តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
តម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឋិតក្រោមការគំរាមកំហែងនៅទូទាំងពិភពលោក។ ពួកអ្នកការពារសិទ្ធិមនុស្ស ពួកសមាជិកសង្គមស៊ីវិល ក្រុមអ្នកកាសែត និងប្រជារាស្ត្រសាមញ្ញដែលប្រើប្រាស់សិទ្ធិពួកគេក្នុងការសម្តែងមតិដោយសេរី និងក្នុងការរួមប្រជុំគ្នាដោយសន្តិវិធីនោះ ប្រឈមនឹងការបង្ក្រាបដោយហិង្សាពីពួកមេដឹកនាំផ្តាច់ការ។
ការអនុញ្ញាតឱ្យសកម្មភាពបែបនេះ មានតទៅទៀតដោយគ្មានការជំទាស់ មិនមែនគ្រាន់តែជាការបោះបង់ក្រុមជនរងគ្រោះដោយសារការរំលោភលើសិទ្ធិមនុស្សប៉ុណ្ណោះទេ តែក៏ជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិសហរដ្ឋអាមេរិកផងដែរ។ ជាញឹកញយ បណ្តាប្រទេសមានរបបផ្តាច់ការនយោបាយសង្កត់សង្កិន នឹងមានអស្ថិរភាពក្នុងរយៈពេលយូរ ហើយពួកគេនាំឱ្យមានអស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។ ជាញឹកញាប់ របបគ្រប់គ្រងទាំងនេះ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃប្រទេសជាតិឯទៀតៗ។ ការគាំពារសិទ្ធិមនុស្ស មិនមែនគ្រាន់តែត្រឹមត្រូវតាមតម្លៃអាមេរិកាំងប៉ុណ្ណោះទេ តែក៏ជាការគាំទ្រដល់ស្ថិរភាព និងភាពសំបូររុងរឿងផងដែរ។
ព្រោះហេតុនេះហើយ បានជាក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក បានចុចឈ្មោះដាក់ទណ្ឌកម្មនាយទាហានជាន់ខ្ពស់នៃកងទ័ពអាកាសស៊ីរីពីរនាក់ ដែលមានទាក់ទិននឹងការសម្លាប់ជនស៊ីវិលក្នុងការវាយប្រហារដោយអាវុធគីមី និងមន្ត្រីជាន់ខ្ពស់បីនាក់នៃក្រុមសង្កត់សង្កិនសន្តិសុខ និងស៊ើបការណ៍សម្ងាត់របស់ប្រទេសស៊ីរី។ អង្គការដែល ពួកជនទាំងនេះជាប់ពាក់ព័ន្ធ បានដាក់គុកជនជាតិស៊ីរីរាប់សែននាក់ ដោយមានរួមបញ្ចូលទាំងជនដែលបានអំពាវនាវឱ្យមានការផ្លាស់ប្តូរដោយសន្តិវិធី។ ម្យ៉ាងវិញទៀត អង្គការសិទ្ធិមនុស្សបានរាយការណ៍ថា មានអ្នកទោសយ៉ាងតិចណាស់១៤.០០០នាក់ក្នុងប្រទេសស៊ីរី បានស្លាប់ដោយសារការធ្វើទារុណកម្ម។ ការចុចឈ្មោះជនទាំងនេះដើម្បីដាក់ទណ្ឌកម្ម ជាវិធានការសំខាន់មួយទៀតសម្រាប់ធ្វើឱ្យរបបគ្រប់គ្រងរបស់លោក Assad ទទួលខុសត្រូវខ្ពស់ដល់ការរំលោភប្រឆាំងនឹងជនជាតិស៊ីរី។
បន្ថែមលើនេះ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមន្ត្រីអ៊ីរ៉ង់៧នាក់និងអង្គភាពពង្រឹងច្បាប់ពីរដែលទាក់ទិននឹងមុខនាទីរបស់ពួកគេក្នុងការបង្ក្រាបយ៉ាងឃោរឃៅលើបាតុកម្ម កាលខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រសួងហរញ្ញវត្ថុសហរដ្ឋអាមេរិក ក៏បានប្រកាសដាក់ទណ្ឌកម្មមេបញ្ជាការនៃក្រុមស៊ើបការណ៍សម្ងាត់យោធាប្រទេសអ៊ូហ្គាន់ដា គឺលោកឧត្តមសេនីយ៍ទោ Abel Kandiho ដែលទាក់ទិននឹងការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសរសើរការចុចឈ្មោះមន្ត្រី និងអង្គភាពទាំងនេះដើម្បីដាក់ទណ្ឌកម្ម ដែលមានរួមបញ្ចូលពួកបុគ្គលដែលសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មកាលពីមុន ដែលធ្វើឱ្យសហរដ្ឋអាមេរិកធ្វើកិច្ចការនេះកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ហើយ«ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញការប្តេជ្ញារួមគ្នារបស់យើងក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
សហរដ្ឋអាមេរិក ប្តេជ្ញាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់សម្រាប់ពួកជនទាំងឡាយណាដែលរំលោភលើសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា «យើងនឹងបន្តរួមសាមគ្គីជាមួយប្រជារាស្ត្រនៃប្រទេសទាំងនោះ និងប្រជារាស្ត្រប្រទេសឯទៀតៗដែលនៅតែមានការរំលោភលើសិទ្ធិមនុស្សតទៅទៀត»៕