តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
នៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសយេម៉ែន អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមហ៊ូធីទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្សមួយចំនួនទៀតរងរបួស។
លោក Wood បានថ្លែងថា៖ «សកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិដែលបង្កឡើងដោយក្រុមហ៊ូធី និងអ្នកគាំទ្ររបស់ពួកគេនៅក្នុងទីក្រុងតេហេរ៉ង់។ ហើយសកម្មភាពទាំងនេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកទេ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ូធីបានបាញ់កាំជ្រួច និងបង្ហោះយន្តហោះគ្មានមនុស្សបើកប្រមាណ២០០គ្រឿងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលដោយមិនគិតពីអាយុជីវិតរបស់ជនស៊ីវិលឡើយ»។
ក្រុមហ៊ូធី និងសម្ពន្ធមិត្តរបស់ពួកគេបានអះអាងថា ការវាយប្រហារទៅលើអ៊ីស្រាអែល និងយុទ្ធនាការប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មដែលកំពុងបន្តធ្វើឡើងនៅក្នុងតំបន់សមុទ្រក្រហម គឺជាទង្វើនៃការសាមគ្គីភាពជាមួយប្រជាពលរដ្ឋនៅតំបន់ហ្កាហ្សា។ លោក Wood បាននិយាយថា «ការពិតជាក់ស្តែងយ៉ាងដូចម្តេចនោះ គឺត្រូវបានបង្ហាញយ៉ាងច្បាស់»។
លោក Wood បានថ្លែងបន្តថា៖ «ក្រុមហ៊ូធីគឺជាក្រុមភេរវជនដែលចង់បង្វែរអារម្មណ៍ពីកំណត់ត្រានៃការបរាជ័យដ៏មហន្តរាយរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន។ ... ការឆ្លើយតបដ៏សមស្របតែមួយគត់គឺការថ្កោលទោសដល់ការវាយប្រហារទាំងនេះ ហើយទាមទារឱ្យពួកគេបញ្ឈប់ភ្លាមៗនិងដោយគ្មានលក្ខខណ្ឌ»។
លោក Wood បាននិយាយថា ក្នុងពេលឆាប់ៗនេះអាចដល់ពេលសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវធ្វើការពិចារណាក្នុងការចាត់វិធានការបន្ថែម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមហ៊ូធី។ លោក Wood បានប្រកាសថា «វាមានសារៈសំខាន់ដូចគ្នា ក្នុងនិយាយអំពីតួនាទីរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារទាំងនេះ និងការវាយប្រហារផ្សេងទៀត ហើយនឹងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ»។
លោក Wood បាននិយាយបន្តទៀតថា៖ «យើងទាំងអស់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ក្រុមហ៊ូធីត្រូវបានជួយយ៉ាងពេញលេញដោយអ៊ីរ៉ង់ ដើម្បីបាញ់កាំជ្រួចចម្ងាយឆ្ងាយ និងវាយប្រហារដ៏មរណៈទៅលើអ៊ីស្រាអែល និងប្រទេសដទៃទៀតនៅក្នុងតំបន់។ ជាការពិតណាស់ ការវាយតម្លៃដំបូងបង្ហាញថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលប្រើក្នុងការវាយប្រហារនៅថ្ងៃទី១៩ ខែកក្កដា ទៅលើទីក្រុង Tel Aviv គឺជាប្រភេទ UAV Samad-3 ផលិតដោយអ៊ីរ៉ង់។ គ្មានការបដិសេធឡើយថា ការផ្តល់អាវុធដ៏សាហាវរបស់អ៊ីរ៉ង់ទាំងនេះ និងអាវុធដ៏សាហាវផ្សេងទៀតដល់ក្រុមភេរវជនហ៊ូធី គឺជារំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ហើយជាពិសេសគឺរួមទាំងការហាមឃាត់អាវុធដែលបង្កើតឡើងដោយសេចក្តីសម្រេចលេខ២២១៦»។
លោក Wood បានថ្លែងបន្ថែមថា៖ «សមាជិកនៃក្រុមប្រឹក្សា [សន្តិសុខ] ណាក៏ដោយដែលរារាំងដល់ការឱ្យក្រុមហ៊ូធី និងអ៊ីរ៉ង់ទទួលខុសត្រូវ គឺមានន័យថាបានចូលដៃដើម្បីធ្វើឱ្យខូចដល់គុណតម្លៃនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានេះ»។
បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូធីទៅលើទីក្រុង Tel Aviv អ៊ីស្រាអែលបានវាយប្រហារទីតាំងជាច្រើនក្នុងទីក្រុងកំពង់ផែ Hudaydah របស់ប្រទេសយេម៉ែន។ លោក Wood បាននិយាយថា លទ្ធផលនៃការបំផ្លិចបំផ្លាញនេះ«គឺគ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់ដែលប្រទេសយេម៉ែនត្រូវទទួលរងដោយសារសកម្មភាពរបស់ក្រុមហ៊ូធីនិងប្រទេសអ៊ីរ៉ង់»។
លោក Wood បានថ្លែងបន្ថែមថា៖ «វាជារឿងចាំបាច់ណាស់ដែលពួកយើងទាំងអស់គ្នាធ្វើការដើម្បីកាត់បន្ថយភាពតានតឹង។ វិធីល្អបំផុតដើម្បីធ្វើរឿងនោះ គឺត្រូវធានាថា ក្រុមប្រឹក្សានេះរួមគ្នាដោយមានសំឡេងតែមួយដើម្បីថ្កោលទោសសកម្មភាពរបស់ក្រុមហ៊ូធី និងធ្វើឱ្យពួកគេទទួលខុសត្រូវ»៕