Accessibility links

Breaking News

បទវិចារណកថា៖ ផលវិបាក ឬ​ឱកាស​មួយ​សម្រាប់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទាក់ទិន​នឹង​បញ្ហា​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping តាម​វីដេអូ​អនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping តាម​វីដេអូ​អនឡាញ​ពី​សេតវិមាន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ការ​សន្ទនា​តាមទូរសព្ទ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​លោក​ប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នៃសាធារណរដ្ឋប្រជាមានិត​ចិន ការសន្ទនា​គ្នា​នោះ ​បានផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​ការ​ចូល​លុកលុយ​ដោយ​គ្មានការ​បង្ក​រឿងរបស់ Putin ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​ប្រធានាធិបតី​ Biden បានបង្ហាញកិច្ចប្រឹងប្រែង​របស់សហរដ្ឋ​អាមេរិក​និងពួក​សម្ព័ន្ធមិត្ត​ខ្លួនក្នុង​ការ​បញ្ចៀស​និង​បន្ទាប់​មកឆ្លើយ​តប​នឹងសង្គ្រាម​របស់​រុស្ស៊ីប្រឆាំង​នឹងអ៊ុយក្រែន ដោយ​មាន​រួម​បញ្ចូលការ​ដាក់វិធានការ​ឱ្យ​មាន​ការ​បង់ខាតលើរុស្ស៊ីផង​ដែរ។​ សេតវិមានបាន​និយាយ​ថា ​លោក​ប្រធានាធិបតី Biden «បានពណ៌នាអំពី​ផល​ប៉ះពាល់​និង​ផលវិបាក​ ប្រសិន​បើ​ចិន​ផ្តល់​ការ​គាំទ្រ​ខាង​សម្ភារៈ​ដល់​រុស្ស៊ី ខណៈ​ដែលប្រទេស​នេះធ្វើ​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅលើ​ទីក្រុង​និង​ក្រុម​ជន​ស៊ីវិល​អ៊ុយក្រែន»។

កាលពី​ពេល​ថ្មីៗ​នេះ សាធារណរដ្ឋប្រជាមានិត​ចិន​ និង​ប្រទេស​រុស្ស៊ីកាន់​តែ​ជិត​ស្និទ្ធនឹង​គ្នាជាង​មុន។ កាលពី​ខែ​កុម្ភៈ មេដឹកនាំ​នៃ​ប្រទេសទាំង​ពីរនេះ​បានចុះ​ហត្ថលេខាលើ​សេចក្តី​ថ្លែងការណ៍រួម​គ្នា​មួយដោយ​ប្រកាសទំនាក់ទំនងរ​វាង​ប្រទេស​ទាំង​ពីរថា​ជា​ភាព​ជាដៃគូមួយ​ដែល​«គ្មាន​កម្រិត»។ សាធារណរដ្ឋប្រជាមានិត​ចិន មិន​បាន​ថ្កោលទោស​ការ​លុកលុយ​របស់​រុស្ស៊ី​លើអ៊ុយក្រែន ការសម្លាប់​និងការ​ខ្ចាត់ព្រាត់​របស់​ជន​ស៊ីវិលស្លូតត្រង់​និង​ការ​បំផ្លាញ​ទីក្រុង​នានា​នៃ​ប្រទេស​នេះ​ទេ។ ពួក​មន្ត្រីរបស់​រដ្ឋបាល​លោក​ Biden បាន​សម្តែង​កង្វល់​ថា​សាធារណរដ្ឋប្រជាមានិត​ចិន ​ប្រហែលពិចារណាជួយ​ផ្តល់​ឧបករណ៍​យោធា​និង​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ចដែល​អាចអនុញ្ញាត​ឱ្យ​រុស្ស៊ីសម្រាល​ផល​ប៉ះពាល់ដោយ​សារ​ការដាក់ទណ្ឌកម្ម​ដោយ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ជា​ការ​ឆ្លើយ​តប​នឹងអំពើ​ឈ្លាន​ពាន​របស់​ខ្លួន។

