Accessibility links

Breaking News

បទវិចារណកថា៖ ការបង្រ្កាប​លើ​អ្នក​តស៊ូ​មតិ​ខាង​សេរីភាព​ជាតិ​សាសន៍ និង​សាសនា​នៅ​វៀតណាម


រូបឯកសារ៖ លោក Nay Y Blang បង្ហាញ​ខ្លួន​នៅ​បន្ទប់​សវនាការ​ក្នុង​ខេត្ត Phu Yen ប្រទេស​វៀតណាម។
រូបឯកសារ៖ លោក Nay Y Blang បង្ហាញ​ខ្លួន​នៅ​បន្ទប់​សវនាការ​ក្នុង​ខេត្ត Phu Yen ប្រទេស​វៀតណាម។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការកាត់ទោស​ជនជាតិ​ភាគ​តិច​វៀតណាម និង​អ្នកតស៊ូ​មតិ​ខាង​សេរីភាព​សាសនា។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការកាត់ទោស​បែបនេះ​ចំនួន​ប្រាំ​បាន​កើតឡើង​ចាប់តាំង​ពី​ខែមករា​មក។

លោក Miller បាន​និយាយ​ថា អ្វី​ដែល​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នោះគឺ​ការកាត់ទោស​លោក Y Krec Bya ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល១៣ឆ្នាំ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​លោក​«បាន​បញ្ចេញមតិ​អំពី​សេរីភាព​សាសនា​ ឬ​ជំនឿ​នៅ​ប្រទេស​វៀតណាម‍​ដោយ​សន្តិវិធី»។ លោក Bya ជា​សមាជិក​នៃ​ក្រុម​សាសនា Evangelical Church of Christ នៃ​តំបន់​ខ្ពង់រាប​ដែល​មិន​បាន​ចុះ​ឈ្មោះ​នៅ​វៀតណាម ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា​ឆ្នាំមុន ហើយ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«បំផ្លាញ​ឯកភាព​ជាតិ‍»។ ការផ្តន្ទាទោស​នា​ពេលថ្មីៗនេះ​មិនមែន​ជា​លើក​ទីមួយ​ដែល​បាន​កើតឡើង​ចំពោះ​លោក​នោះ​ទេ។ ក្នុង​ឆ្នាំ​២០០៤ លោក Bya ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ដោយសារ​ការតស៊ូមតិ​របស់​លោក​សម្រាប់​សេរីភាព​សាសនា​របស់​ប្រជាពលរដ្ឋ​ម៉ុងតាញ៉ា។

លោក Nay Y Blang បាន​រៀបចំ​ការជួបជុំ​អធិស្ឋាន​នៅក្នុង​គេហដ្ឋាន​របស់​លោក​សម្រាប់​សមាជិក​នៃ​ក្រុម​សាសនា​ផ្សាយ​ដំណឹង​ល្អ Evangelical Church of Christ ហើយ​ត្រូវបាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​មួយ​ក្នុង​ចំណោម​បទចោទ​ប្រ កាន់​ថា ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ផ្សេង​ទៀត​រួមទាំង​«ការបំផ្លាញ​ឯកភាព​ជាតិ‍»​ផងដែរ។ បន្ទាប់ពី​ការកាត់ក្តី​ដោយ​គ្មាន​តំណាង​ផ្លូវ​ច្បាប់ លោក Blang ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ​កន្លះ។ គណៈកម្មាការ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​កត់សម្គាល់​ថា លោក Blang ពីមុន​ធ្លាប់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ប្រាំមួយ​ខែ​ពី​បទ​«ធ្វើ​ឱ្យ​ខូច​គោលនយោបាយ​ឯកភាព‍ជាតិ»។

កាលពី​ខែកុម្ភៈ តុលាការ​បាន​កាត់ទោស​លោក Danh Minn Quan ដែល​ជា​ពុទ្ធសាសនិកជន​មក​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ភាគនិរតី​នៃ​ប្រទេស​វៀតណាម​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​កន្លះ ក្រោម​បទ​ចោទ​ប្រកាន់​ថា «រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ‍»។ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា លោក Quan ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយសារតែ​លោក​បាន​ចែកចាយ​សេចក្តី​ប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ លោក​ក៏​បាន​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ពុទ្ធសាសនិក​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ការប្រតិបត្តិ​សាសនា​របស់​ខ្លួន​ស្រប​តាម​ប្រវត្តិ​ជាតិ​សាសន៍ និង​វប្បធម៌​របស់​ខ្លួន​ផងដែរ។

សកម្មជន​ដែល​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ពីរនាក់​ផ្សេង​ទៀត​មក​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​នោះ គឺ​លោក Thach Cuong និង To Hoang Chuong ក៏​ត្រូវបាន​គេ​កំណត់​គោលដៅ​ផងដែរ​ ដោយសារតែ​ពួកគេ​បាន​ចែកចាយ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ និង​បាន​តស៊ូមតិ​ដើម្បី​សិទ្ធិ​សាសនា​របស់​សហគមន៍​របស់​ពួកគេ។ អ្នកទាំងពីរ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ«រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ‍»ដោយ​លោក Cuong ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​កន្លះនិង​លោក Chuong រយៈពេល​៤​ឆ្នាំ។

របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្តីពី​ប្រទេស​វៀត ណាម​បាន​កត់សម្គាល់​ថា មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​វៀតណាម​តែងតែ​ជំរុញ​អាជ្ញាធរ​ឱ្យ​ផ្តល់​ការអនុញ្ញាត​ដល់​ក្រុម​អ្នក​កាន់​សាសនា​ទាំងអស់​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី។ សហរដ្ឋ​អាមេរិក​កំពុង​បន្ត​ការអំពាវនាវ​នោះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ថ្លែង​ថា៖ «‍យើង​អំពាវនាវ​ឱ្យ​វៀតណាម​គោរព​សិទ្ធិ​បុគ្គល​ក្នុង​ការអនុវត្ត​សេរីភាព​នៃ​ការបញ្ចេញ​មតិ សមាគម និង​សាសនា ឬ​ជំនឿ។ យើង​សូម​អំពាវនាវ​ជាថ្មី​ដល់​វៀតណាម​ឱ្យ​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ទាំងអស់»៕

XS
SM
MD
LG