរបបគ្រប់គ្រងរបស់លោក Putin ថា «ជាឃាតករ» ហើយបានទស្សន៍ទាយថាសង្គ្រាមនៅអ៊ុយក្រែនអាចនាំឱ្យលោក Putin ធ្លាក់ពីអំណាច។ ដោយសម្តែងទស្សនៈរបស់លោក លោក Kara-Murza បានប្រឆាំងនឹងច្បាប់រុស្ស៊ីថ្មីៗដែលចាត់ទុកការផ្សព្វផ្សាយអ្វីដែលរបបគ្រប់គ្រងនេះចាត់ទុកថា ជាព័ត៌មាន«ក្លែងបន្លំ»ដោយមានរួមបញ្ចូលកិច្ចប្រតិបត្តិ ការយោធារុស្ស៊ីក្នុងអ៊ុយក្រែនថាជាសង្គ្រាមមួយ ឬជាការឈ្លានពានមួយ។
លោក Hugh Williamson នៃអង្គការ Human Rights Watch បាននិយាយថា«កាលពីទសវត្សរ៍មុន អាជ្ញាធររុស្ស៊ីបានប្រើច្បាប់ស្រពិចស្រពិលនិងលេសមួយចំនួនមិនគួរឱ្យជឿដើម្បីបំភ័យ និងយាយីសំឡេងឯករាជ្យនិងសំឡេងប្រឆាំង។ ពេលនេះ ពួកគេដាក់កំហិតការត្រួតពិនិត្យរូមជាមួយការទាមទារឱ្យមនុស្សគ្រប់គ្នាថាតាមដូចសត្វសេក»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានថ្លែងថា របបគ្រប់គ្រងរបស់លោក Putin «ឈ្លានពានហួសពីព្រំដែនខ្លួន និងសង្កត់សង្កិនជាងមុននៅខាងក្នុងព្រំដែនខ្លួន»។ លោកបានចង្អុលបង្ហាញពីការចាប់ឃុំឃាំងកាលពីឆ្នាំទៅមិញនៃក្រុមបុគ្គលរាប់ពាន់នាក់ដែលបានដើរធ្វើបាតុកម្មតាមផ្លូវដោយសន្តិវិធីតវ៉ាអំពីការចាប់ឃុំឃាំងលោក Aleksey Navalny មេដឹកនាំប្រឆាំងរុស្ស៊ី។ លោកក៏បានកត់សម្គាល់ដែរថា ជាការបន្ថែមលើការចាប់ខ្លួនលោក Vladimir Kara-Murza កាលពីពេលថ្មីៗនេះ នៅឆ្នាំនេះជនជាតិរុស្ស៊ី១ម៉ឺន ៥ពាន់នាក់ទៀត ត្រូវបានឃាត់ខ្លួនដោយសារបានធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមឃោរឃៅរបស់រដ្ឋាភិបាលពួកគេប្រឆាំងនឹងអ៊ុយក្រែន។
អ្នកនាំពាក្យលោក Price បាននិយាយទៀតថា «ទាំងនេះជាសកម្មភាពរបស់រដ្ឋាភិបាលមួយដែលមានអសន្តិសុខជាមូលដ្ឋានដែលគ្មានឆន្ទៈអនុញ្ញាតឱ្យប្រជារាស្ត្រខ្លួនផ្ទាល់ធ្វើអ្វីដែលជាសិទ្ធិរបស់ប្រជារាស្ត្រនៅគ្រប់ទីកន្លែង ដើម្បីធ្វើការតវ៉ា ដើម្បីដើរធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីបង្កើតសមាគម និងដើម្បីធ្វើឱ្យសំឡេងពួកគេ និងឆន្ទៈសេរីរបស់ពួកគេត្រូវបានឮ»៕