តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់វិធានការដើម្បីដាក់កំហិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលគុយបាចំនួន ៨ នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងការប៉ុនប៉ងបំបិទសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋគុយបា តាមរយៈការគំរាមកំហែង ការចាប់ដាក់ឃុំដោយអយុត្តិធម៌ និងការកាត់ទោសធ្ងន់ធ្ងរ។
អ្នកតវ៉ារាប់រយនាក់នៅទូទាំងប្រទេសគុយបា នៅជាប់ក្នុងពន្ធនាគារនៅឡើយ តាំងពីពេលធ្វើបាតុកម្មកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំមុនមក។ ក្នុងនោះ អ្នកខ្លះមានស្ថានភាពសុខភាពកាន់តែយ៉ាប់យ៉ឺន និងមិនមានលទ្ធភាពទទួលបានម្ហូបអាហារបរិភោគសមរម្យ ថ្នាំសង្កូវ ការហៅទូរស័ព្ទ ឬក៏ការសួរសុខទុក្ខពីសំណាក់ក្រុមគ្រួសារ ឬមេធាវីរបស់ពួកគេទេ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុវត្តវិធានការមានគោលដៅទាំងនេះស្របទៅតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ ៥៣៧៧។ សេចក្ដីប្រកាសនោះ តម្រូវឱ្យផ្អាករាល់ការធ្វើដំណើរចូលមកក្នុងសហរដ្ឋអាមេរិកទាំងអស់ក្នុងលក្ខណៈមិនមែនអន្តោប្រវេសន៍លើមន្ត្រី និងបុគ្គលិករបស់រដ្ឋាភិបាលគុយបា និងគណបក្សកុម្មុយនីស្តរបស់គុយបា។
បុគ្គលដែលរងការដាក់ទណ្ឌកម្មទាំង ៨ នាក់នេះ ក៏រួមមានទាំងមន្ត្រីរដ្ឋាភិបាលគុយបាដែលជាប់ពាក់ព័ន្ធនៅក្នុងការចាប់ឃាត់ខ្លួន ការកាត់ទោស និងការដាក់ពន្ធនាគារលើក្រុមអ្នកតវ៉ាកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំមុនផងដែរ។
សម្រាប់អ្នកដែលបានចូលរួមនៅក្នុងការតវ៉ាកាលពីថ្ងៃទី ១១ ខែកក្កដា នោះ រដ្ឋាភិបាលគុយបា បានដាក់កំហិតទណ្ឌកម្មធ្ងន់ធ្ងរ ដោយមានបំណងកាត់ទោសអ្នកទាំងនោះឱ្យជាប់ពន្ធនាគាររហូតដល់ ៣០ ឆ្នាំ។
គេបានរាយការណ៍ថា អាជ្ញាធរបានឃុំខ្លួនលោក Luis Manuel Otero Alcantara លោក Maykel Osorbo និងលោក Jose Daniel Ferrer ម្ដងហើយម្ដងទៀត។ នៅពេលបច្ចុប្បន្ននេះ អ្នកទាំងនោះ កំពុងជាប់ពន្ធនាគារ ដោយសារតែពួកគេ បានជួយជំរុញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគុយបានៅក្នុងការចង់បានសេរីភាព។
កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំមុន របបគ្រប់គ្រងគុយបា បានបញ្ជូនកងកម្លាំងសន្តិសុខ និងក្រុមដែលគាំទ្រដោយរដ្ឋាភិបាលទៅសម្លុតលោក Yunior Garcia ដែលជាអ្នកនិពន្ធរឿង។ លោក Yunior Garcia បានចូលរួមនៅក្នុងការចរចាជាមួយនឹងក្រសួងវប្បធម៌គុយបាកាលពីឆ្នាំ ២០២០ និងបានរៀបចំការអំពាវនាវឱ្យមានការតវ៉ាដោយសន្តិវិធីមួយទៀត។ ចាប់តាំងពីពេលនោះមក លោក និងក្រុមគ្រួសាររបស់លោក បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។
ប្រជាពលរដ្ឋគុយបា បានស្នើរដ្ឋាភិបាលម្ដងហើយម្ដងទៀតឱ្យស្ដាប់តាមការអំពាវនាវរបស់ពួកគេដែលចង់ឱ្យមានការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពជួបជុំគ្នា និងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «រាល់ពេលទាំងអស់ របបគ្រប់គ្រង [គុយបា] បានធ្វើឱ្យបាត់បង់ឱកាសសម្រាប់ការចរចា ដោយរបបនេះ បានពង្រឹងនូវមនោគមន៍វិជ្ជាគ្មានតម្លៃ និងប្រព័ន្ធសេដ្ឋកិច្ចបរាជ័យ ដែលមិនអាចបំពេញតាមតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋគុយបាបាន»។
វិធានការដាក់កំហិតទិដ្ឋាការលើកនេះ គឺជាការពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការគាំទ្រប្រជាពលរដ្ឋគុយបា និងការលើកកម្ពស់ការទទួលខុសត្រូវសម្រាប់មន្ត្រីរដ្ឋាភិបាលគុយបាណាដែលជួយធ្វើឱ្យមានការប្រមាថរបស់របបគ្រប់គ្រងគុយបាចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
វិធានការទាំងនេះ ជួយបំពេញបន្ថែមដល់ឥទ្ធិពលរបស់ទណ្ឌកម្មចំនួន ៤ ដែលក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់តាំងពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំមុនមក និងការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុនេះ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំមុន អំពីការដាក់កំហិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលគុយបា ៩ នាក់។
សហរដ្ឋអាមេរិកនៅបន្តប្រើគ្រប់មធ្យោបាយសមរម្យទាំងអស់ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយ និងគាំទ្រដល់ការអំពាវនាវរបស់ប្រជាពលរដ្ឋគុយបាដែលចង់ឱ្យមានសេរីភាពនិងការទទួលខុសត្រូវ៕