តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងឆ្នាំ២០២៣ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា តារាចម្រៀង rap អ៊ីរ៉ង់ លោក Toomaj Salehi ដែលជាអ្នកប្រឆាំងនោះ មានឈ្មោះក្នុងចំណោមបុគ្គលនានានៅក្នុងប្រទេសអ៊ីរ៉ង់ដែលសេរីភាពនៃការបញ្ចេញមតិត្រូវបាន«រឹតត្បិតយ៉ាងខ្លាំង»។ ករណីរបស់លោកត្រូវបានចាត់ទុកជាឧទាហរណ៍អំពីរបៀបដែលអាជ្ញាធរអ៊ីរ៉ង់«ប្រើច្បាប់ដើម្បីបំភិតបំភ័យឬកាត់ទោសអ្នកដែលរិះគន់រដ្ឋាភិបាលដោយផ្ទាល់ ឬលើកឡើងពីការព្រួយបារម្ភអំពីសិទ្ធិមនុស្ស»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកត់សម្គាល់ថា នៅចុងឆ្នាំ២០២៣ លោក Salehi ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដ៏ខ្លាំងបំផុតមួយនៅក្នុងប្រព័ន្ធច្បាប់របស់អ៊ីរ៉ង់គឺ«អំពើពុករលួយនៅលើផែនដី»នោះ កំពុង«រង់ចាំការកាត់ទោស»។
ការរង់ចាំនោះបានចប់ហើយ។ លោក Salehi ត្រូវបានកាត់ទោសប្រហារជីវិត។
លោក Salehi ដែលជាតារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២ បន្ទាប់ពីលោកបានគាំទ្រជាសាធារណៈនូវការតវ៉ាដ៏ធំដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិសរបស់នាង Mahsa Amini។ នាង Amini ត្រូវបានពួកប៉ូលិសសីលធម៌ចាប់ឃុំខ្លួនពីបទពាក់ស្បៃគ្របមុខ (hijab) របស់នាងមិនបានត្រឹមត្រូវ។ ការស្លាប់របស់នាងបានបំផុសឱ្យមានចលនា«ស្ត្រី ជីវិត សេរីភាព»នៅក្នុងប្រទេសអ៊ីរ៉ង់។ របបនេះបានឆ្លើយតបដោយការបង្រ្កាបយ៉ាងឃោរឃៅប្រឆាំងនឹងការបញ្ចេញមតិ។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ រាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយមកទល់នឹងពេលនេះ មនុស្សប្រាំបួននាក់ត្រូវបានប្រហារជីវិតនៅក្នុងករណីដែលទាក់ទិននឹងការតវ៉ា។
លោក Salehi ដែលនៅក្នុងបទចម្រៀងរបស់លោកបានរៀបរាប់អំពីការគាបសង្កត់របស់របបអ៊ីរ៉ង់ គឺជាបុគ្គលលេចធ្លោបំផុតដែលត្រូវបានចាប់ខ្លួន។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ តាមបញ្ជារបស់តុលាការកំពូលរបស់អ៊ីរ៉ង់ ក៏ប៉ុន្តែ ត្រូវបានចាប់ខ្លួនម្តងទៀតតែនៅប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីលោកបានបង្ហោះវីដេអូដែលពណ៌នាអំពីការធ្វើទារុណកម្មដែលលោកបានស៊ូទ្រាំនៅក្នុងពន្ធនាគារ។ តុលាការបដិវត្តន៍មួយនៅទីក្រុង Isfahan នៃប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះបានចេញសាលក្រម និងកាត់ទោសប្រហារជីវិតលោក។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលបានលើកឡើងអំពីករណីរបស់លោក Toomaj Salehi ជាមួយអាជ្ញាធរអ៊ីរ៉ង់ក្នុងឱកាសផ្សេងៗចាប់តាំងពីការចាប់ខ្លួនរបស់លោកក្នុងឆ្នាំ២០២២នោះបាននិយាយថា ពួកគេ«មានការភ័យព្រួយចំពោះការដាក់ទោសប្រហារជីវិត និងការចោទប្រកាន់ទៅលើលោក Salehi ថាបានប្រព្រឹត្តិអំពើអាក្រក់ដែលមើលទៅហាក់ដូចជាពាក់ព័ន្ធទៅនឹងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបែបសិល្បៈ និងការច្នៃប្រឌិតរបស់លោកតែប៉ុណ្ណោះ»។
អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Vedant Patel បានហៅការប្រព្រឹត្តិទៅលើលោក Salehi ថាជា«ឧទាហរណ៍មួយទៀតនៃការរំលោភបំពានសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់ និងរីករាលដាលរបស់របបអ៊ីរ៉ង់»។ លោក Patel បាននិយាយទៀតថា «យើងថ្កោលទោសម្តងទៀតចំពោះការប្រើប្រាស់ការកាត់ទោសប្រហារជីវិតរបស់របបអ៊ីរ៉ង់ដើម្បីជាឧបករណ៍មួយដើម្បីគាបសង្កត់លើផ្នែកសិទ្ធិមនុស្ស និងសេរី ភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ» ហើយលោកបានថ្លែងបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងបន្តបញ្ជាក់ឱ្យច្បាស់ជាសាធារណៈចំពោះភាពធ្ងន់ធ្ងរនៃករណីដូចនេះជាមួយសហគមន៍អន្តរជាតិថា «យើងអាចរួមគ្នាបន្ថែមទៀតឱ្យរបបអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការបង្រ្កាបរបស់ខ្លួន»៕