តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី១០ ខែមករា តុលាការមួយក្នុងប្រទេសភូមា បានកាត់ទោសលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋជាប់ឆ្នោតនៃប្រទេសភូមាឱ្យជាប់ពន្ធនាគារបួនឆ្នាំ ក្រោមបទចោទប្រកាន់ថា បាននាំចូល និងកាន់កាប់អាយកូមដោយខុសច្បាប់ ដោយរំលោភច្បាប់ទូរគមនាគមន៍ និងការរឹតត្បិតនៅពេលមានការរាតត្បាតនៃវីរុសកូរ៉ូណា។ ការកាត់ទោសនេះ មានឡើងក្រោយការកាត់ក្តីកាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០២១ ដែលឱ្យលោកស្រីជាប់ឃុំឃាំងបួនឆ្នាំពីបទចោទប្រកាន់ថា បានញុះញង់ឱ្យមានចលាចលសាធារណៈ និងរំលោភលើការហាមប្រាមនៅពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រោយមក ទោសនោះ ត្រូវបានបន្ថយមកនៅត្រឹមពីរឆ្នាំវិញ។
បន្ថែមលើនេះ លោកស្រី Aung San Suu Kyi ប្រឈមនឹងការចោទប្រកាន់ជាច្រើនទៀត។ ប្រសិនបើលោកស្រីត្រូវបានរកឃើញថា មានទោស លោកស្រី អាចត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់១០០ឆ្នាំ។
លោកស្រី Michelle Bachelet អគ្គស្នងការអ.ស.ប.ខាងសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ «ការកាត់ទោសលោកស្រីទីប្រឹក្សារដ្ឋ មានឡើងក្រោយការកាត់ក្តីក្លែងបន្លំមួយនៅក្នុងទម្រង់ការសម្ងាត់នៅចំពោះមុខតុលាការមួយត្រួតត្រាដោយពួកយោធា គ្មានអ្វីក្រៅពីមានទាក់ទិននឹងនយោបាយទេ»។ ចំណែកឯលោក Phil Robertson នាយករងនៃអង្គការ Human Rights Watch ផ្នែកអាស៊ីវិញ បានកត់សម្គាល់ថា ដំណើរការនេះ «ជាការប្រមូលការដាក់ទោសប្រឆាំងលោកស្រី Aung San Suu Kyi ដើម្បីឱ្យលោកស្រីជាប់ឃុំឃាំងក្នុងពន្ធនាគារជារៀងរហូត»។
លោក Ned Price អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អ. បាននិយាយថា៖ «យើងអំពាវនាវដល់របបគ្រប់គ្រងនេះឱ្យដោះលែងលោកស្រី Aung San Suu Kyi និងក្រុមជនទាំងអស់ដែលត្រូវបានជាប់ឃុំឃាំងដោយអយុត្តិធម៌ ជាបន្ទាន់ដោយមានរួមបញ្ចូលពួកមេដឹកនាំជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យឯទៀតៗផងដែរ»។ លោកបានថ្លែងថា៖ ទម្រង់ការយុត្តិធម៌ក្លែងបន្លំរបស់របបគ្រប់គ្រងនេះដើម្បីវាយប្រហារពួកប្រឆាំងនឹងខ្លួនខាងនយោបាយ នីតិរដ្ឋ និងការបន្តអំពើហិង្សារបស់ខ្លួនប្រឆាំងនឹងប្រជារាស្ត្រភូមាគូសបញ្ជាក់ភាពបន្ទាន់នៃការធ្វើឱ្យមានជាថ្មីឡើងវិញនូវមាគា៌របស់ប្រទេសភូមាទៅកាន់លទ្ធិប្រជាធិបតេយ្យ»។
លោកស្រី Aung San Suu Kyi ជាមេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យហៅ NLD។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គណបក្ស NLD បានឈ្នះឆ្នោតជាតិដោយបានទទួលសន្លឹកឆ្នោតគាំទ្រច្រើនលើសលប់ក្នុងសភាទាំងពីរនៃសភាសហភាពនៃប្រទេសភូមា។ នៅថ្ងៃទី១ ខែកុម្ភៈ ក្រុមយោធាភូមាដែលគណបក្សរណបរបស់ខ្លួនបានទទួលកៅអីតែ៣៣ក្នុងបណ្តាអាសនៈទាំងអស់៤៧៦ក្នុងសភា បានធ្វើរដ្ឋប្រហារ។ លោកស្រី Aung San Suu Kyi ត្រូវបានចាប់ខ្លួនជាមួយលោកប្រធានាធិបតី Win Myint រដ្ឋមន្ត្រីច្រើននាក់ ក្រុមភូឈួយពួកគេ និងក្រុមសមាជិកសភា។ ការចោទប្រកាន់ប្រឆាំងនឹងលោកស្រី មិនបានបន្ថយប្រជាប្រិយភាពលោកស្រីទេ ដែលនៅពេលសព្វថ្ងៃនេះ មានជិត៨០ភាគរយ។
អ្នកនាំពាក្យលោក Price បាននិយាយថា៖ «ប្រជារាស្ត្រភូមា...បន្តបង្ហាញថា ពួកគេលែងចង់ចំណាយពេលនៅក្រោមអំណាចផ្តាច់ការយោធាទៀតហើយ ហើយយើងនឹងបន្តគាំទ្រពួកគេ និងជនទាំងឡាយណាដែលធ្វើការដោយសន្តិវិធីដើម្បីស្តារឡើងវិញនូវមាគ៌ានៃប្រទេសភូមាទៅកាន់លទ្ធិប្រជាធិបតេយ្យ»។
លោកបានថ្លែងទៀតថា៖ «យើងបន្តអំពាវនាវដល់របបគ្រប់គ្រងនេះឱ្យធ្វើការសន្ទនាគ្នាប្រកបដោយការស្ថាបនាជាមួយភាគីទាំងអស់ដើម្បីរកដំណោះស្រាយដោយសន្តិវិធីមួយដើម្បីផលប្រយោជន៍ប្រជារាស្ត្រ»៕