Accessibility links

Breaking News

បទវិចារណកថា៖ នៅពេល​កំពុង​មាន​មហន្តរាយ​មនុស្សធម៌ ប្រទេស​អេត្យូពី បណ្តេញ​មន្ត្រី​អង្គការ​សហប្រជាជាតិ


រូបឯកសារ៖ ស្ត្រី​ជនជាតិ​អេត្យូពី​ម្នាក់ ឈ្លោះ​ជាមួយ​អ្នកដទៃ​ពាក់ព័ន្ធនឹង​ការបែងចែក​គ្រាប់សណ្តែក បន្ទាប់ពី​គ្រាប់សណ្តែក​ទាំងនោះ ត្រូវបាន​ចែកចាយ​ដោយ​សមាគម​សង្គ្រោះ Tigray នៅ​ទីក្រុង Agula ក្នុង​តំបន់ Tigray ភាគ​ខាងជើង​ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​ជនជាតិ​អេត្យូពី​ម្នាក់ ឈ្លោះ​ជាមួយ​អ្នកដទៃ​ពាក់ព័ន្ធនឹង​ការបែងចែក​គ្រាប់សណ្តែក បន្ទាប់ពី​គ្រាប់សណ្តែក​ទាំងនោះ ត្រូវបាន​ចែកចាយ​ដោយ​សមាគម​សង្គ្រោះ Tigray នៅ​ទីក្រុង Agula ក្នុង​តំបន់ Tigray ភាគ​ខាងជើង​ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

តំបន់ Tigray នៃ​ប្រទេសអេត្យូពី​ ​តំបន់ Afar និង​ Amhara ដែល​នៅ​ជិត​ខាង កំពុង​មាន​មហន្តរាយ​មនុស្សធម៌​ដែល​ជា​លទ្ធផល​នៃ​ការ​ប្រយុទ្ធ​គ្នាជាង១០ខែ​មក​ហើយ​រវាងក្រុមជន​សកម្មប្រយុទ្ធ​គាំទ្ររណសិរ្ស​រំដោះ​ប្រជារាស្ត្រ​ Tigray និង​កងកម្លាំង​កាពារជាតិអេត្យូពី។

សព្វថ្ងៃ​នេះ​ មនុស្ស​ប្រមាណ ៤សែននាក់​ កំពុងប្រឈម​នឹងទុរភិក្ស​ ចំណែកឯ​មនុស្ស​ជាង ​៤លាននាក់​ទៀត​ កំពុង​ជួប​ប្រទះ​អសន្តិសុខ​ស្បៀង​យ៉ាង​ធ្ងន់ធ្ងរ។ តែ​នៅ​ពេល​ជា​មួយ​គ្នា​នេះ ​រដ្ឋាភិបាល​អេត្យូពី​បង្កើត​ឱ្យ​មាន​ឧបសគ្គដល់​ការ​ផ្តល់ជំនួយ​ស្រោចស្រង់​ជីវិតមនុស្ស។ អង្គការ​សហប្រជាជាតិ​ឲ្យដឹងថា រដ្ឋាភិបាល​អេត្យូពី​អនុញ្ញាតឱ្យ​មានការ​ចែកចាយ​ស្បៀង​ដែល​ត្រូវការសម្រាប់​ឱ្យ​ប្រជារាស្ត្រ​អេត្យូពី​រស់រាន​មានជីវិត​បាន​ត្រឹមតែ​ប្រមាណ​១០ភាគរយ​ប៉ុណ្ណោះ។

រដ្ឋាភិបាលអេត្យូពី​ធ្វើ​ឱ្យ​បញ្ហាទាំង​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ដោយបាន​បណ្តេញ​មន្ត្រី​អង្គការ​សហប្រជាជាតិ​៧នាក់​ចេញពី​ប្រទេសដោយ​ចោទប្រកាន់ពួក​គេ​ថា បាន​ជ្រៀតជ្រែក​ក្នុងកិច្ចការ​ផ្ទៃក្នុងនៃប្រទេស​អេត្យូពី។ មន្ត្រី​ទាំង​នេះ​មានរួម​បញ្ចូល​បណ្តា​ប្រធាននៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​ចែកចាយ​ជំនួយ​ស្រោចស្រង់​ជីវិតក្នុង​ប្រទេស​អេត្យូពី ​និង​កំពុង​ធ្វើ​ឱ្យ​គេដឹងឮ​អំពីវិបត្តិមនុស្សធម៌​ជាបន្ទាន់ ព្រមទាំងមន្ត្រី​ជាន់​ខ្ពស់ម្នាក់នៃ​ការិយាល័យឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​រឿង​សិទ្ធិមនុស្សដែលបានបង្ហាញ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស។

អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​សេតវិមានបាននិយាយ​ថា «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ថ្កោលទោសខ្លាំង​បំផុតដល់​សកម្ម​ភាព​មិនធ្លាប់​មាន​ពីមុន​របស់​រដ្ឋាភិបាល​អេត្យូពី​ក្នុង​ការបណ្តេញ​មេដឹកនាំ​នៃអង្គការ​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិដែល​ទាក់​ទិន​នឹង​កិច្ចប្រតិបត្តិការ​មនុស្ស​ធម៌​ដែល​កំពុង​បន្ត​ដំណើរ។ យើងយល់​ស្របជាមួយ​បណ្តា​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ដែលថា ​នេះ​ ជាការ​សៅហ្មង​មួយ​នៅ​ក្នុង​សតិសម្បជញ្ញៈ​រួម​របស់យើង​ ហើយ​ត្រូវ​តែ​បញ្ឈប់»។

អ្នកស្រី​ Jen Psaki បាន​និយាយថា៖ «សកម្មភាព​នេះ​ មានឡើង​ក្រោយការ​ចេញ​ផ្សាយរបាយការណ៍​ព្រមាន​ថា មនុស្ស​រាប់សែន​នាក់​កំពុងជួបប្រទះទុរភិក្ស​រហូត​ដល់​ស្លាប់ក្នុង​ផ្នែក​ខាងជើងប្រទេស​អេត្យូពី។​ យើង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ថា ​សកម្មភាព​នេះ ជា​ការ​បន្តការ​រារាំង​ដោយរដ្ឋាភិបាល​អេត្យូពី ចំពោះ​ការ​ផ្តល់ស្បៀង​អាហារ​ ថ្នាំ​ពេទ្យ​ និងការ​ផ្គត់ផ្គង់​ជួយ​ជីវិត​មនុស្ស​ឯ​ទៀត​ដល់ក្រុម​ជន​ដែល​មាន​សេចក្តីត្រូវ​ការខ្លាំង»។

អ្នកនាំពាក្យ អ្នកស្រី​ Psaki បានថ្លែងថា «កាល​ពី​ដើម​ខែ​នេះ លោកប្រធានាធិបតី Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជានីតិ​ប្រតិបត្តិមួយ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្មហិរញ្ញវត្ថុ​លើ​ក្រុម​ជន​ទាំង​ឡាយ​ណា​ដែលបន្ត​ជម្លោះ​ក្នុងប៉ែក​ខាងជើង​នៃប្រទេស​អេត្យូពី»។

អ្នក​ស្រី Psaki បាន​ពោល​ថា៖ «យើង​នឹងមិន​រារែក​ទេក្នុង​ការ​ប្រើវិធីនេះ ឬ​វិធីឯ​ទៀត​ដែលយើង​មាន​ដើម្បី​ឆ្លើយ​តប​យ៉ាង​រហ័សនិង​ដាច់ណាត់​លើ​ជន​ទាំង​ឡាយណាដែលបង្អាក់ជំនួយមនុស្សធម៌​សម្រាប់​ប្រជារាស្ត្រ​អេត្យូពី»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក​ Antony Blinken បាន​មានប្រសាសន៍ថា៖ «យើង​អំពាវនាវ​ដល់សហគមន៍​អន្តរជាតិឱ្យ​ប្រើវិធី​សមស្រប​ដើម្បី​ដាក់​សម្ពាធលើ​រដ្ឋាភិបាលអេត្យូពី និង​ពួកតួអង្គឯ​ទៀតៗ​ដែល​បង្អាក់​ការ​ផ្តល់ជំនួយមនុស្សធម៌»។

លោក​ Blinken បាន​មានប្រសាសន៍​ទៀត​ថា៖ «យើង​សុំ​ដល់រដ្ឋាភិបាល​អេត្យូពីឱ្យ​ធ្វើកិច្ចសហប្រតិបត្តិការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ និង​ដៃគូអន្តរជាតិ​ទាំងឡាយ​ដើម្បីអនុញ្ញាត​និង​សម្រួល​ដល់ការ​ផ្តល់ដោយ​សុវត្ថិភាព និង​គ្មាន​បង្អាក់​នូវជំនួយ​មនុស្សធម៌ដល់​ជនទាំង​អស់​ដែលត្រូវការជំនួយទាំង​នេះ»៕

XS
SM
MD
LG