តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកបានចាត់វិធានការរឹតត្បិតទិដ្ឋាការលើមនុស្សចំនួន៩៣នាក់បន្ថែមទៀតដែលត្រូវបានគេជឿជាក់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីការ៉ាហ្គា ចាប់តាំងពីការបោះឆ្នោតដែលមិនបានផ្តល់ភាពស្របច្បាប់ចំពោះលោក Daniel Ortega នៅខែវិច្ឆិកា ឆ្នាំ២០២១ មក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសថា ការរឹតត្បិតក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដោយបានបញ្ជាក់ថា មនុស្សមួយចំនួនឥឡូវនេះ មិនអាចចូលក្នុងសហរដ្ឋអាមេរិក រួមទាំងចៅក្រម រដ្ឋអាជ្ញា សមាជិកសភា និងពួកមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា ប្រធានាធិបតីនីការ៉ាហ្គាលោក Ortega និងអនុប្រធានាធិបតីដែលជាភរិយារបស់លោក គឺលោកស្រី Rosario Murillo បានធ្វើឱ្យលំហសេរីភាពកាន់តែរួញតូចទៅសម្រាប់គណបក្សនយោបាយប្រឆាំង និងសម្រាប់អង្គការសង្គមស៊ីវិលក្នុងរបៀបដែលធ្វើឱ្យនឹកដល់មេដឹកនាំប្រើអំណាចផ្តាច់ការដែលបរាជ័យកាលពីមុន។ អ្នកទោសនយោបាយចំនួន១៨០នាក់ហើយមកទល់ពេលបច្ចុប្បន្ន ដែលត្រូវបានចាប់ឃុំខ្លួនដោយរបបនេះ។ អ្នកទោសនយោបាយម្នាក់បានស្លាប់ ហើយផ្សេងទៀតស្ថិតនៅក្នុងការឃុំឃាំងដាច់ដោយឡែក។ ពួកអ្នកទោសនយោបាយដែលស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះរងគ្រោះស្រដៀងគ្នានឹងការរំលោភធ្វើបាបតាមវិធីផ្សេងៗ ហើយមិនអាចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់ខ្លួន ឬទទួលភ្ញៀវក៏ទេដែរ។
របបនេះមិនត្រឹមតែវាយប្រហារលើពួកប្រឆាំងប៉ុណ្ណោះទេ តែក៏កំពុងវាយប្រហារលើអង្គការក្រៅរដ្ឋាភិបាលផងដែរ។ លោក Blinken បានកត់សម្គាល់ថា «ពួកសមាជិកសភា និងមន្ត្រីក្រសួងមហាផ្ទៃជួយធ្វើឱ្យរបបលោក Ortega-Murillo រឹតបន្តឹងកណ្តាប់ដៃផ្តាច់ការរបស់ខ្លួនលើពលរដ្ឋនីការ៉ាហ្គា និងស្ថាប័ននានាដោយប្រើច្បាប់បង្ក្រាប ដកឋានៈភាពផ្លូវច្បាប់របស់អង្គការក្រៅរដ្ឋាភិបាលនិងសាកលវិទ្យាល័យជាង៤០០»។ ក្នុងចំណោមទាំងនោះមានសាខារបស់អង្គការ Operation Smile ជាអង្គការមួយផ្តល់ការវះកាត់សម្រាប់កុមារដែលមានមាត់ឆែប អង្គការបណ្ឌិតសភាអក្សសាសន៍នីការរ៉ាហ្គា និងអង្គការសិទ្ធិស្ត្រីជាច្រើនទៀត។
របាយការណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះរបស់ក្រសួងការបរទេសអាមេរិកស្តីពីសេរីភាពសាសនានៅក្នុងប្រទេសនីការ៉ាហ្គាក៏បានកត់សម្គាល់អ្វីដែលអ្នកសង្កេតការណ៍ម្នាក់បានហៅថា «សង្គ្រាមបើកចំហ»របស់របបនោះប្រឆាំងនឹងវិហារសាសនាកាតូលិកដោយការបៀតបៀនយាយីដ៏ទូលំទូលាយជាប្រព័ន្ធលើមេដឹកនាំសាសនា និងពួកអ្នកគោរពសាសនា»។ នៅក្នុងការប្រកាសនៃការរឹតត្បិតទិដ្ឋាការកាលពីពេលថ្មីៗនេះ លោក Blinken បានបន្ថែមទៀតថា មួយឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម និងការរឹតត្បិតទិដ្ឋាការជាច្រើនលើពួកមន្ត្រីនីការ៉ាហ្គានិងសាច់ញាតិរបស់ពួកគេអំពីការរំលោភលើសិទ្ធិនានាដែលរដ្ឋាភិបាលបានប្រព្រឹត្ត។
លោក Blinken បានមានប្រសាសន៍ទៀតថា «ប្រព័ន្ធសន្តិសុខនិងតុលាការពុករលួយរបស់របបនេះបានចាប់ខ្លួននិងកាត់ទោសមេដឹកនាំស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្សចំពោះការនិយាយការពិត ការអនុវត្តវិជ្ជាជីវ:ខាងសារព័ត៌មាន ការការពារសហគមន៍របស់ពួកគេតាមរយៈការងារអង្គការមិនមែនរដ្ឋាភិបាល ហើយនឹងការតស៊ូមតិជាសាធារណៈចំពោះជម្រើសផ្សេងទៀតប្រឆាំងនឹងការគ្រប់គ្រងជិះជាន់សង្កត់សង្កិនរបស់របបនេះ ថែមទាំងសកម្មភាពដែលត្រូវអនុវត្តនៅក្រោមរដ្ឋធម្មនុញ្ញ ឬប្រព័ន្ធនយោបាយតាមបែបលទ្ធិប្រជាធិបតេយ្យ»។
លោក Blinken បានប្រកាសថា «សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញនូវការអំពាវរបស់ខ្លួនឱ្យដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌចំពោះអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសនីការ៉ាហ្គា»៕