Accessibility links

Breaking News

បទវិចារណកថា៖ ការផ្ដល់​កិត្តិយស​ដល់​អ្នកការពារ​សិទ្ធិ​មនុស្ស​ដ៏​អង់អាច​ក្លាហាន


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងអ្នកស្រី Uzra Zeya អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៃក្រសួងការបរទេសអាមេរិកផ្តល់កិត្តិយស​ដល់​អ្នកទទួល​ពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្សឆ្នាំ ២០២៤ នៅ រដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងអ្នកស្រី Uzra Zeya អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៃក្រសួងការបរទេសអាមេរិកផ្តល់កិត្តិយស​ដល់​អ្នកទទួល​ពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្សឆ្នាំ ២០២៤ នៅ រដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បាន​កំណត់​យក​ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​អាទិភាព​គោលនយោបាយ​មួយ។ មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ដែល​បាន​ថ្លែង​នៅ​ឯ​ពិធី​ប្រគល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «វា​គឺ​ដោយសារតែ​យើង​ដឹង​ថា​ពិភពលោក​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន​ខ្លាំងក្លា​បំផុត។ ដូច​ដែល​បាន​គូសបញ្ជាក់​នៅ​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស​និយាយ​រួម​មាន​ស្ថិរភាព សន្តិសុខ និង​សន្តិភាព​ជាង​គេ។ ប្រទេស​ទាំងនោះ​គឺជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត។ ពួកគេ​គឺជា​អ្នក​មើលការ​ខុសត្រូវ​ដ៏​ប្រសើរ​នៃ​ផែនដី​រួម​របស់​យើង»។

ជ័យលាភី​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​នេះ​គឺជា​បុគ្គល​អង់អាច​ក្លាហាន​ដែល​មាន​ឆន្ទៈ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​មិន​ធម្មតា​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន។

ជ័យលាភី​មួយ​រូប​ក្នុង​ចំណោម​នោះ​គឺ​អ្នកស្រី Juana Alicia Ruiz។ នៅ​ក្រោយ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កូឡុំប៊ី អ្នកស្រី​បាន​ចូលរួម​ជាមួយ​ស្ត្រី​ផ្សេង​ទៀត​ក្នុង​សហគមន៍​ដើម្បី​បង្កើត​គម្រោង​មួយ​ជួយ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ឱ្យ​រៀបរាប់​អំពី​ការ​រំលោភ​បំពាន​ធ្វើបាប​លើ​ពួកគេ​និង​ការ​លុប​បំបាត់​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​របស់​ពួកគេ​តាមរយៈ​ការ​ដេរ​ក្រណាត់។

នៅ​ក្នុង​ប្រទេស​ហ្កាណា លោក Ebenezer Peegahនិង​អង្គការ​របស់​លោក​បាន​ចាប់ផ្តើម​បង្កើត​និង​ចែកចាយ​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍​ប្រចាំ​ថ្ងៃ​ដល់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា (LGBTQI+) រាប់​ពាន់​នាក់​ដើម្បី​ឱ្យ​ពួកគេ​អាច​បញ្ចៀស​ពី​ក្រុម​ដែល​តាំងខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់​បាន។

អ្នកស្រី Mary Ann Abunda បាន​ចាកចេញ​ពី​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ទៅ​ប្រទេស​កូវ៉ែត​ហើយ​បាន​ក្លាយជា​អ្នក​ធ្វើការ​តាម​ផ្ទះ។ នៅ​ទីនោះ អ្នកស្រី​បាន​ទ្រាំទ្រ​នឹង​ការ​កេង​ប្រវញ្ច​និង​ការ រំលោភ​ធ្វើបាប។ អ្នកស្រី​បាន​រួបរួម​ជាមួយ​ពលករ​ផ្សេង​ទៀត​ដូច​អ្នកស្រី​ដែរ​ដើម្បី​បង្កើត​អង្គការ​មួយ​ក្នុង​បំណង​គាំទ្រ​សិទ្ធិ​របស់​ពលករ​ធ្វើការ​តាម​ផ្ទះ​និង​ពលករ​ចំណាកស្រុក​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កូវ៉ែត។

នៅ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់ លោក Rufat Safarovត្រូវបាន​ចោទ​ប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ពី​បទ​សូកប៉ាន់​និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៩ ឆ្នាំ​នៅ​ក្នុង​សវនាការ​ក្លែងក្លាយ។ បន្ទាប់ពី​លោក​ត្រូវបាន​ដោះលែង​មក លោក​បាន​បង្កើត​អង្គការ​មួយ​ដើម្បី​ជួយ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​រង​ការ​វាយ​ប្រហារ។ រដ្ឋាភិបាល​បាន​ឃុំខ្លួន​លោក​ម្តងទៀត​ចំពោះ​ការ​ស្វះស្វែង​រក​ទិដ្ឋាការ​មក​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី Blinken។

លោក Blinken បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​អាស៊ែបៃហ្សង់​ត្រូវតែ​ដោះលែង​លោក Rufat ជា​បន្ទាន់ ក៏​ដូចជា​អ្នក​កាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​ប្រឆាំង​ផ្នែក​នយោបាយ និង​អ្នក​ដទៃ​ផ្សេង​ទៀត​ទាំងអស់​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌»។

លោក Thulani Rudolph Maseko បាន​បូជា​ពេល​វេលា​ពេញ​មួយ​ជីវិត​របស់​លោក​ដើម្បី​លើកស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អេស្វាទីនី។ កាលពី​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៣ លោក​ត្រូវបាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ផ្ទះ​របស់​លោក។ មិន​មាន​នរណា​ម្នាក់​ត្រូវបាន​នាំ​មក​កាត់ទោស​ចំពោះ​រឿង​នេះ​ទេ។

ជ័យលាភី​ផ្សេង​ទៀត​រួមមាន​អ្នកស្រី Aida Dzhumanazarova នៃ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន លោក Mang Hre Lian នៃ​ប្រទេស​ភូមា និង​អ្នកស្រី Amparo Carvajal នៃ​ប្រទេស​បូលីវី។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ទៀត​ថា៖ «ជូន​ចំពោះ​អ្នក​ទទួល​ពាន​រង្វាន់​កិត្តិយស​របស់​យើង​នៅ​ថ្ងៃ​នេះ ជូន​ចំពោះ​អ្នក​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក ខ្ញុំ​ជំរុញ​អ្នក​ឱ្យ​ធ្វើ​ជា​គំរូ។ បន្ត​បង្ហាញ​ឱ្យ​យើង​ឃើញ​នូវ​ភាព​អង់អាច​ក្លាហាន​របស់​អ្នក។ បន្ត​ធ្វើ​ឱ្យ​យើង​ទទួល​ខុសត្រូវ [ចំពោះ​ពាក្យ​សម្ដី​និង​ទង្វើ​របស់​យើង]៕

XS
SM
MD
LG