តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
នៅថ្ងៃទី៣១ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានគូសបញ្ជាក់អំពីសំណើដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ ដូចដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពណ៌នាថា «វាត្រូវបានចាក់ឫសនៅក្នុងគោលការណ៍ដ៏សំខាន់នៃការដោះលែងចំណាប់ខ្មាំងទាំងអស់ ការបង្កើនជំនួយទៅកាន់តំបន់ហ្កាហ្សា ការធានាសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ការផ្តល់មធ្យោបាយទៅកាន់ការបញ្ចប់សង្រ្គាមដ៏យូរអង្វែង និងចាប់ផ្តើមកសាងយ៉ាងខ្លាំងឡើងវិញសម្រាប់តំបន់ហ្កាហ្សា»។
ប្រទេសនីមួយៗនៅជុំវិញពិភពលោកដោយរួមទាំងប្រទេសអ៊ីស្រាអែលផងដែរបានគាំទ្រសំណើនេះ។ ក្រុមប្រទេសដូចជា G7 សម្ពន្ធអារ៉ាប់ អាជ្ញាធរប៉ាឡេស្ទីន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏គាំទ្រសំណើនេះដែរ។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានកត់សម្គាល់ថា សំណើនេះគឺស្ទើរតែដូចគ្នាទៅនឹងអ្វីដែលក្រុមហាម៉ាស់ខ្លួនឯងបានដាក់ស្នើកាលពីថ្ងៃទី ៦ ខែឧសភា។
លោក Blinken បានថ្លែងថា «វាជាកិច្ចព្រមព្រៀងមួយដែលអ៊ីស្រាអែលបានទទួលយក ហើយក្រុមហាម៉ាស់អាចឆ្លើយដោយពាក្យតែមួយម៉ាត់ថា យល់ព្រម។ ផ្ទុយទៅវិញ ក្រុមហាម៉ាស់បានរង់ចាំជិតពីរសប្តាហ៍ ហើយបន្ទាប់មកបានស្នើសុំការផ្លាស់ប្តូរបន្ថែមទៀត ដែលការផ្លាស់ប្តូរមួយចំនួននោះហួសពីជំហរដែលខ្លួនមាន និងទទួលយកកាលពីពេលមុន។ ជាលទ្ធផល សង្រ្គាមដែលក្រុមហាម៉ាស់បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ដោយការវាយប្រហារយ៉ាងព្រៃផ្សៃលើជនស៊ីវិលអ៊ីស្រាអែលនឹងបន្តទៅទៀត។ មនុស្សកាន់តែច្រើននឹងរងទុក្ខ។ ប្រជាពលរដ្ឋប៉ាឡេស្ទីនកាន់តែច្រើននឹងរងទុក្ខ។ ប្រជាពលរដ្ឋអ៊ីស្រាអែលកាន់តែច្រើននឹងរងទុក្ខ»។
លោក Blinken បានថ្លែងទៀតថា ការផ្លាស់ប្តូរខ្លះដែលស្នើឡើងដោយក្រុមហាម៉ាស់ទៅនឹងសំណើបច្ចុប្បន្នអាចដំណើរការបាន។ លោកបាននិយាយបន្ថែមថា ការផ្លាស់ប្តូរខ្លះទៀត គឺមិនអាចដំណើរការបានទេ។
លោក Blinken បានថ្លែងថា «នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងបន្តជំរុញជាបន្ទាន់មួយជាមួយដៃគូរបស់យើង គឺជាមួយប្រទេសកាតា ជាមួយអេហ្ស៊ីប ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងនេះ ពីព្រោះយើងដឹងថា វាជាផលប្រយោជន៍របស់អ៊ីស្រាអែល ប៉ាឡេស្ទីន តំបន់នេះ និងពិភពលោកទាំងមូល។ ហើយយើងទាំងអស់គ្នាយល់ស្របថា កិច្ចព្រមព្រៀងនេះត្រូវតែមានមូលដ្ឋានលើគោលការណ៍នៃសំណើបទឈប់បាញ់ដែលសហគមន៍អន្តរជាតិទាំងមូលគាំទ្រ»។
លោក Blinken បានថ្លែងបន្ថែមទៀតថា «យើងនឹងមើលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះថាតើចន្លោះប្រហោងដែលនាំឱ្យក្រុមហាម៉ាស់មិនទទួលយកសំណើ និងថាតើពួកគេអាចសម្របសម្រួលទទួលយកសំណើនោះបានដែរឬទេ។ នៅទីបំផុត ក្រុមហាម៉ាស់ត្រូវតែសម្រេចចិត្ត។ វាដល់ពេលដែលការជជែកគ្នាត្រូវបញ្ឈប់ ហើយបទឈប់បាញ់ត្រូវចាប់ផ្តើម។ វាជារឿងសាមញ្ញដូចច្នោះឯង»៕