នៅក្រោយ​ការ​និយាយទូរសព្ទ​នោះ​មក លោកស្រី​ Jens Psaki អ្នកនាំពាក្យ​សេតវិមានបាននិយាយថា​ លោក​ប្រធានាធិបតី Biden ពេញ​ចិត្ត​ថា​លោក​បាន​និយាយ​ច្បាស់លាស់ប្រាប់​ប្រធានាធិបតី Xi អំពី​ផល​វិបាកសម្រាប់​សាធារណរដ្ឋប្រជាមានិត​ចិន ប្រសិន​បើ​ប្រទេស​នេះជួយដល់​កិច្ចប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​លោក Putin ហើយ​លោក​ស្រី​បាន​កត់ស​ម្គាល់​ថា ខ្សែ​គមនាគមន៍​រវាង​សហរដ្ឋ​អាមេរិកនិង​សាធារណរដ្ឋប្រជាមានិត​ចិន នៅតែ​បើក​ចំហ។ ​លោកស្រី​បានថ្លែង​ថានៅពេល​នេះ​ថា៖​ «ប្រធានាធិបតី Xi ត្រូវ​តែ​សម្រេចអំពីអ្វីដែល​លោក​នឹងធ្វើ​អំពី​បញ្ហា​នេះ»។

លោក​ Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកបានគូស​បញ្ជាក់​ថា ​ជា​ការ​ទទួល​ខុសត្រូវ​របស់ប្រទេស​ទាំង​អស់ក្នុង​ការ​និយាយ​ឱ្យ​បាន​ច្បាស់លាស់​អំពីគោលជំហរ​ខ្លួន​ចំពោះ​ការ​លុកលុយ​ដោយ​គ្មានការ​បង្ករឿងនិង​មិនត្រឹមត្រូវរបស់​រុស្ស៊ីចូល​អ៊ុយក្រែន។ លោក​បាន​និយាយថា ដោយសារទំនាក់ទំង​របស់​ខ្លួនជា​មួយ​រុស្ស៊ី សាធារណរដ្ឋប្រជាមានិត​ចិន «អាច​ជួយ​បញ្ចប់​អំពើ​ហិង្សា​នេះ ការបង្ហូរ​ឈាម​នេះ ការ​បំផ្លិចបំផ្លាញ​នេះ​និង​សង្គ្រាម​នេះ​បាន។ តែ​យើង​មិន​ទាន់​ឃើញ​ការណ៍​នេះ​នៅ​ឡើយទេ»។

អ្នកនាំពាក្យ​លោក Price បានកត់​សម្គាល់​ថា​ ជា​ច្រើន​ឆ្នាំមក​ហើយ ​ប្រទេសចិន​បានគូស​បញ្ជាក់អំពី​សារៈសំខាន់​នៃ​អធិបតេយ្យភាព​របស់​រដ្ឋទាំង​អស់។ ​លោកបានប្រកាស​ថា​នៅ​ពេល​អធិបតេយ្យភាព​រង​ការ​វាយ​ប្រហារ​«ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោកមាន​ឱកាស​បង្ហាញថា​ ពួក​គេ​នឹង​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​និយាយ។ ប្រសិន​បើសាធារណរដ្ឋប្រជាមានិត​ចិន ចង់​បង្ហាញ​ដល់ពិភពលោក​ថា​ខ្លួន​ធ្វើ​តាមអ្វី​ដែល​ខ្លួនបាននិយាយ​ ថា​ខ្លួន​ឈរ​ពី​ក្រោយគោលការណ៍​ដែល​ខ្លួន​បាន​អះអាងថា​ឈរ​ពី​ក្រោយជា​ច្រើន​ឆ្នាំនិង​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ នៅ​ពេល​នេះគឺ​ជា​ឱកាស​មួយសម្រាង់​ឱ្យ​ចិន​បង្ហាញដូច្នេះ»៕

XS
SM
MD
LG