តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
អ្នកស្រី Cindy Dyer ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតាមដាននិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបាននិយាយថា៖ របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក«ឈរជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមជាសកលរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស»។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បានកត់សម្គាល់ថា សេចក្តីផ្តើមនៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សនៅឆ្នាំនេះផ្តោតលើចំណុចប្រសព្វនៃបច្ចេកវិទ្យា និងការជួញដូរមនុស្ស ខណៈដែលឈ្មួញជួញដូរមនុស្សបានកេងប្រយោជន៍នៃការជឿនលឿនផ្នែកបច្ចេកវិទ្យា ដើម្បីប្រព្រឹត្តបទល្មើស និងបិទបាំងអត្តសញ្ញាណរបស់ពួកគេ។ អ្នកស្រីបានសង្កត់ធ្ងន់ពីតម្រូវការក្នុងការទាញយកអត្ថប្រយោជន៍ពីការច្នៃប្រឌិតថ្មីៗ ខណៈពេលដែលបន្តពង្រឹងវិធីសាស្ត្រ និងការអនុវត្តបែបប្រពៃណីដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ រារាំងបណ្តាញឧក្រិដ្ឋជន និងធ្វើឱ្យឈ្មួញជួញដូរមនុស្សត្រូវទទួលខុសត្រូវ។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បាននិយាយថា របាយការណ៍ឆ្នាំនេះក៏ស្វែងយល់ពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិតដែលត្រូវបានប្រើប្រាស់ក្នុងវិស័យនេះ ដែលត្រូវបានបង្កើតឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកនៅរស់រានមានជីវិតពីការជួញដូរមនុស្ស ដែលនាំឱ្យវិធីសាស្រ្តនេះផ្តោតទៅលើជនរងគ្រោះកាន់តែខ្លាំងឡើង។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បាននិយាយថា ឧទាហរណ៍ លោកអ្នកនឹងឃើញថា ព័ត៌មានអំពីយុទ្ធសាស្ត្រច្នៃប្រឌិតនិងការស៊ើបអង្កេត និងការកាត់ទោសឈ្មួញជួញដូរមនុស្សដែលអាចកាត់បន្ថយការពឹងផ្អែកលើសក្ខីកម្មរបស់ជនរងគ្រោះ។ ក្នុងនាមខ្ញុំជាអតីតរដ្ឋអាជ្ញាម្នាក់ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកពីរបៀបដែលការប្រើប្រាស់យុទ្ធសាស្រ្តទាំងនេះផ្តល់នូវការការពារ និងការគាំទ្រកាន់តែច្រើនសម្រាប់ជនរងគ្រោះ ពង្រឹងសំណុំរឿងព្រហ្មទណ្ឌ និងបង្កើនភាពទទួលខុសត្រូវ និងយុត្តិធម៌»។
អ្នកស្រីឯកអគ្គរដ្ឋទូតDyer បាននិយាយថា ភាពជាដៃគូប្រកបដោយការច្នៃប្រឌិតអាចជួយឱ្យមានការការពារ និងកិច្ចខិតខំការពារដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវិវត្តទៅមុខ។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បាននិយាយបន្តទៀតថា «ការិយាល័យរបស់យើងនាពេលថ្មីៗនេះបានចាប់ផ្តើមភាពជាដៃគូលើកដំបូងដែលមិនធ្លាប់មានដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ឬ ហៅកាត់ថា P2P ... ជាមួយប្រទេសសំប៊ី។ កម្មវិធី P2P នេះផ្អែកលើភាពជោគជ័យនៃកម្មវិធីកិច្ចការពារកុមារ ហើយប្រើប្រាស់ផែនការសកម្មភាពរយៈពេលច្រើនឆ្នាំរួមគ្នា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងកិច្ចសហការរបស់សង្គមស៊ីវិល ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស»។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បាននិយាយបន្ថែមថា៖ «វាជារឿងចាំបាច់ណាស់ដែលក្រុមអ្នកតស៊ូមតិប្រឆាំងនឹងការជួញដូរមនុស្សបន្ត និងមានបំណងធ្វើការភ្ជាប់ និងធ្វើជាដៃគូជាមួយសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការជួញដូរមនុស្ស»។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បាននិយាយបន្ថែមថា៖ «ដើម្បីសម្រេចកិច្ចប្រឹងប្រែងនេះឱ្យបានជោគជ័យ សហរដ្ឋអាមេរិកបន្តផ្តល់អាទិភាពដល់ការបង្កើតវិធីថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបញ្ចូលអ្នករស់រានមានជីវិតពីការជួញដូរមនុស្សទៅក្នុងគោលនយោបាយ និងកម្មវិធីសហព័ន្ធប្រឆាំងនឹងការជួញដូរមនុស្សជាចម្បងតាមរយៈក្រុមប្រឹក្សារបស់សហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្ស និងបណ្តាញប្រឹក្សាអ្នកជំនាញលើការប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេស។ ការចូលរួមជាមួយបុគ្គលដែលធ្លាប់ត្រូវបានគេជួញដូរ និងការបញ្ចូលចំណេះដឹង និងជំនាញរបស់ពួកគេអាចធានាថា គំនិតផ្តួចផ្តើមប្រឆាំងនឹងការជួញដូរមនុស្សរបស់យើងទទួលបានអត្ថប្រយោជន៍ពីទស្សនៈនិងការយល់ដឹងចម្រុះ ហើយនាំទៅរកគោលនយោបាយដែលមានព័ត៌មានអំពីអ្នករស់រានមានជីវិត ដែលនោះគឺមានប្រសិទ្ធភាពជាង»។
សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយដៃគូរបស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដើម្បីបញ្ចប់ការជួញដូរមនុស្សដ៏អាក្រក់នេះ៕